ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីបានព្រមានកាលពីថ្ងៃអង្គារទី៩ឧសភាថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងស្ថិតនៅ “ផ្លូវបំបែក” ខណៈការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាកំពុងលេចស្រមោលស្ទង់លើកិច្ចប្រជុំកំពូលក្នុងតំបន់។
ជំនួបកំពូលអាស៊ានលើកទី៤២បានចាប់ផ្តើមកាលពីថ្ងៃ៨ឧសភានៅឥណ្ឌូនេស៊ី ជាមួយនឹងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន
មីយ៉ាន់ម៉ាបានរងការញាំញីដោយអំពើហិង្សាដ៏ប្រល័យ ចាប់តាំងពីរដ្ឋប្រហារយោធាបានទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីជាងពីរឆ្នាំមុននិងបានបើកការបង្ក្រាបយ៉ាងបង្ហូរឈាមលើអ្នកប្រឆាំង។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលរងការរិះគន់ជាយូរមកហើយថាជាអង្គការគ្មានធ្មេញ បានដឹកនាំការប៉ុនប៉ងខាងការទូតជាច្រើនលើកដើម្បីដោះស្រាយវិបត្តិនេះ។ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនោះមិនទទួលបានផ្លែផ្កាទេ ខណៈរបបយោធាមិនអើពើនឹងការរិះគន់ពីអន្តរជាតិ ហើយបដិសេធមិនចូលរួមជាមួយគូប្រជែងរបស់ខ្លួន ដែលរួមមាន សមាជិកសភាដែលត្រូវបានបណ្តេញចេញ “កងកម្លាំងការពារប្រជាជន” ដែលប្រឆាំងរដ្ឋប្រហារ និង ក្រុមប្រដាប់អាវុធជនជាតិភាគតិច។
ការវាយប្រហារតាមអាកាសលើភូមិមួយនៅក្នុងបន្ទាយរឹងមាំរបស់ពួកឧទ្ទាមកាលពីខែមុន បានសម្លាប់មនុស្សប្រហែល ១៧០ នាក់និងបានបង្កឱ្យមានការថ្កោលទោសជាសកលនិងធ្វើឱ្យភាពឯកោរបស់របបយោធាកាន់តែអាក្រក់ទៅៗ។វាក៏ជំរុញឱ្យអាស៊ានចាត់វិធានការតឹងរ៉ឹងជាងមុនផងដែរដើម្បីបញ្ចប់អំពើហិង្សាឬមិនអ៊ីចឹងមីយ៉ាន់ម៉ានឹងត្រូវប្រឈមមុខនឹងការស្ថិតនៅក្រៅប្លុកអាស៊ានកាន់តែច្រើនឡើង។
លោក ម៉ាហ្វូដ អឹមឌី (Mahfud MD) រដ្ឋមន្ត្រីសម្របសម្រួលរបស់ឥណ្ឌូនេស៊ីទទួលបន្ទុកនយោបាយ ច្បាប់ និងសន្តិសុខបានព្រមានកាលពីថ្ងៃអង្គារថា “អាស៊ានបានមកដល់ផ្លូវបំបែក”។
ដោយយោងលើច្បាប់ចម្លងនៃការកត់សម្គាល់របស់គាត់ដែលរាយនាមមីយ៉ាន់ម៉ាក្នុងចំណោមបញ្ជីគ្រាអាសន្នដែលប្លុកនេះកំពុងប្រឈមមុខ លោកបាននិយាយថា”វិបត្តិមួយហើយមួយទៀតកំពុងសាកល្បងកម្លាំងរបស់យើងក្នុងនាមជាសហគមន៍មួយ។ ហើយបរាជ័យក្នុងការដោះស្រាយពួកវានឹងប្រថុយបង្កគ្រោះថ្នាក់ដល់ភាពពាក់ព័ន្ធរបស់យើង”។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារតាមអាកាសកាលពីខែមុននៅតំបន់សាង៉ែង (Sagaing) ភាគកណ្តាលគឺទំនងជា “ឧក្រិដ្ឋកម្មសង្គ្រាម”ហើយបានជំរុញឱ្យអាស៊ាន “ផ្តល់សញ្ញាគាំទ្ររបស់ខ្លួនចំពោះវិធានការខ្លាំងក្លាជាងមុន ដើម្បីកាត់ផ្តាច់លំហូរសាច់ប្រាក់របស់យោធា និងជំរុញរបបយោធាឱ្យធ្វើកំណែទម្រង់”។
សម្ពាធលើប្លុកក្នុងតំបន់នេះបានកើនឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្បួនរថយន្តដឹកអ្នកការទូតនិងមន្ត្រីសម្របសម្រួលជំនួយមនុស្សធម៌អាស៊ានក្នុងប្រទេសមីយ៉ាន់ម៉ាបានរងការបាញ់ប្រហារ។
ព័ត៌មានលម្អិតតិចតួចណាស់ត្រូវបានចេញផ្សាយអំពីការបាញ់ប្រហារនៅរដ្ឋសានភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែអ្នកការទូតបរទេសនៅទីក្រុងរង់ហ្គោន បាននិយាយថាអ្នកការទូតមកពីស្ថានទូតឥណ្ឌូនេស៊ីនិងសិង្ហបុរីស្ថិតនៅក្នុងក្រុមនោះ។
សិង្ហបុរីបានបញ្ជាក់ថាបុគ្គលិកពីរនាក់មកពីស្ថានទូតរបស់ខ្លួនក្នុងទីក្រុងរង់ហ្គោនបានស្ថិតក្នុងក្បួនរថយន្តនោះប៉ុន្តែមិនមានរបួសទេ។
ក្រសួងការបរទេសរបស់ខ្លួនបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា “សិង្ហបុរីថ្កោលទោសការវាយប្រហារនេះ”។
ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ មិនទាន់និយាយថាតើមន្ត្រីការទូតរបស់ខ្លួនបានស្ថិតនៅក្នុងរថយន្តឬអត់ទេ៕
មនុស្សប្រមាណមួយលាននាក់បានផ្លាស់ទីជម្រកដោយសារតែអំពើហិង្សានៅមីយ៉ានម៉ាចាប់តាំងពីរដ្ឋប្រហារយោធាធ្វើរដ្ឋប្រហារកាលពីដើមឆ្នាំ២០២១