ដោយៈ វ៉ៃកូ / ស្វាយរៀងៈ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានផ្តល់ទស្សនាទាន ៧ ចំណុច ចូលរួមចំណែក ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា។
សម្តេចបានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតី នៅក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារអនុសំវច្ឆរមហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេស លើកទី៣០ នៅសាលប្រជុំធំ សាលាខេត្តស្វាយរៀង ។
ការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ គឺពិតជានឹងជួយតម្រង់ទិស និងឆ្លើយតបទៅនឹងបញ្ហាប្រឈម ជាពិសេស ទិសដៅការងារ ដែលបានដាក់ចេញ សម្រាប់អនុវត្តន៍ ក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈផង បន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ផង និងដើម្បីពង្រឹងនូវធម៌វិន័យ នៃព្រះពុទ្ធសាសនាផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដល់ទស្សនទាន ដើម្បីចូលរួមចំណែកក្នុងការពង្រឹង វិស័យព្រះពុទ្ធសាសនា មាន ៖
១- គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្ដឲ្យបានខ្ជាប់ខ្ជួនតាមបញ្ញត្ដិក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិ ដែលពាក់ព័ន្ធ ដើម្បីប្រែក្លាយឱ្យទៅជាកម្លាំងចលករ ដ៏មានសារៈសំខាន់ សម្រាប់លើកស្ទួយ វិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរឹងមាំល្អផូរផង់ ដែលជាសាសនារបស់រដ្ឋ។
២- គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យកាន់តែល្អប្រសើរទ្បើង តាមព្រះវិន័យ និងតាមឋានានុក្រម ដើម្បីពង្រឹងនូវការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា។
៣- មន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ គប្បីចលនាព្រះសង្ឃព្រះពុទ្ធសាសនា ចូលរួម ចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់គ្រឿងញៀន និងបង្កលក្ខណៈ ឲ្យមានការគោរពច្បាប់ចរាចរ តាមរយៈការបញ្រ្ជាបព្រះធម៌ របស់ព្រះសម្មាសម្ពុទ្ធ នៅក្នុងការសម្តែងធម្មទេសនា ការអប់រំតាមសាលារៀន និងធ្វើកម្មវិធីអប់រំ តាមសហគមន៍។
៤- មន្ទីរធម្មការ និងសាសនា និងសាលាគណខេត្ត ត្រូវបន្តកែទម្រង់វិស័យពុទ្ធិក សិក្សាគ្រប់កម្រិត ដែលជាឆ្អឹងខ្នងដ៏រឹងមាំ នៃពុទ្ធសាសនា ក្នុងនោះសាលាពុទ្ធិកបឋម សិក្សា ត្រូវធ្វើកម្រងតាមមូលដ្ឋានឲ្យបានលឿន និងកែទម្រង់មុខវិជ្ជាសិក្សាមួយ ចំនួន។ ដោយឡែក ពុទ្ធិកឧត្តមសិក្សា ត្រូវយកចិត្តទុកដាក់ លើការបង្កើនបរិមាណ និងគុណភាពសិក្សាសមណៈសិស្សបន្ថែមទៀត។
៥- សូមមន្រ្តីសង្ឃគ្រប់ឋានានុក្រម ជាពិសេសព្រះមេគណ ព្រះគ្រូអនុគណ និងចៅអធិការ សូមយកចិត្តទុកដាក់ ជំរុញដល់ភិក្ខុ សាមណេរក្រោម ឱវាទរបស់ខ្លួន សិក្សារៀនសូត្រធម៌វិន័យ ឲ្យបានស៊ីជម្រៅ និងអនុវត្តវិន័យសីលធម៌នោះ ឲ្យបានតឹងរ៉ឹង ព្រមទាំងបង្កើតកម្មវិធីបដិបត្តិសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ដើម្បីអប់រំចិត្តជាសំខាន់ផង និងប្រតិបត្តិ ឱ្យសមជាបុញ្ញខេត្ត សម្រាប់ជាទីសក្ការៈ ដល់ពុទ្ធបរិស័ទជិតឆ្ងាយផង។
៦- សូមមន្ទីរធម្មការ និងសាសនា មន្រ្តីសង្ឃគ្រប់ឋានានុក្រម ជាពិសេសព្រះ មេគណ សូមបន្តពង្រឹងរចនាសម្ព័ន្ធសង្ឃថ្នាក់មូលដ្ឋានឲ្យបានគ្រប់វត្ត និងបន្តបង្កើត សង្ឃាភិបាល សំដៅបណ្តុះបណ្តាលមន្រ្តីសង្ឃ ឲ្យមានសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំ និងអនុវត្តតួនាទីរបស់ខ្លួន ឲ្យបានត្រឹមត្រូវ។
៧- សូមព្រះចៅអធិការវត្ត បន្តយកចិត្តទុកដាក់រៀបចំវត្តអារាម ឲ្យបានសក្តិសម ជាអារាមគួរជាទីជ្រះថ្លា ជាទីគោរពបូជា ជាទីបដិបត្តិធម៌វិន័យ ជាទីអប់រំសីលធម៌ និងជាទីរមណីយដ្ឋានទេសចរណ៍បែបសាសនា ដោយក្នុងនោះរៀបចំឲ្យមាន អនាម័យខ្ពស់ ការពារធម្មជាតិ អភិរក្សសំណង់បុរាណ ដើម្បីចូលរួមចំណែកលើក កម្ពស់វិស័យវប្បធម៌ទេសចរណ៍ និងបរិស្ថានសង្គម ដោយស្របតាមព្រះវិន័យ និងការរីកចម្រើនរបស់ព្រះពុទ្ធសាសនា៕/V/R