ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រភេទបាល់ទាត់លើតុ (Teqball) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយកម្ពុជា ដណ្ដើមបានមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៣គ្រឿង។

កីឡាករកម្ពុជា រៀម សុភិរម្យ បានទទួលមេដាយមាស ក្នុងវិញ្ញាសារប្រកួត ឯកត្តជនបុរស ក្រោយយកឈ្នះកីឡាករឥណ្ឌូណេស៊ីYoga Ardika Putra ២ទល់១ ដោយនៅក្នុងក្តារទីមួយឥណ្ឌូណេស៊ី យកឈ្នះកម្ពុជា ដោយពិន្ទុ ១២ទល់៩។ ក្តារទីពីរ កម្ពុជាយកឈ្នះវិញ ដោយពិន្ទុ ១២ទល់៦ និងក្តារទីបី កម្ពុជា ឈ្នះដោយពិន្ទុ ១៦ទល់១៤ ដែលធ្វើឱ្យឥណ្ឌូណេស៊ី ទទួលបានមេដាយប្រាក់ខណៈដែលម៉ាឡេស៊ី ទទួលបានមេដាយសំរឹទ្ធ។

វិញ្ញាសាប្រកួតជាគូបុរស កីឡាករកម្ពុជា ប៊ុន ធូនវីរៈ និងកីឡាករ អុល រ៉ាវី បានទទួលមេដាយប្រាក់ ដោយប្រកួតចាញ់កីឡាករថៃ ក្នុងពិន្ទុ ០ទល់២ និងសម្រាប់វិញ្ញាសាប្រកួតជាគូនារី កីឡាការិនីកម្ពុជា យ៉ែម នារតី និងកីឡាការិនី យ៉ន សោភ័ណ្ឌរស្មី បានទទួលមេដាយប្រាក់ ដោយប្រកួតចាញ់ក្រុមកីឡាការិនីថៃ ក្នុងពិន្ទុ ០ទល់២។ ចំណែកក្នុងវិញ្ញាសា ប្រកួតជាគូបុរសនារីវិញ កីឡាករកម្ពុជាប៊ុន ធូនវីរៈ និងកីឡាការិនីកម្ពុជា សួន រ៉ាវី ក៏ទទួលបានមេដាយប្រាក់ដែរ ដោយប្រកួតចាញ់ ក្រុមកីឡាករ កីឡាការិនីថៃក្នុងពិន្ទុ០ទល់២។

សម្រាប់ មេដាយសំរឹទ្ធ ៣គ្រឿង ទទួលបាន នៅក្នុងវិញ្ញាសា ប្រកួតជាគូបុរស ប្រកួតជាគូនារី និងប្រកួតជាគូបុរសនារី៕/V-PC