ដោយៈ ប.ខុន / ភ្នំពេញៈ ព្យុះស៊ីក្លូនមួយ ដែលកំពុងមានសកម្មភាព នៅក្នុងសមុទ្រឥណ្ឌា ដោយមានដំណើរទៅឡើងគោក លើប្រទេសភូមា នាថ្ងៃទី១៥ ខែឧសភា បានបង្កឱកាសឱ្យជ្រលងសម្ពាធទាប រុញចុះខ្លាំង មកពីភាគឦសាន ជាមួយនឹងទឹកភ្លៀង ធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស កើតមានរហូតដល់ក្រោយ ថ្ងៃទី១៦ ខែឧសភា ទើបចុះខ្សោយទៅវិញ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និង ឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ថាៈ ព្យុះស៊ីក្លូនមួយ ដែលកំពុងមានសកម្មភាព នៅក្នុងសមុទ្រឥណ្ឌា វាមានដំណើរទៅ ឡើងគោក លើប្រទេសភូមា នៅអំឡុងថ្ងៃទី១៥ ខែឧសភា ហើយបន្ទាប់ពីនោះ ស្ថានភាពភ្លៀង នៅក្នុងប្រទេសកម្ពុជា អាចនឹងចុះខ្សោយទៅវិញមួយរយៈ។
អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បានបញ្ជាក់ថាៈ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ប៉ុន្មាន ថ្ងៃមកនេះ និងនៅបន្តមានពីរ បីថ្ងៃទៀត ដោយសារឥទ្ធិពលជ្រលងសម្ពាធទាប រុញចុះមកពីភភាគឦសាន។ ចំពោះឯបាតុភូតមួយ នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ដែលនឹងក្លាយទៅព្យុះនោះ អាចរលាយទៅវិញ នៅក្នុងសមុទ្រខាងកើត ឆ្ងាយពី ប្រទេសហ្វីលីពីន។ រដូវវស្សា មិនទាន់ចូលមកដល់ពេញលេញនៅឡើយទេ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានជូន ដំណឹង ស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភាថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាប មកពីភាគខាងជើងប្រទេស និង ខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ នាំឱ្យសីតុណ្ហភាព អប្បបរមា មានពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ ។ អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិច ទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរថាៈ ស្ថានភាពអាកាសធាតុ បែបខាងលើ ធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា ពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀងធ្លាក់រាយ ប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ V / N