ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ បារាំង​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា ចិន​មាន​តួនាទី​សំខាន់​មួយ​សំរាប់​«​សន្តិភាព​និង​ស្ថិរភាព​សកលលោក​»​នៅពេល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ស្វះស្វែង​សម្របសម្រួល​​អោយ​មាន​ការចរចា​បញ្ចប់​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក ឈីន ហ្កាង កំពុង​ធ្វើ​ទស្សនកិច្ច​អាល្លឺម៉ង់ បារាំង​និងន័​រវ៉េស​នៅ​សប្តាហ៍​នេះ និង​បាន​ជួប​សម​ភាគី​បារាំង កា​តរី​ន កូ​ឡូ​នណា​(Catherine Colonna)​កាលពី​ថ្ងៃ​ពុធ​​នៅ​ទីក្រុង​ប៉ារីស​។​

​លោកស្រី កូ​ឡូ​នណា បាន​ប្រាប់​លោក​ឈីន​នៅ​ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​ថា «​យើង​ដឹង​អំពី​សារសំខាន់​នៃ​តួនាទី​របស់​ចិន​នៅលើ​ឆាក​អន្តរជាតិ និង​តួនាទី​ដ៏​សំខាន់​ដែល​ចិន​អាច​ធ្វើ​សំរាប់​សន្តិភាព​និង​ស្ថិរ​​ភាព​សកល​។​ចិន​គួរ​ធ្វើការ​បញ្ចុះបញ្ចូល​រុស្ស៊ី​អោយ​ងាក​មក​គោរព​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​អោយ​ពេញលេញ​ឡើងវិញ …»​។​

​រដ្ឋមន្ត្រីការបរទេស​បារាំង​មុននេះ​បាន​ប្រាប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​គួរ​ទទូច​សុំ​រុស្ស៊ី​អោយ​«​វិល​មក​រក​សន្តិភាព​»​វិញ​និង​ថា​«​វា​ចាំបាច់​ដែល​ចិន​ប្រើ​ទំនាក់ទំនង​របស់​ខ្លួន​ជា​​មួយ​រុស្ស៊ី​ដើម្បី​អោយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​យល់​កាន់តែ​ប្រសើ​រថា វា​ជា​ការ​ទាល់ច្រក​មួយ និង​ប្រាប់​រុស្ស៊ី​ថា​ឈប់​ធ្វើ​រឿង​ឆ្គួតៗ​»​។​

​សំណើ​នេះ​ធ្វើឡើង​ក្រោយ​ប្រធានាធិបតី​បារាំង​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ចិន​កាលពី​ខែ​មុន​។​លោក​បាន​បង្ក​ភាព​ប្រទូសរ៉ាយ​ដោយ​និយាយថា អឺរ៉ុប​មិនគួរ​ធ្វើ​ជា​បរិវារបស់អាម៉េរិក ឬ​ចិន ឬក៏​ធ្វើខ្លួន​អោយ​​ជាប់​ក្នុង​ជម្លោះ​ណាមួយ​អំពី​អនាគត​កោះ​តៃវ៉ាន់​។​

​សម្តី​នេះ​បាន​បង្កការ​រិះគន់​ចេញពី​សម្ពន្ធមិត្ត រួមមាន​រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ ដែល​បាន​ហៅ​ពាក្យសម្តី​ទាំង​នេះ​ថា​«​គ្រោះ​កាច​»​និង​ថា​«​យើង​មិន​ដែល​ស្ថិតក្នុង​ស្ថានភាព​ក្លាយជា​ខ្ញុំកញ្ជះ​អាម៉េរិកម្តងណា​ឡើយ​»​។​

​ចិន​ព្យាយាម​ពណ៌នា​ខ្លួន​ជា​ភាគី​អព្យាក្រិត​មួយ​នៅក្នុង​សង្គ្រាម​អ៊ុ​យក្រែ​ន​ដោយ​អត់ធ្មត់​មិន​ថ្កោលទោស​ទង្វើ​របស់​រុស្ស៊ី​លើ​ប្រទេស​ក្បែរ​ខាង​ខ្លួន និង​កាលពី​ខែ​មុន​ប្រធានាធិបតី​ចិន​បាន​សន្ទនា​តាម​ទូ​រ​​ស័ព្ទ​ជាមួយ​មេដឹកនាំ​អ៊ុយ​ក្រែនជា​លើកដំបូង​ចាប់​តាំង​ពី​រុស្ស៊ី​បញ្ជូន​ទ័ព​ចូល​អ៊ុ​យក្រែន​ក្រោយពីរដ្ឋាភិបាលទីក្រុងប៉េកាំងដាក់ចេញផែនការសន្តិភាពមួយសំរាប់អ៊ុយក្រែន៕

​លោកស្រី កូ​ឡូន​ណា​បាន​ប្រាប់​លោកឈីនថា លោកស្រី​ក៏​មាន​បំណង​ពិភាក្សា​បញ្ហា​កូរ៉េខាងជើង​ជាមួយ​សម​ភាគី​ចិន​ផងដែរ​