ដោយៈ យោធិន / កំពង់ស្ពឺៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាស្ថាន ហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព (IPMEC ) ស្ថិតនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ឯក តាំង សំប៊ន អគ្គនាយករងមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព និងជានាយកវិទ្យាស្ថានហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញបច្ចេកទេសប្រើប្រាស់ ស្ពានដែកចល័តស្វ័យប្រវត្តិ (TMM) ដែលមាន សិក្ខាកាមទ័ពមួកខៀវ ចំនួន២៨នាក់ ធ្វើការហ្វឹកហ្វឺន រយៈពេល១ខែ។

លោកឧត្តមសេនីយ៍ឯក នាយកវិទ្យាស្ថាន បានថ្លែងថាៈ បំណងនៃការហ្វឹកហ្វឺន ប្រើប្រាស់ស្ពានចល័តនេះ បន្ទាប់ពីមានការស្នើសុំរបស់ អង្គការសហប្រជាជាតិ ឱ្យខាងកម្ពុជា ត្រូវបញ្ជូនស្ពានដែកប្រភេទនេះ ទៅក្នុងតំបន់បេសកកម្ម អង្គការ សហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយស្ថានភាពភូមិសាស្ត្រផ្លូវ ក្នុងតំបន់មានការលំបាក សម្រាប់រថយន្តធ្វើដំណើរឆ្លងកាត់។ ស្ថានភាពផ្លូវមានអូរ ប្រឡាយ មិនអាចធានាការធ្វើដំណើរ រថយន្តធុនតូច-ធំឆ្លងកាត់បាន។ ដូច្នេះហើយ ស្ពានចល័ត ប្រភេទTMM នេះ នឹងជួយសម្រួលសម្រាប់រថយន្តឆ្លងកាត់បាន ហើយធ្វើការបម្លាស់ទី បានគ្រប់ស្ថានភាពផ្លូវគោក ដែលមានអូរ ឬប្រឡាយកាត់ផ្លូវ។

សូមបញ្ជាក់ថាៈ ស្ពានចល័តដឹកដោយរថយន្ត សម្រាប់១រថយន្ត មានប្រវែង១០,៥០ ម៉ែត្រ មានទទឹងប្រវែង ៣,៨០ ម៉ែត្រ ទ្រទម្ងន់បានរហូតដល់ ២០តោន។ បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិ មានស្ពានដែកចល័ត ចំនួន៤គ្រឿង មានប្រវែងសរុបចំនួន ៤០ ម៉ែត្រ អាចទ្រទម្ងន់អតិបរមា ៦០ តោន៕ V / N