ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វ៉ូវីណាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បានបញ្ចប់ការ ប្រកួតជាស្ថាពរហើយ នាល្ងាចថ្ងៃទី៩ ឧសភា ម្សិលមិញនេះ។
ម្ចាស់ផ្ទះកម្ពុជា ឈរលើកំពូលតារាងមេដាយ សរុប២៧គ្រឿង ក្នុងនោះ មេដាយមាស ១០ គ្រឿង មេដាយប្រាក់ ៨គ្រឿង និងមេដាយសំរឹទ្ធ ៩គ្រឿង។ ចំពោះចំណាត់ថ្នាក់លេខ២ គ្រប់គ្រងដោយប្រទេសវៀតណាម សរុប ២០គ្រឿង ក្នុងនោះ មេដាយមាស៧ ប្រាក់១២ និងសំរឹទ្ធ១ ខណៈថៃ ឈរលេខ៣ ទទួលបាន មេដាយសរុប ១៦ ក្នុងនោះ មាស ៥ ប្រាក់៣ និងសំរឹទ្ធ៨។ ចំពោះមីយ៉ាន់ម៉ា មេដាយមាស៤ ប្រាក់៣ និងសំរឹទ្ធ១៧ (សរុប ២៤គ្រឿង) ឥណ្ឌូណេស៊ី មេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១៤ (សរុប១៨គ្រឿង)។ រីឯឡាវ មាស១ ប្រាក់១ និងសំរឹទ្ធ៥ ខណៈហ្វីលីពីន មិនទទួលបានមេដាយមាសឡើយ ដោយបានត្រឹម មេដាយប្រាក់២ និងសំរឹទ្ធ៦។
យោងលើសន្ទស្សន៍មេដាយមាស របស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលបានដាក់ ចេញជាគោលដៅ ក្រោមការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់នូវមេដាយមាស ចំនួន៩ គ្រឿង ប៉ុន្តែឆ្លងកាត់សមិទ្ធផលនេះ សហព័ន្ធ វ៉ូវីណាមកម្ពុជា បានសម្រេចជាលទ្ធផល មេដាយមាសចំនួន ១០គ្រឿង ៕/V/R