ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ផ្អែកតាមតម្លៃ មធ្យមប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី ១១ ដល់ ២០ ខែឧសភា ឆ្នាំ២០២៣ នឹងត្រូវលក់ ៤.៣៦៧ រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា និង ៤.០៦៧រៀល សម្រាប់ប្រេងម៉ាស៊ូត។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ នៅព្រឹកថ្ងៃទី ១១ខែឧសភា នេះ របស់ក្រសួងពាណិជ្ជកម្ម។
នៅក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាៈ ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយ ប្រេងឥន្ធនៈ នៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយ ប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ទៀតថាៈ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្ត ចាប់ពីថ្ងៃទី ១១ ដល់ ២០ ខែឧសភាឆ្នាំ២០២៣ នឹងចុះមក ៤.១០០ រៀល សម្រាប់សាំងធម្មតា និង ៣.៨០០ រៀល សម្រាប់ប្រេងម៉ាស៊ូត ។
តាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថាៈ ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈ នៅកម្ពុជានេះ ក្រសួងគ្រាន់តែស្រង់តម្លៃឡើង–ចុះ នៃប្រេងតាមទីផ្សារ អន្តរជាតិ មកគណនាតាមប្រកាស ដូចមានក្នុងភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ៕/V-PC