ប្រែសម្រួល : កញ្ញាដាលីស (CNA) ៖ នាយករដ្ឋមន្ត្រីកំពុងកាន់អំណាចរបស់ថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងប្រជែងការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា ក្រោមគណបក្សផ្សេងគឺ គណបក្សរួបរួមជាតិថៃ បន្ទាប់ពីចែកផ្លូវជាមួយគណបក្សកាន់អំណាច ផាឡាងប្រាឆារ៉ាត់ (Palang Pracharat) ដែលបានដាក់គាត់ជាជម្រើសរបស់ពួកគេសម្រាប់ការងារកំពូលរបស់ប្រទេសក្នុងឆ្នាំ ២០១៩។
ប៉ុន្តែបើទោះជាគាត់ត្រឡប់មកកាន់តំណែងវិញក៏ដោយ ក៏បុរសអាយុ ៦៩ ឆ្នាំរូបនេះអាចបម្រើការងារបានតែពីរឆ្នាំប៉ុណ្ណោះ មុនពេលគាត់ឈានដល់ដែនកំណត់អាណត្តិរបស់គាត់។
អតីតមេទ័ពថៃរូបនេះបានដឹកនាំប្រទេសថៃអស់រយៈពេលជាងប្រាំបីឆ្នាំ ចាប់តាំងពីគាត់បានទម្លាក់រដ្ឋាភិបាលស៊ីវិលក្នុងរដ្ឋប្រហារឆ្នាំ ២០១៤។
– នាយករដ្ឋមន្ត្រីប្រាយុទ្ធព្យាយាមបន្ទន់រូបភាព
ខណៈគាត់តស៊ូដើម្បីបន្តធ្វើជាមេដឹកនាំប្រទេស ឧត្តមសេនីយ៍ប្រាយុទ្ធបានប្រឹងប្រែងឱ្យគេអាចមើលឃើញគាត់ជាញឹកញាប់និងអាចប្រាស្រ័យទាក់ទងបានក្នុងអំឡុងយុទ្ធនាការបោះឆ្នោត។ គាត់បានទម្លាក់ចុះអាកប្បកិរិយាជាបុរសខ្លាំងខាងយោធាទៅធ្វើរឿងមិននឹកស្មានដល់មួយចំនួនកាលពីប៉ុន្មានខែមុន ដូចជា ការយកកាំភ្លើងបាញ់ទឹកបាញ់គ្នានៅលើផ្លូវខៅសានក្នុងពេលបុណ្យចូលឆ្នាំថៃ។
ការបង្ហាញមុខមាត់ដែលមានអារម្មណ៍ល្អបែបនេះក៏បង្ហាញដែរ ថាតើគណបក្សរួបរួមជាតិថៃជឿជាក់កម្រិតណាថាគាត់នឹងស្រូបយកសន្លឹកឆ្នោតសម្រាប់ពួកគេ។
នៅក្នុងការបោះឆ្នោតមួយ ដែលគូប្រជែងរបស់គាត់កំពុងកេងចំណេញលើបំណងប្រាថ្នារបស់អ្នកបោះឆ្នោតសម្រាប់ការផ្លាស់ប្តូរ មេដឹកនាំរដ្ឋប្រហារយោធាប្រែក្លាយជាអ្នកនយោបាយពេញម៉ោងរូបនេះកំពុងជំរុញឱ្យប្រជាជនថៃជ្រើសរើសយកភាពជាប់លាប់។
ឧត្តមសេនីយ៍ប្រាយុទ្ធ ដែលបាវចនាយុទ្ធនាការរបស់គាត់មានន័យថា “ធ្វើរួច កំពុងបន្តធ្វើទៀត នឹងបន្តធ្វើទៀត” បាននិយាយថា “យើងបានមកដល់ផ្លូវវែងឆ្ងាយហើយ។យើងមិនអាចត្រឡប់ទៅកន្លែងដែលយើងបានចាប់ផ្តើមទេ។ យើងមានឱកាសតែមួយគត់នៅពេលនេះ ដែលអ្វីៗកំពុងចង្អុលទៅកាន់ចំណុចកំពូល”។
“មិនថាមានអ្វីកើតឡើងនៅកន្លែងផ្សេងនោះឡើយ ថៃត្រូវតែជាទឹកដីនៃសុភមង្គល។ ប្រជាជនថៃត្រូវតែរួបរួមគ្នា”។
រដ្ឋប្រហារយោធាក្នុងឆ្នាំ ២០១៤ គឺជាការចាប់ផ្តើមនៃរជ្ជកាលនយោបាយរបស់ឧត្តមសេនីយ៍ប្រាយុទ្ធខណៈមេទ័ពរូបនេះបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់។
រដ្ឋាភិបាលយោធា ដែលលោកមើលការខុសត្រូវ ក៏បានត្រួតពិនិត្យលើការសរសេររដ្ឋធម្មនុញ្ញថ្មីផងដែរ ដែលអនុញ្ញាតឱ្យគាត់ឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំ ២០១៩និងបន្តបម្រើការងារចាប់ពីពេលនោះមក។ប៉ុន្តែត្បិតផ្លាស់ប្តូរពីឯកសណ្ឋានយោធាទៅជាឈុតអាវធំក្រោយទទួលបានតំណែងនាយករដ្ឋមន្ត្រីក្នុងនាមជាបេក្ខជនរបស់បក្សផាឡាងប្រាឆារ៉ាត់ក៏គាត់កម្រចូលរួមក្នុងនយោបាយរបស់បក្សនោះដែរ។
– ជម្លោះក្នុងបក្សកាន់អំណាច
គាត់បានទុកអោយឧបនាយករដ្ឋមន្ត្រីនិងជាឧត្តមសេនីយ៍យោធាលោក ប្រាវីត វ៉ង់ស៊ូវ៉ាន់ (Prawit Wongsuwan)ដែលជាប្រធានបក្សដើម្បីដោះស្រាយជាមួយនឹងការបែកបាក់ក្នុងបក្សកាន់អំណាច។ ប៉ុន្តែជម្លោះឥតឈប់ឈររវាងមនុស្សក្នុងក្រុមដែលគាំទ្រនិងប្រឆាំងលោកប្រាយុទ្ធបាននាំឱ្យមានប្រេះឆាហើយនៅទីបំផុតនាំទៅដល់ការបែកបាក់។
បន្ទាប់មក ឧត្តមសេនីយ៍ប្រាយុទ្ធបានសម្រេចចិត្តប្តូរគណបក្ស ហើយប្តេជ្ញាចិត្តថានឹងប្រឹងប្រែងជាប់ឆ្នោតឡើងវិញ។
គណបក្សរួបរួមជាតិថៃត្រូវបានបង្កើតឡើងដោយទីប្រឹក្សាជិតស្និទ្ធបំផុតរបស់គាត់កាលពីពីរឆ្នាំមុន គឺមុនពេលដែលការបែកបាក់ក្នុងរដ្ឋាភិបាលត្រូវបានបង្ហាញជាសាធារណៈ។
បញ្ហាប្រឈមដំបូងគឺត្រូវឱ្យអ្នកបោះឆ្នោតដឹងថា នាយករដ្ឋមន្ត្រី រហស្សនាម “លោកពូទូ” ឥឡូវនេះកំពុងស្ថិតក្រោមបដាគណបក្សថ្មី។
ទោះយ៉ាងណា នោះបានចោទជាសំណួរថាតើសមិទ្ធផលរបស់រដ្ឋាភិបាលកន្លងមកជារបស់គណបក្សណា?
អគ្គលេខាធិការបក្សរួបរួមជាតិថៃលោក អាកាណាត ព្រំផាន (Akanat Promphan) ជឿថា ចម្លើយគឺគេដឹងច្បាស់អស់ហើយ៕
លោកប្រាយុទ្ធកំពុងបន្ទន់មុខមាត់ដើម្បីទាក់ទាញសំឡេងឆ្នោត