ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពីថ្ងៃពុធទី១០ឧសភា បានអំពាវនាវឱ្យអាស៊ានដើរតួនាទីក្នុងការរក្សាសន្តិភាពក្នុងតំបន់ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ ដែលនាំមេដឹកនាំមកពីទូទាំងតំបន់ជួបជុំគ្នា ត្រូវបានគ្របដណ្ដប់ដោយវិបត្តិនយោបាយដែលកំពុងផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
កិច្ចប្រជុំកំពូលនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជនវាយប្រហារមិនស្គាល់អត្តសញ្ញាណបានបាញ់ប្រហារទៅលើក្បួនរថយន្តដឹកអ្នកការទូតអាស៊ាននិងបុគ្គលិកជំនួយដែលកំពុងចែកចាយជំនួយនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។
ឧបទ្ទវហេតុនេះបានបង្កើនការខកចិត្តចំពោះបរាជ័យរបស់របបយោធាក្នុងការបញ្ចប់អំពើហិង្សា និងធានាឱ្យមានជំនួយមនុស្សធម៌ចូលទៅបានប្រកបដោយសុវត្ថិភាព។
ស្ថានភាពសន្តិសុខរបស់មីយ៉ាន់ម៉ាគឺកាន់តែយ៉ាប់យ៉ឺនចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ និងបានចាប់ផ្តើមយុទ្ធនាការមួយដើម្បីកម្ទេចគូប្រជែងរបស់ខ្លួន។
អាស៊ានបានជំរុញឱ្យរបបយោធាអនុវត្ត “ការមូលមតិអំពីសន្តិភាពប្រាំចំណុច” ដែលបានព្រមព្រៀងគ្នានៅចុងឆ្នាំ ២០២១ ដែលរួមមានការបញ្ចប់អរិភាពទាំងឡាយ និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។
អាស៊ានបានរារាំងពួកមេទ័ពមិនឱ្យចូលរួមកិច្ចប្រជុំថ្នាក់ខ្ពស់ទេដរាបណាមិនមានវឌ្ឍនភាព។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) បាននិយាយកាលពីថ្ងៃអង្គារទី៩ឧសភាថា ការអនុវត្តផែនការប្រាំចំណុចត្រូវបានពិភាក្សាក្នុងសប្តាហ៍នេះ ហើយថាអាស៊ានមានតួនាទី “សំខាន់” ត្រូវដើរតួដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៣ ឥណ្ឌូណេស៊ីក៏បានចូលរួមដោយស្ងាត់ស្ងៀមជាមួយយោធា រដ្ឋាភិបាលស្រមោល និងក្រុមជនជាតិភាគតិចប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាពផងដែរ។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អិនរីកេ ម៉ាណាឡូ (Enrique Manalo) បាននិយាយថា “អាស៊ានកំពុងប្រឹងប្រែងតាមដែលអាចធ្វើទៅបាន ពីព្រោះនៅពេលដែលអ្នកនៅទីនោះដោយផ្ទាល់ វាមិនងាយស្រួលនោះទេ”។
ប៉ុន្តែអ្នកខ្លះបានអំពាវនាវឱ្យអាស៊ាន ដែលមានគោលនយោបាយមិនជ្រៀតជ្រែកក្នុងកិច្ចការអធិបតេយ្យភាពរបស់សមាជិក ឱ្យប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងមីយ៉ាន់ម៉ា។
សំដៅលើថ្នាក់ដឹកនាំយោធារបស់មីយ៉ាន់ម៉ា អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) បាននិយាយថា “ការដែលទុកកៅអីទំនេរនៅកិច្ចប្រជុំកំពូលអាស៊ានគឺជាតំបន់សុខស្រួលរបស់ពួកគេ ពួកគេមិនចាំបាច់ទទួលខុសត្រូវទេ។ ការមិនរាប់បញ្ចូលរបបយោធាគឺគ្រាន់តែជាផ្នែកមួយនៃជំហានជាបន្តបន្ទាប់ដែលគួរត្រូវអនុវត្តប៉ុណ្ណោះ”។
លោកបាននិយាយថា ការបែកបាក់គ្នាជុំវិញមីយ៉ាន់ម៉ាបានបង្ហាញពី “ការប្រឈមមិនធ្លាប់មានពីមុនមក” ចំពោះការរួបរួមរបស់ប្លុកនេះ។
លោកបាននិយាយថា “នេះជាលើកទីមួយហើយ…ដែលអាស៊ានត្រូវបានកាត់ផ្តាច់ពីគ្នា ដោយសារឥឡូវនេះយើងមានប្រទេសជាសមាជិកចំនួនប្រាំបួនជាធរមាន និង មីយ៉ាន់ម៉ា ដែលមិនបានចូលរួម”។
ក្រុមមេដឹកនាំ ដែលជួបប្រជុំគ្នានៅទីក្រុងមាត់ឆ្នេរ ឡាបួនបាចូ (Labuan Bajo) ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី ក៏រំពឹងពិភាក្សាអំពីក្រមប្រតិបត្តិដែលកំពុងចរចាជាមួយចិនជុំវិញជម្លោះសមុទ្រចិនខាងត្បូងផងដែរ។ បញ្ហាផ្សេងទៀត ដែលត្រូវពិភាក្សា រួមមាន ផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពដែលបានគ្រោងទុករបស់ទីម័រខាងកើតនៅក្នុងប្លុកនេះ៕
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ អំពាវនាវឱ្យអាស៊ានដើរតួនាទីរក្សាសន្តិភាពក្នុងតំបន់