ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាអុកចត្រង្គ សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ បានបញ្ចប់ហើយ នៅថ្ងៃម្សិលមិញនេះ។ សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ បានអញ្ជើញចូលរួមបំពាក់មេដាយ ក្នុងពិធីបិទការប្រកួតនេះ។
លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានឲ្យដឹងថាៈ កម្ពុជារក បានមេដាយចំនួន ៦គ្រឿង ក្នុងនោះ មេដាយមាសចំនួន១ មេដាយប្រាក់៤ និងមេដាយសំរិទ្ធ១។
ប្រទេសថៃ ទទួលបានមេដាយចំនួន ៥គ្រឿង តែមានមេដាយមាស ចំនួន៤ និងមេដាយសំរឹទ្ធ១ ខណៈប្រទេសវៀតណាម ទទួលបានមេដាយ ចំនួន១០ ក្នុងនោះ មេដាយមាសចំនួន២ មេដាយប្រាក់១ និងមេដាយសំរិទ្ធ ៧ ។
ប្រទេសហ្វីលីពិន ទទួលបានមេដាយចំនួន៣ ក្នុងនោះ មានមេដាយប្រាក់២ និងមេដាយសំរិទ្ធ១។ដោយឡែកប្រទេសមីយ៉ាន់ម៉ាទទួលបានមេដាយចំនួន២គឺមេដាយសំរិទ្ធទាំងពីរឯ ឡាវ និងម៉ាឡេស៊ី មិនទទួលបានមេដាយនោះទេ។
ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានថ្លែងថាៈ បន្ទាប់ពីបានធ្វើការប្រកួត អស់រយៈពេល ១០ថ្ងៃ កន្លងមកនេះ បើទោះបីជាបញ្ហាបច្ចេកទេស នៅក្នុងការប្រកួត ដោយសារកម្ពុជា ដាក់ប្រភេទកីឡានេះ ប្រកួតជាលើកដំបូង ប៉ុន្តែបានដោះស្រាយគ្នា ប្រកបដោយ តម្លាភាព ភាតរភាព និងការយោគយល់គ្នា នៅក្នុងបច្ចេកទេសកីឡា។
កីឡាអុកចត្រង្គ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅរាជធានីភ្នំពេញ បានចាប់ផ្តើមប្រកួត ចាប់តាំងពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៣៕/V/R