ដោយ:បាយ័ន/សៀមរាប៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ គណៈ គិលានុបដ្ឋាកកម្ពុជា បានប្រារព្ធពិធីអបអរសាទរ ទិវាគណៈ គិលានុបដ្ឋាកអន្តរជាតិនៅខេត្តសៀមរាប ក្រោមប្រធានបទ”វឌ្ឍនភាព របស់គិលានុបដ្ឋាកជាផ្នែកមួយនៃការអភិវឌ្ឍវិស័យសុខាភិបាល “ នៅសាលមហោស្រពមន្ទីពេទ្យជ័យវរ័្មនទី៧ ក្រុងសៀមរាប។

ពិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិកា រ ក្រសួងសុខាភិបាល ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាគិលានុដ្ឋាក នៃមន្ទីរពេទ្យថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិ និង មន្ទីរពេទ្យ បង្អែក នានាទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ។

លោក អ៊ុន សាន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បាន លើកឡើងថា ទិវាគិលានុបដ្ឋាកត្រូវបានបង្កើតឡើងតាំងពី ឆ្នាំ១៩៦៥ និងមានការទទួលស្គាល់ប្រារព្ធទិវា គិលានុបដ្ឋាកតាមប្រទេស នីមួយៗរៀងរាល់ឆ្នាំនៅចន្លោះថ្ងៃទី៦-១៥ ខែឧសភា ក្នុងគោល បំណងដើម្បីអបអរសាទរដល់ការចូលរួមរបស់គិលានុបដ្ឋាកក្នុងការធ្វើឱ្យមានការរីកចម្រើននៅក្នុងសង្គមជាតិដែលគិលានុបដ្ឋាកកំពុងប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការដោះស្រាយបញ្ហាដែលកំពុងប្រឈមមុខនិងបានធ្វើឱ្យមានការរីកចំរើនៅក្នុងសង្គមជាតិ ហើយគិលានុបដ្ឋាក នេះ គឺជាកំលាំងពលកម្មធំជាងគេនិងនៅជាប់ជាមួយអ្នកជំងឺ ២៤ម៉ោងហើយ ដែលមានចំនួន ៥៥ភាគរយ នៅក្នុងប្រព័ន្ធសុខា ភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ការប្រារព្ធពិធីនៅថ្ងៃនេះបានបង្ហាញនូវឆន្ទៈ និងការប្តេជ្ញា ចិត្តយ៉ាងមុតមាំរបស់គិលានុបដ្ឋាកក្នុងការចូលរួមចំណែកអភិវឌ្ឍជំនាញ វិជ្ជាជីវៈ សំដៅធ្វើឱ្យមានការរីកចំរើននៅក្នុងសង្គមជាតិតាមរយៈ ការចូលរួមដោះស្រាយបញ្ហាសុខភាពចំបងៗដែល កំពុងប្រឈមមុខ ដូចជាកំណើននៃជំងឺមិនឆ្លង ការបង្ករោគក្នុងមន្ទីរពេទ្យ ជំងឺមនុស្សចាស់ជរា និង ជាពិសេសបញ្ហាកង្វះកំលាំងពលកម្ម គិលានុបដ្ឋាកនៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត នៅក្នុងប្រទេស តំបន់ និងទូទាំងពិភពលោក ហើយគិលានុបដ្ឋាកក៏ជាកំលាំងចលករ របស់ក្រសួងសុខាភិបាល ដែលជាអ្នកជំរុញឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ក្នុងការផ្តល់ សេវាថែទាំប្រកបដោយគុណភាព និងលើកកម្ពស់សុខភាពអ្នកជំងឺ និង ប្រជាពលរដ្ឋ។

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានលើកឡើងថា នៅក្នុងពេលបច្ចុប្បន្ននេះ គិលានុបដ្ឋាក មានចំនួនច្រើនជាងវិជ្ជាជីវៈសុខាភិបាលដៃទទៀត នេះអាចបញ្ជាក់បានថា ជាផ្នែកមួយ និងជាកម្លាំងមួយដ៏ធំបំផុតក្នុងវិស័យសុខាភិបាល មិនអាចខ្វះបាន ដែលអាចឱ្យវិស័យសុខាភិបាលមានការអភិវឌ្ឍកាន់តែលឿនឆាប់រហ័ស ប្រសិនបើគិលានុបដ្ឋាកបានទទួលការបណ្ដុះបណ្តាលឱ្យកាន់តែខ្ពង់ខ្ពស់ទៅទៀតនោះ ហើយគិលានុបដ្ឋាកនេះ ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសុខាភិបាល ។

លោកប្រធានមន្ទីរបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលសុខសន្តិភាព និងភាពល្បីល្បាញ លើឆាកអន្តរជាតិ ក្នុងនោះគិលានុបដ្ឋាកក៏បានចូលរួមយ៉ាងសកម្មលើការថែទាំ សង្គ្រោះអ្នកជំងឺកូវីដ១៩ជាដើម និងព្រឹត្តិការណ៍ថ្មីនេះ គឺកីឡាអាស៊ីអាគ្នេយ៍ ដែលបានបញ្ចូនគិលានុបដ្ឋាកយ៉ាងច្រើនដើម្បីជួយដល់ជនរង គ្រោះនៅក្នុងព្រឹត្តិការណ៍នេះ ។

លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា គិលានុបដ្ឋាន មិនមែនជាអ្នកបម្រើរបស់គ្រូពេទ្យនោះទេ តែពួកគាត់ជាដៃគូសហការជាមួយគ្រូពេទ្យ និង បានជួយការងារគ្រូពេទ្យបានច្រើន ដូច្នេះក្នុងឱកាសនេះ បានរំឭកជាថ្មីម្ដងទៀតដល់គ្រូពេទ្យ ក៏ដូចជាគិលានុបដ្ឋាក គិលានុបដ្ឋាកយិកាទាំងអស់ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត និងត្រូវគោរពនូវក្រមវិជ្ជាជីវៈឲ្យម៉ត់ចត់ ព្រោះថា ក្រមវិជ្ជាជីវៈ បាននាំមកនូវសេចក្តីថ្លៃថ្នូដល់យើងគ្រប់គ្នា៕សរន / N