​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រជាជន​អាហ្វ្រិក​ខាងត្បូង​បាន​ខឹងសម្បា​និង​ងឿងឆ្ងល់​ជាខ្លាំង​កាលពី​ថ្ងៃ​សុក្រ​ទី​១២​ឧសភា​បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បានចោទប្រកាន់​ប្រទេស​របស់​​ពួកគេ​ថា​បាន​ដឹក​ជញ្ជូន​អាវុធ​ដោយ​សម្ងាត់​ឱ្យទៅ​រុស្ស៊ី ជា​ការចោទប្រកាន់​មួយ​ដែល​បង្ក​ឱ្យ​មាន​ការស្តីបន្ទោស​ទាំង​រដ្ឋាភិបាល​ប៉ុន្តែ​នាំឱ្យ​មាន​ការប្រកាស​អំពី​ការស៊ើបអង្កេត​ផងដែរ​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក លោក រូបិន ព្រី​ជេទី (Reuben Brigety) កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ទំនុកចិត្ត​ថា​សព្វាវុធ​និង​គ្រាប់​ត្រូវបាន​ដឹក​តាម​​នាវា​ដឹក​ទំនិញ​របស់​រុស្ស៊ី ដែល​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​ខេ​ប​ថោ​ន (Cape Town)​កាលពី​ខែ​ធ្នូ​។​

​ការលើកឡើង​ដ៏​កក្រើក​នេះ​បាន​ទាញ​ការឆ្លើយតប​យ៉ាង​ខឹងសម្បា​ពី​ប្រធានាធិបតី ស៊ី​រី​ល រ៉ា​ម៉ា​ហ្វូ​សា (Cyril Ramaphosa) ដែល​មិន​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ទេ ប៉ុន្តែ​និយាយថា ចៅក្រម​ចូលនិវត្តន៍​ម្នាក់​នឹង​ដឹកនាំ​ការស៊ើបអង្កេត​លើ​បញ្ហា​នេះ​។​

​រឿងរ៉ាវ​ទាំងនេះ​ក៏​ត្រូវ​បាន​ចាក់​សាំង​ដុត​បន្ថែម​ដោយ​វិមាន​ក្រឹម​ឡាំង​ផងដែរ ដែល​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​បាន​យល់ព្រម​ក្នុងការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​កាន់​​តែ​ស៊ីជម្រៅ​ជាមួយ​លោក​រ៉ា​ម៉ា​ហ្វូ​សា​។​

​អាហ្វ្រិក​ខាងត្បូង​បាន​ចាក់ខ្សែ​កណ្តាល​យ៉ាង​ប្រយ័ត្នប្រយែង​ផ្នែក​ការទូត​ជុំវិញ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន ដែល​ខ្លួន​បដិសេធ​មិន​ថ្កោលទោស​ទេ ដោយ​និយាយថា​ខ្លួន​ចង់បាន​ការសន្ទនា​ដើម្បី​​បញ្ចប់​សង្គ្រាម​ជាង​។​

​ប្រទេស​នេះ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រឹងមាំ​ជាមួយ​សហរដ្ឋ​អាម៉េរិក​និង​អឺរ៉ុប​។ ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​មាន​ទំហំ​តូច​ជាង ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប្រេតូ​រី​យ៉ា (Pretoria) មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​តាំង​ពី​រាប់​ទសវត្សរ៍​មុន គឺ​តាំងពី​ពេល​ដែល​វិមាន​ក្រឹម​ឡាំង​បាន​គាំទ្រ​គណបក្ស​សមាជជាតិ​អាហ្វ្រិក (ANC) ក្នុងការ​តស៊ូ​ប្រឆាំង​នឹង​ការរើសអើង​ជាតិ​សាសន៍​។​

​ការប្រកាស​អំពី​ការស៊ើបអង្កេត​ត្រូវបាន​ស្វាគមន៍​ដោយ​សហរដ្ឋ​អាម៉េរិក ប៉ុន្តែ​បាន​ជួប​នឹង​ការ​សើចចម្អក​និង​ការងឿងឆ្ងល់​នៅក្នុង​ស្រុក​។​

​លោក ដា​នៀល ស៊ី​ល (Daniel Silke) អ្នកវិភាគ​នយោបាយ​និង​សេដ្ឋកិច្ច​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​វា​ប្រហែល​ចង្អុលបង្ហាញ​ថា​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​អត់​ដឹងថា​មានរឿង​អ្វី​កើតឡើង​សោះ​ក្រោម​ការដឹកនាំ​របស់​គាត់​”៕

ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក ស៊ី​រី​ល រ៉ា​ម៉ា​ហ្វូ​សា