ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ាន លើកទី២៦ ទីក្រុងឡាប៊ួនបាចូប្រទេសឥណ្ឌូនេស៊ី លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ ក្នុងការថែរក្សា និងលើកកម្ពស់មជ្ឈភាពអាស៊ាន តាមរយៈការពង្រឹងយន្តការទាំងឡាយ ដែលដឹកនាំដោយអាស៊ានដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព ក្នុងតំបន់។

_cuva

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយសន្តិសុខអាស៊ាន (APSC) លើកទី២៦និងកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន (ACC) លើកទី៣៣ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ ដែលប្រព្រឹត្តទៅថ្ងៃទី១០១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ួនបាចូ ប្រទេសឥណ្ឌូនេស៊ី។

_cuva

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរ អំពីបញ្ហាសន្តិសុខ ប្រពៃណី និងមិនប្រពៃណី សំខាន់ៗបំផុតមួយចំនួន ដូចជា ឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ការលាងលុយកខ្វក់ និងគ្រឿងញៀនខុសច្បាប់ ជាដើម។

លោកក៏បានទទូចឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ ផ្តល់ការគាំទ្រចាំបាច់នានា ដល់មជ្ឈមណ្ឌលសកម្មភាពមីន តំបន់អាស៊ាន(ARMAC) កិច្ចប្រជុំបានកោត សរសើរ ចំពោះវឌ្ឍនភាព ក្នុងការអនុវត្តបន្ទាត់សកម្មភាព នៃផែនការលម្អិត ស្តីពីសហគមន៍នយោបាយសន្តិសុខអាស៊ាន ឆ្នាំ២០២៥ ដែលសម្រេចបាន ប្រមាណ ៩៩% ហើយក៏បានលើកទឹកចិត្ត ដល់អង្គភាពតាមវិស័យនានា ដើម្បីសម្រេចឲ្យបាននូវ អាទិភាពផ្សេងៗទៀត ដែលនៅសល់។

_cuva

រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានកត់សម្គាល់ឃើញផងដែរថា ចាប់តាំងពីឆ្នាំ ២០២១ មក លេខាធិការដ្ឋានអាស៊ាន បានតាមដានលើបញ្ហាថ្មីៗ ដែលកំពុងកើត មានផងដែរ ដូចជា ទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) សន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណិតការឆ្លើយតបរបស់អាស៊ានចំពោះជំងឺរាតត្បាត កូវីដ១៩ របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងរបៀបវារៈយុវជនសន្តិភាព និងសន្តិសុខ (YPS) ដែលបានកំណត់ដោយក្រុមប្រឹក្សាសហគមន៍ នយោបាយសន្តិសុខអាស៊ាន។

ចំណែកកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៣ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានកោតសរសើរដល់ការងាររបស់ក្រុមការងារជាន់ខ្ពស់ ចក្ខុវិស័យ វិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ (HLTF-ACV) ជាពិសេសការដាក់ចេញនូវអនុសាសន៍ ប្រកបដោយខ្លឹមសារ ស្តីពីការពង្រឹង សហគមន៍អាស៊ាន។ ក្នុងន័យនេះ កិច្ចប្រជុំទន្ទឹងរង់ចាំការសម្រេចបាននូវសេចក្តីព្រាង សេចក្តីថ្លែងការណ៍ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ ដែលនឹងត្រូវដាក់ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) នៅខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីស្នើសុំការអនុម័ត ជាគោលការណ៍។

កិច្ចប្រជុំ ក៏បានបញ្ជាក់ឡើងវិញផងដែរ នូវការប្តេជ្ញាចិត្តចំពោះការប្រកាន់ខ្ជាប់ នូវគោលបំណង និងគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន ហើយថា ការធ្វើសេចក្តីសម្រេច របស់អាស៊ាន ត្រូវតែផ្អែកលើការពិគ្រោះយោបល់ និងគោលការណ៍កុងសង់ស៊ីស។ ជាងនេះទៅទៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន រំពឹងការសម្រេចបាន នូវឯកសារលទ្ធផល នៃក្រុមការងារឧត្តមមន្រ្តីអាស៊ាន ស្តីពីដំណើការធ្វើសេចក្តីសម្រេច (SOMWG-DMP) ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

អំពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានឯកភាពលើផែនទីចង្អុលផ្លូវ ដែលផ្អែកលើកម្មវត្ថុ និងលក្ខណៈវិនិច្ឆ័យ សម្រាប់សមាជិកពេញសិទ្ធិ របស់ទីម័រឡេស្តេ ក្នុងអាស៊ាន និងដែលត្រូវដាក់ជូន ប្រមុខដឹកនាំអាស៊ានដើម្បីអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២។

រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានគូសបញ្ជាក់ផងដែរ អំពីតម្រូវការចាំបាច់ សម្រាប់ប្រទេសសមាជិកអាស៊ាន ដើម្បីជួយម័រឡេស្តេក្នុងការបំពេញឲ្យបាននូវ លក្ខខណ្ឌទាំងឡាយឱ្យបានឆាប់បំផុត ជាពិសេស តាមរយៈកម្មវិធីកសាង សមត្ថភាពនានា៕/V-PC