ដោយ៖ ទេព មង្គល / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេច ស្តីពីការបិទ និងដក ហូតសេចក្តីសម្រេចឱ្យ បើកមន្ទីរសំរាកព្យាបាល ចំនួន៣ គឺមន្ទីរសំរាកព្យាបាល មិត្តភាពចតុមុខ មន្ទីរសំរាកព្យាបាល មិត្តភាពមណ្ឌលនៃក្ដីសង្ឈឹម និងមន្ទីរសំរាក ព្យាបាល មិត្តភាពពោធិ៍ចិនតុង ។

ក្រសួងសុខាភិបាល បានបញ្ជាក់ពីមូលហេតុ នៃសេចក្តីសម្រេច ស្តីពីការបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសំរាកព្យាបាលទាំង៣នោះថាៈ បិទ និងដក ហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសំរាកព្យាបាលមិត្តភាពចតុមុខ ដែលមានទីតាំងនៅ ផ្ទះលេខ១៨ ផ្លូវលេខ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមូលហេតុ មន្ទីរសំរាកព្យាបាលនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវ និងអវត្តមានប្រចាំការ នៅក្នុងមន្ទីរសំរាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍ អំពីសកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ មកនាយកដ្ឋានជំនាញ នៃក្រសួងសុខាភិបាល ដែលជាការមិនអនុវត្តតាមច្បាប់ ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម នស/រកម/១១០០/១០ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០០ និងប្រកាសលេខ០៣៤ អបស.មព ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១១ របស់ក្រសួងសុខាភិបាល ព្រមទាំងកិច្ចសន្យាធានាអះអាង ពេលស្នើសុំបើកមន្ទីរសំរាកព្យាបាល។

ក្នុងសេចក្ដីសម្រេចនោះដែរ​ក្រសួងសុខាភិបាល ក៏បានទុកជានិរាករណ៍ នូវសេចក្ដីសម្រេចលេខ ១០៩/២១ អបស/មព (មន្ទីរសំរាកព្យាបាលមិត្តភាព ចតុមុខ) , សេចក្ដីសម្រេចលេខ ១០៨/២១ អបស/មព (មន្ទីរសំរាក ព្យាបាល មិត្តភាពមណ្ឌលនៃក្ដីសង្ឈឹម) និងសេចក្ដីសម្រេចលេខ ១១០/២១ អបស/មព (មន្ទីរសំរាកព្យាបាល មិត្តភាពពោធិ៍ចិនតុង) ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាលនេះ៕/V/R