បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរស័ព្ទ​ចល័ត បំណង​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត និង​អ៊ិន​ធឺ​ណិ​ត ឱ្យបាន​គ្រប់​ទីកន្លែង​

1405
ចែករម្លែក

ដោយៈ សុផល / ខេត្តកំពង់ឆ្នាំងៈ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា​នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ បាន​បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរស័ព្ទ​ចល័ត នៅ​ភូមិ​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្ត​គំ​បង់​ឆ្នាំង ក្នុង​គោលបំណង​ផ្តល់ជូន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី គឺ​សេវា​ទូរស័ព្ទ​ចល័ត និង​អ៊ិន​ធឺ​ណិ​ត​ឱ្យបាន​គ្រប់​ទីកន្លែង​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ទូទាំងប្រទេស​។​

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា​នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ បាន​បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរស័ព្ទ​ចល័ត នៅ​ភូមិ​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្ត​គំ​បង់​ឆ្នាំង (​រូប​: ក្រសួង​ប្រៃសណីយ​)

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ (USO) បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​នេះ​។​

​ការបើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរស័ព្ទ​ចល័ត​ក្រោម​ក្របខ័ណ្ឌ​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ អនុវត្ត​ដោយ​ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា​នេះ​ជា​សមិទ្ធផល​ថ្មី​របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​ក្របខណ្ឌ​នៃ​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ ក្នុងការ​ផ្តល់ជូន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី គឺ​សេវា​ទូរស័ព្ទ​ចល័ត និង​អ៊ិន​ធឺ​ណិ​ត​ឱ្យបាន​គ្រប់​ទីកន្លែង​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ទូទាំងប្រទេស សំដៅ​បង្កើន​ការតភ្ជាប់ និង​ការកាត់បន្ថយ​គម្លាត​ឌីជីថល​រវាង​ទីក្រុង​និង​ជនបទ ក៏ដូចជា​តំបន់​ដាច់ស្រយាល ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​ទទួលបាន​នូវ​ការប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត និង​អ៊ិន​ធឺ​ណិ​ត​នេះ​ដូចៗ​គ្នា និង​អាច​បាន​នូវ​ផលប្រយោជន៍​ចេញពី​ការអភិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ បន្ថែម​លើ​បណ្តាញ​គមនាគមន៍ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និង​អគ្គិសនី​។​

​លោកស្រី ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង បាន​ថ្លែងថា​នេះ​ជា​សមិទ្ធផល​ថ្មី ដល់​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង ទទួលបាន​ការតភ្ជាប់​សេវា​ទូរស័ព្ទ និង​អ៊ិន​ធឺ​ណី​ត ដែល​បម្រើ​ដល់​ការទំនាក់ទំនង​ប្រចាំថ្ងៃ និង​ដើម្បី​បង្កើន​កម្រិតជីវភាព​ប្រជាជន​នូវ​មូលដ្ឋាន ។​

​លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា បានបង្ហាញ​ពី​ការ​បេ្ត​ជ្ញា​របស់​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ក្នុង​ការបន្ត​ខិតខំ​ប្រឹងប្រែង​ផ្តល់នូវ​សេវា​ទូរស័ព្ទ​ចល័ត​ទំនើប​បំផុត​នៅ​កម្ពុជា ដែលមាន​តម្លៃ សមរម្យ និង​អាច​ទុកចិត្តបាន ដោយបាន​គូសបញ្ជាក់ថា​ការបើក​ការដ្ឋាន​ថ្ងៃនេះ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការចូលរួម​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ក្របខណ្ឌ​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ ដើម្បី​បន្ត​ពង្រីក​បណ្តាញ​សេវា​គ្របដណ្តប់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ជួយ​ប្រជាជន​កម្ពុជា​កាន់តែច្រើន​អាច​ទទួលបាន​សេវា​ទូរស័ព្ទ និង​អ៊ិន​ធឺ​ណិ​ត ក្នុងការ​ចូលរួម​ក្នុង​យុគសម័យ​ឌីជីថល​។


​លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានបញ្ជាក់​ថាៈ នេះ​គឺជា​ការបើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរស័ព្ទ​ចល័ត​ជំនា​ន់ទី​៣ និង​ទី​៤ (3G and 4G) នៃ​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​វិស័យ​ទូរគមនាគមន៍ ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន ស្មា​ត អាស្សា​តា សម្រាប់​ភូមិសាស្ត្រ​ស្រុក​ទឹកផុស និង​ស្រុក​កំពង់លែង ដែលជា​ផ្នែក​មួយ ក្នុងចំណោម​គម្រោង​ដទៃទៀត ក្នុង​តំបន់​អាទិភាព​ទាំង ៧ នៃ​ការអនុវត្ត​ផែនការ ការងារ​របស់​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ ក្នុង​ឆ្នាំ​២០១៧-២០១៨ (​រួមមាន ស្រុក​ទឹកផុស និង​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​, ស្រុក​ខ្សាច់កណ្តាល ស្រុក​ស្អាង និង​ស្រុក​ល្វាឯម ខេត្តកណ្តាល​, ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ និង តំបន់​អា​រ៉ែ​ង ខេត្តកោះកុង​)​។

​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លៃ​ង​អំណរគុណ​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ ដែល​បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ និង​បាន​ស្នើឱ្យ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នេះ ផ្ទាល់​សូម​ចូលរួម​ជួយ​ថែរក្សា​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ទាំងអស់គ្នា​សម្រាប់​ជា​ប្រយោជន៍​ដល់​យើងទាំងអស់គ្នា ជាពិសេស​ក្នុង​ការជំរុញ​កម្រិតជីវភាព​ឱ្យ​ប្រសើរឡើង តាមរយៈ​ការទាក់ទាញ​វិនិយោគិន​ឱ្យ​ងាក​មក​ចាប់អារម្មណ៍ ទីតាំង​ភូមិសាស្ត្រ​នៅក្នុង​មូលដ្ឋាន​របស់​យើង ដែលមាន​ផ្ទៃដី​ធំ​ទូលាយ​មាន​បណ្តាញ​ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង ផ្លូវគោក ផ្លូវដែក ផ្លូវទឹក​និង​មាន​អនុ​ស្ថានីយ៍​ផ្តល់​ថាមពល​អគ្គិសនី​នៅទីនេះ​ស្រាប់​សុទ្ធសឹង​ជា​កត្តា​ទាក់ទាញ​ប្រកបដោយ​សក្តានុពល​។​

​គួរ​ជម្រាប​ថា​ផងដែរ​ថា មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ ត្រូវបាន​បង្កើតឡើង​ដោយ​ច្បាប់​ទូរគមនាគមន៍ ដោយបាន​កំណត់​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំឆ្នាំ​ចំនួន ២% នៃ​ចំណូល​ដុល​សរុប​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​បង្កើន​ការតភ្ជាប់ និង​ការកាត់បន្ថយ​គម្លាត​ឌីជីថល​រវាង​ទីក្រុង និង​ជនបទ​ព្រមទាំង​ចូលរួម​ក្នុង​អភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម