ដោយៈ មុនីរ័ត្ន/ភ្នំពេញ : លោក ហ៊ុន ម៉ានិត បានបញ្ជាក់ថា ការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយក រដ្ឋមន្ត្រីអនាគត គឺជាការសម្រេចដ៏ត្រឹមត្រូវ ហើយបងណែតជា ថ្នាក់ដឹក នាំម្នាក់ដែលពោរពេញដោយសមត្ថភាព ទស្សនៈវិស័យ និងចក្ខុវិស័យច្បាស់លាស់ ប្រកបដោយសីលធម៌ សច្ចធម៌ គុណធម៌ និងព្រហ្មវិហារធម៌ ដើម្បីបន្តការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍជឿនលឿន មានសុខសុវត្ថិភាព ស្ថិរភាព និងសន្តិភាពជានិរន្តន៍។ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺបានដាក់គោលដៅថែរក្សាការពារសុខសន្តិភាពជាចម្បង និងអាទិភាព។

ការបញ្ជាក់នេះ ក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពោធមហាកុដិ ខ្លោងទ្វារ និង សមិទ្ធផលនានា និងចូលរួមពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេន ព្រះលេខាធិការ អនុគណស្រុកចំការលើ ក្នុងវត្តមុនីសោភ័ណរង្សី (ហៅវត្តតាំងក្រង់) ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃ ទី១២ ខែឧសភា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ានិត បានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ពុទ្ធបរិស័ទ និងព្រះសង្ឃ បានចាប់ផ្តើមកសាងវត្តនេះឡើងវិញ និងបានកសាងសមិទ្ធ ផល ជាបន្តបន្ទាប់។ នាថ្ងៃនេះ យើងបានចូលរួមសម្ពោធសមិទ្ធផល បន្ថែមទៀត រួមមានកុដិថ្ម ផ្លូវបេតុង ដាក់បង្គោលភ្លើង បន្ទប់អនាម័យ អណ្តូងទឹក ឃ្លាំង ក្លោងទ្វា របង និងកសាងរូបសំណាកក្នុងវត្ត។
លោក ហ៊ុន ម៉ានិត បានបញ្ជាក់ទៀតថា សុខសន្តិភាព បានបង្កបរិយាកាសឱ្យយើងជួបជុំគ្នាដោយរីករាយ មានពេលវេលា និងឱកាសចូលរួមអភិវឌ្ឍទាំងអាណាចក្រ និងពុទ្ធចក្រ។ វិស័យទាំងពីរនេះ បានដើរទន្ទឹមគ្នា មិនអាចកាត់ផ្តាច់ពីគ្នាបានទេ បើសង្គម និងប្រទេសជាតិ គ្មានស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍ នោះផ្នែកពុទ្ធចក្រ ក៏មិនអាចរីកចម្រេីន កសាងសមិទ្ធផលជាបន្តបន្ទាប់បានដែរ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ ជាន់ថ្នាក់ ក្រុមការងារគណបក្ស ក្រុមការងារថ្នាក់ជាតិ និងមន្ត្រីគណបក្សនៅ មូលដ្ឋាន ចំពោះកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាជន អភិវឌ្ឍមូលដ្ឋានទាំង អាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយបញ្ហាជូនប្រជាជន ឈរលើផល ប្រយោជន៍ រួម។
សូមកោតសរសើរព្រះចៅអធិការវត្តគ្រប់ ជំនាន់ គណៈកម្មការចំណុះជើងវត្ត ខិតខំកសាង និងគៀងគរថវិកាពីពុទ្ធបរិស័ទ និងសប្បុរសជន ដើម្បីកសាងសមិទ្ធផលផ្សេង ចូលរួមអភិវឌ្ឍវិស័យពុទ្ធចក្រ៕សរន / N