ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ បានបញ្ជាក់និងបំភ្លឺបន្ថែម ជុំវិញការបិទមន្ទីរសម្រាកព្យាបាលឯកជន ចំនួន ៣ កន្លែង នៅរាជធានីភ្នំពេញ ដោយក្រសួង អះអាងថា ទីតាំងដែលបិទនោះ មិនមែនជាមន្ទីរពេទ្យរបស់រដ្ឋ ដែលមានឈ្មោះ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម Sihanouk Hospital Center of Hope (SHCH) នោះឡើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថាៈ មន្ទីរសម្រាកព្យាបាលឯកជន ដែលបិទនោះរួមមានៈ ១. មន្ទីរសម្រាកព្យាបាលមិត្តភាពមណ្ឌលនៃក្ដីសង្ឃឹម , ២. មន្ទីរសម្រាក ព្យាបាលមិត្តភាពចតុមុខ និង ៣. មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង។
មន្ទីរសម្រាកព្យាបាលទាំង ៣កនែ្លង ខាងលើនេះ មិនមែនជាមន្ទីរពេទ្យរបស់រដ្ឋ ដែលមានឈ្មោះមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឃឹម Sihanouk Hospital Center of Hope (SHCH) នោះឡើយ។
នាពេលកន្លងមកនេះ ក្រសួងបានខិតខំពង្រឹងការងារផ្តល់សេវាសុខាភិបាល ជាពិសេសផ្នែកឯកជននេះ ឲ្យបានសមស្របទៅនឹងនិយាមប្រតិបត្តិស្តង់ដារ អប្បបរមា (Minimum standard) ដែលក្រសួងបានចេញផ្សព្វផ្សាយរួច ហើយ នៅដើមឆ្នាំ២០២៣ នេះ ជាមួយនឹងការជំរុញឲ្យមានការអនុវត្តន៍សេចក្តី ណែនាំ និងច្បាប់ទម្លាប់នានា ដែលមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួង ក៏ធ្លាប់បានបិទគ្លីនិកឯកជនមួយចំនួន ដែលមិនគោរពតាមច្បាប់ទម្លាប់ ឬក៏បានប្រព្រឹត្តនូវទង្វើមិនសមស្រប តាមគោលការណ៍បច្ចេកទេស ហើយក្រសួង នឹងបន្តធ្វើការត្រួតពិនិត្យបច្ចេកទេសនេះ តាមរយៈក្រុមការងារ ដែលបានបង្កើតឡើង រួចហើយ នៅតាមសេវាឯកជនផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ លើការបន្តការតាមដានសុខភាព ឬការស្វែងរកការពិនិត្យ ព្យាបាលជំងឺនោះ ក្រសួង ក៏សូមបញ្ជាក់ជូនផងដែរថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានមន្ទីរជាតិចំនួន ១២ កន្លែង មន្ទីរពេទ្យរាជធានី -ខេត្តចំនួន ២៥ មន្ទីរពេទ្យបង្អែកស្រុកចំនួន ៩៥ កន្លែង មណ្ឌលសុខភាពចំនួន ១.២៨៨ កន្លែង និងប៉ុស្តិ៍សុខភាពចំនួន ១២៥ កន្លែង ដែលកំពុងបន្តផ្តល់សេវា ពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរើសវណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយដែលជាជម្រើសសម្រាប់បងប្អូន ដែលមានបំណងទៅស្វែងរកការពិនិត្យ និងព្យាបាលសុខភាព ហើយមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិមួយចំនួន ក៏មានបម្រើសេវាពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម លើសឈាម បេះដូង សរសៃប្រសាទ និងជំងឺផ្សេងៗផងដែរ។
ក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីថាៈ អាស្រ័យហេតុនេះ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ័ន្តច្រឡំមន្ទីរសម្រាកព្យាបាលឯកជនទាំង៣ ដែលក្រសួងបានបិទ ខាងលើនេះ ថាជាមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្ដីសង្ឈឹម ដែលជាមន្ទីរពេទ្យរដ្ឋ កំពុងតែដំណើរការ ហើយសូមអំពាវនាវឱ្យមន្ទីរសម្រាក ព្យាបាល ឬគ្លីនិកឯកជនទាំងអស់ ចូលរួមជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋា ភិបាល ក្នុងការពង្រឹងគុណភាពសេវា ការអនុវត្តបរិវត្តកម្មឌីជីថល សុខាភិបាល និងការអនុវត្តគោលការណ៍ប្រតិបត្តិ ព្រមទាំងច្បាប់ទម្លាប់ ដែលមានជាធរមាន ឱ្យបានល្អប្រសើរ ដើម្បីជាគុណប្រយោជន៍ ដល់ការលើកកម្ពស់ សុខភាពប្រជាជន កម្ពុជាទូទៅ៕ V / N