ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ចិនគឺជាដែនដីសម្រាប់សង្គ្រាមតម្លៃរថយន្តអគ្គិសនី ហើយសមរភូមិនេះកំពុងបង្វែរទៅរករថយន្តអគ្គិសនីប្រភេទ SUV ដែលជាចំណែកធំបំផុតនៃទីផ្សារដែលគ្រប់គ្រងដោយក្រុមហ៊ុន Tesla Inc និង BYD ។
អ្នកវិភាគនិងនាយកប្រតិបត្តិបាននិយាយថា ទីផ្សារ ដែលណែនទៅដោយរថយន្តជាង ៩០ ម៉ូដែល ហៀបនឹងកាន់តែតឹងតែងជាងនេះ ជាមួយនឹងម៉ូដែលថ្មីយ៉ាងហោចណាស់ ២០ នៃម៉ាកយីរបស់ហោចិននិងម៉ាកយីហោបរទេសបានដាក់លក់ក្នុងខែមេសា ដោយធ្វើឱ្យតម្លៃកាន់តែរួមតូចនិងការប្រជែងកាន់តែតឹងក្នុងស្រុក និង ជំរុញឱ្យមានការនាំចេញ។
ក្រុមអ្នកវិភាគបាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត EV នៅក្នុងប្រទេសចិនបានតាមដានការបញ្ចុះតម្លៃយ៉ាងក្លាហានរបស់ក្រុមហ៊ុន Tesla ក្រោយបានបញ្ចុះតម្លៃយ៉ាងខ្លាំងសម្រាប់រថយន្តអគ្គិសនី SUV របស់ពួកគេ ដោយធ្វើឱ្យការលក់រថយន្តម៉ាស៊ីនចំហេះឥន្ធនៈ (ICE) ធ្លាក់ចុះ ខណៈគម្លាតតម្លៃរវាងបច្ចេកវិជ្ជាទាំងពីរកាន់តែរួមតូច។
និន្នាការនេះនឹងរីករាលដាលទៅក្រៅប្រទេស ជាមួយនឹងការកើនឡើងនៃការនាំចេញរថយន្តអគ្គិសនី SUV ដែលផលិតនៅប្រទេសចិន។
លោក ទូ ឡេ (Tu Le) ស្ថាបនិកក្រុមហ៊ុនប្រឹក្សា Sino Auto Insights ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា “យើងនឹងឃើញការនាំចេញរបស់ចិនច្រើនឡើង ដោយសារតែទីផ្សារមានការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសចិន។ វាពិតណាស់នឹងក្លាយជាឧបករណ៍ការពារសុវត្ថិភាពមួយ”។
ទីផ្សារសម្រាប់រថយន្ត SUV បានរីកដុះដាលខ្លាំងនៅក្នុងប្រទេសចិនក្នុងមួយទសវត្សរ៍កន្លងមកនេះ ហើយឥឡូវនេះតំណាងឱ្យស្ទើរតែ ៤០ ភាគរយនៃរថយន្តទាំងអស់ដែលបានលក់ ក្នុងនោះមានរថយន្តប្រភេទ SUV ចំនួន ៤០០ ម៉ូដែលជាប្រភេទចំហេះឥន្ធនៈសុទ្ធ។
រថយន្តប្រភេទ SUV ផលិតនៅចិនសឹងតែទាំងអស់ត្រូវបានលក់ក្នុងឆ្នាំ ២០២២ លើសប្រភេទរថយន្តណាៗទាំងអស់ដែលបានលក់នៅអឺរ៉ុបកាលពីឆ្នាំមុន ឬ ជាង ១១ លានគ្រឿង។
ភាពពេញនិយមនៃរថយន្តអគ្គិសនី SUV បានផ្ទុះឡើងចាប់តាំងពីក្រុមហ៊ុន Tesla បានចែកចាយរថយន្ត Model Y ផលិតក្នុងស្រុករបស់ខ្លួនកាលពីពីរឆ្នាំមុននៅក្នុងប្រទេសចិន ដោយធ្វើឱ្យវាក្លាយជាផ្នែកមួយដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។
ទាំងម៉ាកយីហោក្នុងស្រុកនិងបរទេសត្រូវបានបង្ហាញក្នុងចំណោមរថយន្តម៉ូដែលថ្មីៗដែលបានដាក់បង្ហាញក្នុងកម្មវិធីពិព័រណ៍រថយន្តសៀងហៃក្នុងខែមេសា។
ក្រុមហ៊ុនផលិតរថយន្តចាស់វស្សាដូចជា Volkswagen, BMW និង Toyota កំពុងពឹងផ្អែកលើរថយន្តអគ្គិសនី SUV ថ្មី ដើម្បីជំរុញការលក់នៅប្រទេសចិន។
ក្រុមហ៊ុនផលិតរថយន្តផលិតក្នុងប្រទេសចិនគឺ Xpeng និង Nio មានរថយន្តប្រភេទ SUV ចំនួន ៦ ម៉ូដែល ហើយក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធរបស់រដ្ឋចិន ដូចជា Aion របស់ GAC ជាដើមក៏កំពុងជំរុញការផលិតរថយន្តអគ្គិសនី SUV ផងដែរ។
ពួកវានឹងប្រកួតប្រជែងជាមួយនឹងរថយន្តអគ្គិសនី SUV ដែលមានស្រាប់ចំនួន ៩៣ ម៉ូដែលនៅក្នុងទីផ្សារដែលលក់បាន ១,៥ លានគ្រឿងក្នុងឆ្នាំ ២០២២ ដោយក្រុមហ៊ុនម៉ាកយីហោលំដាប់កំពូលទាំង ១០ លក់បានចំនួន ៨៤ ភាគរយ នេះបើយោងតាមការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រលើទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM)។
មានរថយន្តអគ្គិសនី SUV ចំនួន ៧៦ គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ ២០២០ មុនពេល Tesla ចាប់ផ្តើមផលិត Model Y ក្នុងប្រទេសចិន ជាមួយនឹងការលក់ប្រចាំឆ្នាំជាមធ្យមមានត្រឹមតែ ៣.០០០ គ្រឿងប៉ុណ្ណោះ។
ត្បិតមានការឡើងថ្លៃតិចតួចក៏ពិតមែន ក៏ប៉ុន្តែរថយន្ត Model Y របស់ក្រុមហ៊ុន Tesla នៅតែមានតម្លៃថោកជាង ២០ ភាគរយនៅក្នុងប្រទេសចិនធៀបនឹងដើមខែតុលា នៅពេលដែលក្រុមហ៊ុនផលិតរថយន្តរបស់អាម៉េរិកស្តុកទុករថយន្តលើសចំណុះក្នុងឃ្លាំង៕
ក្រុមហ៊ុនច្រើនឡើងនៅចិនកំពុងប្រជែងគ្នាផលិតរថយន្តអគ្គិសនី SUV