ដោយៈ សម្បត្តិ–ចាន់តូ / ភ្នំពេញ៖ ពិតជាអាណោចអាធម៌ណាស់ កុមារីអាយុ៥ឆ្នាំ បានចុះលេងអាងសួនទឹក ផ្សារទំនើបអូឡាំព្យា ក៏បណ្តាលឲ្យឆក់ស្លាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចខាងមុខផ្សារទំនើបអូឡាំព្យា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថាៈ នៅមុនពេលកើតហេតុ គេឃើញកុមារីរងគ្រោះ និងក្មេងៗ ៣ទៅ៤នាក់ទៀត បាននាំគ្នាដើរមកលួចងូតទឹកលេង នៅក្នុងអាងសួនទឹក ផ្សារទំនើបអូឡាំព្យា ។ បន្ទាប់មក មានក្មេងៗ ដែលមកលេងជាមួយកុមារីរងគ្រោះ បានងូតទឹកលេង នៅខាងៗ នៃអាងទឹកនោះ ប៉ុន្តែកុមារីរងគ្រោះ បានចូលទៅលេង ដល់ កណ្តាលអាងទឹក។
មួយសន្ទុះ ក្រោយមក ស្រាប់តែកុមារីរងគ្រោះ រឹងខ្លួនស្តូក ហើយដួលលិចចូល ទៅខាងក្នុងទឹកតែម្តង។ ភ្លាមៗនោះ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សន្តិសុខ នាំគ្នាមកជួយស្រង់ កុមារីរងគ្រោះ មកលើគោក និងបានបញ្ជូនកុមារីរងគ្រោះ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធ្វើការសង្គ្រោះ តែជាអកុសល ពេលទៅដល់ កុមារីរងគ្រោះ បានស្លាប់បាត់ ទៅហើយ។
សាកសពកុមារីអាយុ៥ឆ្នាំ បានត្រូវសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ដោយឡែក នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ខាងជំនាញអគ្គិសនី បានចុះមកពិនិត្យនៅកន្លែងកើតហេតុ និង ត្រួតពិនិត្យថាកុមារីរងគ្រោះ ពិតជាបានស្លាប់ ដោយសារឆក់ខ្សែភ្លើងប្រាកដមែន ៕/V-PC