ដោយ:ពៅនិមល/ភ្នំពេញ៖ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឲ្យរីកចម្រើនបន្ថែមទៀត។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុវត្តជំហានទី២បន្តទៀត ក្នុងការបណ្តុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារជូនដល់មន្ទីរខេត្តចំនួន៤ រួមមាន៖ខេត្តសៀមរាប ប៉ៃលិន កំពង់ធំ និងខេត្តព្រះសីហនុ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ បានឲ្យដឹងថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២០ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងគោលដៅអភិវឌ្ឍ និងបន្តពង្រឹងសមត្ថភាពមន្ត្រី ក.ប.ទ. លើ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថលរួមមានការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនិងចែករំលែកបទពិសោធការអនុការងារជាក់ស្តែងជាដើម ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួងនិងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ នាថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) ដែលជាសិក្ខាសាលាតំបន់ទី២ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិនក្រោមអធិបតីភាពលោករដ្ឋលេខាធិការ ខាយ ឃុនហេង និងលោកស្រីរដ្ឋលេខាធិការ រស់ សូរក្ខា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ អភិបាលរងខេត្តប៉ៃលិន គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៨៤រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៤ខេត្ត។
ប្រភពដដែល បានឲ្យដឹងទៀតថា កម្មវិធីបណ្ដុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១.បង្កើនចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាឌីជីថល និងពង្រឹងសមត្ថភាពជំនាញ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។ ២.ផ្សព្វផ្សាយអំពីគោលនយោបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយប្រៃសណីយ៍ ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ៣.បង្កើតឱ្យមានយន្តការចែករំលែកបទពិសោធល្អៗ ដែលបានមកពីការអនុវត្តការងារ និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ។
ក្នុងឱកាសនោះ លោក ខាយ ឃុនហេង បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ទទួលយកចំណេះដឹងដែលទទួលបានការចែករំលែកពីថ្នាក់ជាតិនាពេលនេះ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពបន្ថែមទៀត សម្រាប់បំពេញតួនាទីភារកិច្ចក្នុងការអនុវត្តការងារប្រចាំថ្ងៃនៅតាមអង្គភាពរៀងៗខ្លួនឱ្យទទួលបាននូវលទ្ធផលល្អប្រសើរថែមទៀតប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនិងត្រូវអភិវឌ្ឍសមត្ថភាពឱ្យស្របទៅតាមការវិវត្តបច្ចេកវិទ្យាទូរគមនាគមន៍ដែលមានការប្រែប្រួលឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) សម្រាប់មន្ទីរ ប.ទ. ទាំង ២៤ បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើនៅ៤ទីតាំង មានដូចជា ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣, ខេត្តប៉ៃលិន៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣, ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ និងខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៕/PC