ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ៖ នៅថ្ងៃទី៩ ខែឧសភា នេះ ក្រុមការងារឧទ្យានជាតិ ដឹកនាំដោយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះល្បាត ព្រៃដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ដោយប្រទះឃើញជនខិលខូច កំពុងធ្វើសកម្មភាពកាប់ផ្តួលអារ ពុះជ្រៀកឈើ ដើម្បីដឹកយកទៅលក់។

ក្រោយពីការចុះពិនិត្យ និងបង្ក្រាបបទល្មើសព្រៃឈើនេះ លោកបណ្ឌិត សុខ ទូច បានបង្ហោះសារ និងរូបភាពក្នុងហ្វេសប៊ុកថាៈ “ពេញមួយថ្ងៃនេះ ក្រុមការងារយើង បានចុះល្បាតព្រៃឈើ ក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប យើងបានឃាត់សកម្មភាពកាប់ដើមកកោះ និងឈើសុក្រម ក្នុងនោះ បានរឹបអូស សម្ភារ របស់ក្រុមដែលមកកាប់បំផ្លាញឈើ រួមមាន គោយន្តកន្ត្រៃ ១គ្រឿង និងរណារយន្ត ២គ្រឿង។ តែយើងមិនបានឃាត់ជនបង្កទេ ព្រោះហួសដែនសមត្ថកិច្ច របស់យើង”។

លោកបណ្ឌិត បានបន្តថាៈ “យើងនឹងបន្តល្បាតជាប្រចាំ ដើម្បីអភិរក្សឈើ នៅក្នុងដែនឧទ្យានជាតិ តេជោសែន ឫស្សីត្រឹប ព្រោះយើងមិនមែនថាតែមាត់ នោះទេ” ៕/V/R