ប្រែសម្រួលៈបំណង(អេសៀវ័ន)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃចន្ទទី៨ឧសភាថា វៀតណាមកំពុងត្រៀមបង្កើតច្បាប់មួយសំរាប់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងក្នុងនិងក្រៅស្រុកបញ្ជាក់អត្តសញ្ណាណរបស់គេក្នុងបំណងទប់ស្កាត់ការរិះគន់និងការបង្ហោះរឿងមិនល្អតាមបណ្តាញផ្សព្វផ្សាយអនឡាញ។
វិធានការនេះជាផ្នែកនៃវិសោធនកម្មច្បាប់ទូរគមនាគមន៍ ដែលនឹងត្រូវចេញនៅយ៉ាងយូរត្រឹមចុងឆ្នាំនេះ។វានឹងអនុញ្ញាតអោយបណ្តាទីភ្នាក់ងារអនុវត្តច្បាប់តាមចាប់ជនល្មើសណាដែលប្រើសារព័ត៌មានបណ្តាញសង្គមដើម្បីរំលោភច្បាប់ នេះបើតាមការផ្សាយរបស់កាសែតសម្លេងវៀតណាម(VOV)របស់រដ្ឋវៀតណាម។
VOVបាននិយាយយោងតាមអនុរដ្ឋមន្ត្រីព័ត៌មាន ង្វៀន ថាញ់ ឡាំ(Nguyen Thanh Lam)ដែលបាននិយាយថា «មានពេលជាច្រើនលើកដែលអាជ្ញាធរអាចស្គាល់អ្នកគ្រប់គ្រងគណនីក្នុងបណ្តាញសង្គមដែលបានរំលោភច្បាប់ តែមិនអាចតាមចាប់ពួកគេដោយសារឧក្រិដ្ឋជនទាំងនោះប្រើកម្មវិធី(app)ឆ្លងកាត់ព្រំដែន»។
«គណនីមិនស្គាល់អត្តសញ្ញាណ មិនថាវេទិកានៅក្នុងនិងនៅក្រៅប្រទេសដូចជា Facebook, TikTok, YouTubeទេ នឹងត្រូវដោះស្រាយ»ជាមួយនឹងច្បាប់ថ្មីនេះ។
យោងតាមរបាយការណ៍ ទាំងបុគ្គលនិងអ្នកប្រើបណ្តាញសង្គមបែបជាអង្គការ នឹងស្ថិតនៅក្រោមវិធានការថ្មីនេះ ទោះជាយ៉ាងណា ម្ចាស់ក្រុមហ៊ុនបណ្តាញសង្គមមួយចំនួនមិនបានផ្តល់ការបញ្ជាក់អត្តសញ្ញាណនៅវៀតណាមនៅឡើយទេហើយច្បាប់នេះក៏ទាមទារការអនុម័តពីសភាផងដែរ។
នៅប៉ុន្មានឆ្នាំមកនេះវៀតណាម បានចេញច្បាប់និងបទបញ្ជាជាច្រើនរួមទាំងច្បាប់សន្តិសុខអ៊ីណធឺណិតមួយផង ដែលផ្តោតលើវេទិកាបណ្តាញសង្គមបរទេសក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ហើយបង្ខំអោយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាបរទេសបង្កើតការិយាល័យតំណាងនៅវៀតណាម ព្រមទាំងស្តុកទុកទិន្នន័យនៅក្នុងប្រទេសខ្លួនទៀតផង៕