​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ បុរស​កាណាដា​ដើមកំណើត​វៀតណាម​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​ហូជីមិញ​ពី​បទ​ជួញដូរ​គ្រឿងញៀន​រាប់រយ​គីឡូក្រាម បន្ទាប់​ពី​ចាញ់ល្បែង​នៅ​កម្ពុជា​។​​ប៉ូលិស​ក្រុង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ឧសភា​ថា ពួកគេ​បាន​ចាប់ខ្លួន​ឈ្មោះ ជូ បា ជុង (Chu Ba Chung) អាយុ ៣៩ ឆ្នាំ​ពី​បទ​ជួញដូរ​គ្រឿងញៀន​រាប់រយ​គីឡូក្រាម​ពី​ប្រទេស​កម្ពុជា​ទៅ​វៀតណាម​។​

​មនុស្ស​ប្រាំ​នាក់​ផ្សេង​ទៀត រួមទាំង ទ្រឿង ង៉ុក ម៉ៃ (Truong Ngoc Mai) អាយុ ២៦ ឆ្នាំ និង ង្វៀន វូ ខៃ ហ័ង (Nguyen Vu Khai Hoang) អាយុ ២៨ ឆ្នាំ ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ជា​ផ្នែក​មួយ​នៃ​បណ្តាញ​ជួញដូរ​គ្រឿងញៀន​របស់​ជុង​។​

​ប៉ូលិស​បាន​និយាយថា អ្នក​ស៊ើបអង្កេត​និង​មន្ត្រីប៉ូលិស​រាប់រយ​នាក់​បាន​ចំណាយពេល​រាប់​ខែ​ដើម្បី​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ​។​

​នៅ​ខែ​កញ្ញា ឆ្នាំ ២០២២ ប៉ូលិស​បាន​ចាប់​ម៉ៃ​នៅ​សង្កាត់​លេខ ៥ ខណៈ​រូបគេ​កំពុង​ចែកចាយ​ថ្នាំញៀន​នៅ​ផ្លូវ​សូ​ង៉ុក​ថាញ់ (Do Ngoc Thanh)​។ ថ្នាំញៀន​ចំនួន​១២​គីឡូក្រាម​ត្រូវ​បាន​រឹបអូស​​ក្នុងពេល​កើតហេតុ ហើយ​ថ្នាំញៀន​ចំនួន​៦៣,៥​គីឡូក្រាម​ផ្សេងទៀត​ត្រូវបាន​រកឃើញ​ក្នុងអំឡុងពេល​ឆ្មក់​ចូល​ផ្ទះ​របស់​ម៉ៃ​ក្នុង​សង្កាត់​លេខ​៤​។​

​ការ​ឆ្មក់​ចូល​ផ្ទះ​មួយ​ចំនួន​ទៀត​ក្នុង​ទីក្រុង​បន្ទាប់មក​បាន​នាំឱ្យ​មាន​ការចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​ទៀត​។ ក្រោយមក ការចុះ​បង្ក្រាប​គឺ​រឹបអូស​បាន​គ្រឿងញៀន​សរុប​៨៥​គីឡូក្រាម​ទៀត​។​

​ជុង​បាន​ព្យាយាម​លាក់ខ្លួន​នៅ​ខេត្ត​ញ៉ា​ត្រាង​ភាគ​កណ្តាល​ប្រទេស​វៀតណាម ប៉ុន្តែ​នៅ​ទីបំផុត​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​។​

​ជនសង្ស័យ​បាន​បន្តថា រឿងរ៉ាវ​នេះ​បាន​កើត​ឡើង​នៅ​ពេល​រូបគេ​ចាញ់​ល្បែងស៊ីសង​ដ៏​ធំ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ ។​

​រូបគេ​មិន​អាច​ស្រង់ដើម​បាន​ទេ ដូច្នេះហើយ​ទើប​បាន​ជំពាក់​បំណុល​បុរស​ម្នាក់ ដែល​អត្តសញ្ញាណ​របស់​គេ​មិន​ត្រូវបាន​ផ្ទៀងផ្ទាត់​ទេ​។​

​យោង​តាម​ក្រុម​ស៊ើបអង្កេត​បានឱ្យដឹងថា ដើម្បី​សងបំណុល ជុង​បាន​ងាក​ទៅ​ជួញដូរ​គ្រឿងញៀន​ឱ្យ​ទៅ​អតិថិជន​នៅ​ទីក្រុង​ហូជីមិញ ដោយ​រកបាន​ពី ១០០ ទៅ ២០០ ដុល្លារ​ក្នុង​មួយ​មួយ​ជើង​។​

​ចាប់ពី​ឆ្នាំ ២០២០ ជុង​បានទទួល​ថ្នាំញៀន​ពី​បុរស​ម្នាក់​ក្នុងប្រទេស​កម្ពុជា​ពី ៥ ទៅ ៣០ គីឡូក្រាម​សម្រាប់​រាល់​ការជួញដូរ​ម្តងៗ​ដែល​រូបគេ​បាន​ធ្វើ​ដើម្បី​បញ្ជូន​ថ្នាំ​ទៅកាន់​ទីតាំង​ជាក់លាក់​ក្នុង​ទីក្រុង​​ហូជីមិញ​។​ដើម្បី​ពង្រីក​ប្រតិបត្តិការ ជុង​បាន​ជួល​ម៉ៃ​ដើម្បី​ជួញដូរ​គ្រឿងញៀន​ផងដែរ​។​

​ពេលនោះ ហ័ង​ក៏​ចូលរួម​ពាក់ព័ន្ធ​ដែរ​ដោយសារ​ជំពាក់​បំណុល​គេ​។​

​ហ័ង​និយាយថា ខ្លួន​បាន​ខ្ចី​ប្រាក់​ចំនួន ៤០០ លាន​ដុង (១៧.០៤៥ ដុល្លារ​) ពី​បុរស​ឈ្មោះ ថាច់ ដែល​អត្តសញ្ញាណ​ពិត​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់ កាលពី​ខែ​មីនា​ឆ្នាំ​មុន​។ ដោយ​មិន​អាច​សងបំណុល​ដែល​មាន​ការប្រាក់​ខ្ពស់​បាន ហ័ង​បាន​យល់ព្រម​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​ក្បែរ​ព្រំដែន​ដើម្បី​ទទួល​ថ្នាំ​ញៀន មុន​នឹង​នាំ​ថ្នាំ​ទៅ​ទីក្រុង​ហូជីមិញ​សម្រាប់​ជុង​និង​ម៉ៃ​។ ប៉ូលិស​បាន​និយាយថា ហ័ង​ទទួល​បាន​កម្រៃ​ពី ១០០ ទៅ ២០០ លាន​ដុង​សម្រាប់​ការ​ចែកចាយ​ក្នុង​មួយ​ជើង​។​

​ការស៊ើបអង្កេត​បន្ថែម​លើ​ករណី​នេះ​កំពុង​បន្ត​៕

​ថ្នាំញៀន​ត្រូវបាន​រឹបអូស​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន ដែល​យក​ថ្នាំ​ពី​កម្ពុជា​ចូល​វៀតណាម