​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ កីឡាករ​បាល់ទាត់​អា​ហ្សង់​ទីន និង Paris Saint-Germain លី​អូ​នែ​ល ម៉េស​ស៊ី បាន​បន្ថែម​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ចំនួន​ពីរ​ទៀត​ទៅ​ក្នុង​បញ្ជី​សមិទ្ធិផល​ដ៏​អស្ចារ្យ​រួចជាស្រេច​របស់គាត់ ដោយ​បាន​ឈ្នះ​ពាន Laureus World Sportsman និង World Team of the Year នៅក្នុង​ពិធី​ដ៏​ធំ​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​ឧសភា​។​

​កីឡាករ​ជើងចាស់​អាយុ ៣៥ ឆ្នាំ ដែល​បាន​ដឹកនាំ​អា​ហ្សង់​ទីន​ឈ្នះ​ពានរង្វាន់ World Cup កាលពី​ឆ្នាំមុន​នៅ​ប្រទេស​កាតា បាន​ក្លាយជា​អត្ត​ព​លិកដំបូង​គេ​មិន​ធ្លាប់​មាន​ពីមុនមក​ដែល​ឈ្នះ​ពានរង្វាន់​ទាំងពីរ​នេះ​ក្នុង​ឆ្នាំ​តែ​មួយ​។​

​អ្នកជិះ​ស្គី​សេរី​ជនជាតិ​ចិន នាង គូ អៃ​លីង (Gu Ailing) ដែល​ជា​ម្ចាស់​ជ័យលាភី​មេដាយមាស​ពីរ​ជំនាន់​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ឆ្នាំមុន បានឈ្នះ​ពានរង្វាន់ Action Sportsperson of Year​។​

​ម៉េស​ស៊ី ដែល​បាន​ចែករំលែក​ពាន Laureus World Sportsman ជាមួយ​ល្វីស ហា​មី​ល​តុ​ន (Lewis Hamilton) ក្នុង​ឆ្នាំ​២០២០ បាន​ផ្តួល​បេក្ខជន​ផ្សេងទៀត រួមមាន ម្ចាស់​ជ័យលាភី​តេ​ន្នី​ស Grand Slam ២១ សម័យ រ៉ា​ហ្វា​អែល ណា​ដាល់ (Rafael Nadal) ម្ចាស់​ជើងឯក​ពិភពលោក Formula One បច្ចុប្បន្ន ម៉ាក់ វើ​ស្តាប​ភិន (Max Verstappen) ម្ចាស់​កំណត់ត្រា​ពិភពលោក​ខាង​លោត​ដោល​កម្ពស់ ម៉ុន​ដូ ឌូ​ផ្លា​នទីស (Mondo Duplantis) កីឡាករ​បាល់បោះ ស្តេ​ហ្វិន ឃើ​រី (Stephen Curry) និង​កីឡាករ​អន្តរជាតិ​បាល់ទាត់​បារាំង ខាយ​លៀន អិ​មបា​ប៉េ (Kylian Mbappe) ដើម្បី​ឈ្នះ​ពានរង្វាន់​នេះ​ជា​លើក​ទី​ពីរ​។​

​ម៉េស​ស៊ីបា​ននិយាយថា “​វា​ជា​កិត្តិយស​ណាស់ ជាពិសេស​ដោយ​សារពាន Laureus World Sports Awards ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​នេះ​ក្នុង​ទីក្រុង​ប៉ារីស ជា​ទីក្រុង​ដែល​ស្វាគមន៍​ខ្ញុំ និង​ក្រុមគ្រួសារ​របស់​ខ្ញុំ​។ ខ្ញុំ​សូម​អរគុណ​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​ទាំងអស់ មិន​ត្រឹមតែ​ក្រុម​ជម្រើសជាតិ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ក្រុម PSG ផងដែរ​។ ខ្ញុំ​មិន​បាន​សម្រេច​អ្វី​តែម្នាក់ឯង​ទេ ហើយ​ខ្ញុំ​ពិតជា​អរគុណ​ដែល​អាច​ចែករំលែក​ពាន​ទាំងអស់​នេះ​ជាមួយ​ពួកគេ​”​។​

​ម៉េស​ស៊ី​ស៊ុត​បញ្ចូល​ទីបាន ៧ គ្រាប់ ក្នុងនោះ​មាន​២​គ្រាប់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​បានឈ្នះ​ពាន​បាល់​មាស​នៅ​ប្រទេស​កាតា​កាលពី​ខែ​ធ្នូ​ឆ្នាំមុន នៅពេល​ដែល​គាត់​បាន​ដឹកនាំ​ក្រុម​អា​ហ្សង់​ទីន​ឈ្នះ​ពាន World Cup ជា​លើក​ទី​បី​។ ក្រុមបាល់ទាត់​បុរស​អា​ហ្សង់​ទីន​ត្រូវបាន​ផ្តល់ជូន​នូវ​ពានរង្វាន់ World Team of the Year​។​

​ក្រៅពីនេះ កីឡាករ​វាយ​តេ​ន្នី​ស​អេ​ស្ប៉ាញ កា​ឡូ​ស អាល់​កា​រ៉ា​ស (Carlos Alcaraz) បានឈ្នះ​ពាន Laureus World Breakthrough of the Year កីឡាការិនី​ជិះ​ស្គី​សេរី​របស់​ចិន នាង គូ អៃ​លីង ឈ្នះ​ពាន Laureus World Action Sportsperson និង កីឡាការិនី​រត់ប្រណាំង​ចា​ម៉ៃ​កា នាង ស៊ែ​ល​លី​-​អាន ហ្វ្រា​សឺ​-​ព្រី​ស (Shelly-Ann Fraser-Pryce) ឈ្នះ​ពាន Laureus World Breakthrough of the Year ក្នុង​ពិធី​ប្រគល់​ពាន Laureus ក្នុង​ទីក្រុង​ប៉ារីស​កាលពី​យប់​ថ្ងៃ​ចន្ទ​៕

​ម៉េស​ស៊ី​និងអ្នកកីឡាពិភពលោកដៃទៀតឈ្នះ​ពា​ន Laureus World Sportsman និង World Team of the Year កាលពី​យប់​ថ្ងៃ​ចន្ទ