​ដោយៈ​សុផល​/​ភ្នំពេញ​៖​កុមារ សិស្ស និង​និស្សិត​ជាង ២០០០​នាក់ មកពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ SkyFest ដែល​រៀបចំ​ដោយ Bay of Lights ។ ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​លើកកម្ពស់​វប្បធម៌​ខ្មែរ ក៏ដូចជា​ពង្រឹងសមត្ថភាព​យុវជន​កម្ពុជា​តាមរយៈ​ការ ផ្តល់​បទពិសោធន៍​ពី​ការធ្វើការងារ​ជា​ក្រុម និង​ស្វែងយល់​បន្ថែម​ពី​ប្រពៃណី​វប្បធម៌​ខ្មែរ​ផងដែរ​។​

​ព្រឹត្តិការណ៍ SkyFest ២០២៣ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ០៦ និង​ថ្ងៃទី ០៧ ខែឧសភា​នៅ​ទីតាំង​គម្រោង Bay of Lights ក្នុង​ក្រុងព្រះសីហនុ​នេះ គឺ ជា​ព្រឹត្តិការណ៍​បង្ហោះ​ខ្លែង​ខ្នាត​អន្តរជាតិ​ដែលមាន​អ្នកជំនាញ​ខ្លែង​ចូលរួម​មកពី​ប្រទេស​ចំនួន​ប្រាំបួន រួមមាន​កម្ពុជា ចិន បារាំង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​។ ក្រោម​ប្រធានបទ “​ខ្មែរ​អាច​ហោះ​បាន​” ក្នុង​គោលបំណង​តំណាងឱ្យ​សេចក្តីប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​ដើម្បី​ឆ្ពោះទៅរក​អនាគត​ដ៏​ត្រចះត្រចង់ និង​ដើម្បី​ដឹកនាំ​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​យល់ដឹង និង​ឱ្យ​តម្លៃ​លើ​សារៈសំខាន់​នៃ​ការថែរក្សា​មរតក​វប្បធម៌​ប្រពៃណី​ដែល​ខ្មែរ​មាន ជាពិសេស​សិប្បកម្ម​ខ្លែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​តែម្តង​។​

​មូលនិធិ​ព្រី​នស៍ បាន​ផ្តល់ជូន​ការធ្វើដំណើរ​ទៅមក សំបុត្រ និង​អាហារ​ដល់​សិស្ស​និស្សិត​ដែល​បាន​ចូលរួម ក្នុង​ព្រឹត្តិការណ៍​ដ៏​សប្បាយរីករាយ​មួយ​នេះ​។ ក្រៅពីនេះ ពួកគេ​បានទទួល​ឱកាស និង​បទពិសោធន៍​ថ្មីៗ​ពី​ព្រឹត្តិការណ៍​ដោយផ្ទាល់ និង​ស្វែងយល់​ពី​ប្រពៃណី​ខ្លែង​ខ្មែរ​ពី​អ្នកជំនាញ​ខ្លែង​អាជីព ដូចជា​លោកស្រី ជៀង យ៉ា​រិ​ន​ជាដើម ដែលជា​អ្នកធ្វើ​ខ្លែង​ដ៏​ល្បីល្បាញ​ក្នុងស្រុក​មួយរូប​។ លើសពីនេះ សិស្ស និង​និស្សិត​បាន​ស្គាល់​ខ្លែង​ពី​ប្រទេស​ផ្សេងៗ​ដែល​បាន​ចូលរួម​បង្ហោះ ដែល​នេះ​ក៏​ជួយ​ពង្រីក​ចំណេះ​ដឺ​ង​អំពី​វប្បធម៌​បរទេស​ថែម​មួយកម្រិត​ទៀត​ដល់​យុវជន​ខ្មែរ​។ មូលនិធិ​ព្រី​នស៍ ក៏បាន ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​នូវ​បទពិសោធន៍​ពី​ការធ្វើការងារ​ជា​ក្រុម​តាមរយៈ​ការ​រចនា​ខ្លែង​រួមគ្នា​ក្នុង​បរិយាកាស​មួយ​ប្រកបដោយ​ភាព​រីករាយ​។ ទាំងអស់​នេះហើយ​គឺជា​បទពិសោធន៍​ដែល​សិស្សានុសិស្ស​បានទទួល​ប​ន្ទា​ប់​ពី​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍ SkyFest ២០២៣​នេះ ។​

​លោក Gabriel Tan ប្រធាន​មូលនិធិ​ព្រី​ន​ស៍បាន​មានប្រសាសន៍ថា «​ពួកយើង​ពិតជា​មាន​សេចក្តីសោមនស្ស​ដែល​បាន​ក្លាយជា​ចំណែក​មួយ​ក្នុង​ព្រឹត្តិការណ៍ SkyFest ២០២៣ ដែល​ក្នុងនោះ​យើង​ក៏បាន​ផ្តល់ឱកាស​ឱ្យ​យុវជន​ខ្មែរ​ជាច្រើន​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ​ពី​ការចូលរួម​ក្នុង​ព្រឹត្តិ ការណ៍​អន្តរជាតិ​មួយ​នេះ​។ គោលបំណង​ធំ​របស់​ពួកយើង គឺ​យើង​ចង់​ពង្រឹង​សិទ្ធិ​អំ​ណោ​ច និង​សមត្ថភាព​ដល់​យុវជន​ខ្មែរ​គ្រប់រូប ក៏ដូចជា​ចូលរួម​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​ផងដែរ​។ ពួកយើង​ក៏​សង្ឃឹម​ដែរ​ថា គំនិត​ផ្តួចផ្តើម​ទំនួល​ខុសត្រូវ​សង្គម​របស់​សាជីវកម្ម​ពួកយើង​នឹង​ជួយ​ជម្រុញ និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់​ឱ្យខិត​ខំប្រឹងប្រែង​បន្ត​ការសិក្សា និង​អភិវឌ្ឍ​សមត្ថភាព​ចំណេះដឹង ក៏ដូចជា​បុគ្គលិកលក្ខណៈ​រៀងៗ​របស់​ពួកគេ​។​»

​ការអប់រំ និង​ការពង្រឹង​សិទ្ធិអំណាច​យុវជន​គឺជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ​របស់​មូលនិធិ​ព្រី​នស៍​។ គម្រោង​មួយ​ក្នុងចំណោម​គម្រោង​សំខាន់ៗ​ដទៃទៀត​របស់​មូលនិធិ​ព្រី​នស៍ គឺ​ការផ្តល់​អាហារូបករណ៍ ចេ​ន ហ្ស៊ី​។ អាហារូបករណ៍​នេះ​ផ្តល់​ថ្លៃ​សិក្សា​ពេញលេញ និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​សិស្ស​និស្សិត​ចំនួន ៤០០ នាក់​ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅ​សាកលវិទ្យាល័យ​កំពូលៗ​ចំនួន​បី​ក្នុងប្រទេស​កម្ពុជា​សម្រាប់​រយៈពេល​ប្រាំពីរ​ឆ្នាំ​៕Ph