ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានទៅដល់ទីក្រុងប៊ែរឡាំង នៅពេលលោកស្វះស្វែងរកការគាំទ្រមកពីសម្ពន្ធមិត្តរបស់រដ្ឋាភិបាលទីក្រុងគៀវប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ហ្សេឡេនស្គី បានសរសេរបង្ហោះក្រោយពាក់កណ្តាលយប់ឈានចូលថ្ងៃអាទិត្យថា « មកដល់ក្រុងប៊ែរឡាំងហើយ» ក្រោយចេញដំណើរពីអ៊ីតាលី ដោយបានជួបប្រជុំជាមួយមន្ត្រីអ៊ីតាលីនិងសម្តេចប៉ាប ហ្វ្រង់ស៊ីស កាលពីថ្ងៃសៅរ៍។
មេដឹកនាំអ៊ុយក្រែនរូបនេះធ្លាប់បានទៅអាល្លឺម៉ង់ជាចុងក្រោយកាលពីខែកុម្ភៈ ឆ្នាំមុនសំរាប់ចូលរួមប្រជុំក្រុមប្រឹក្សាសន្តិសុខក្រុងមុយនិចនៅមុនសង្គ្រាមផ្ទុះឡើង។អាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប បានប្រឈមការរិះគន់ពេលសង្គ្រាមចាប់ផ្តើមចំពោះអ្វីដែលអ្នកខ្លះហៅថាភាពស្ទាក់ស្ទើរក្នុងការឆ្លើយតប តែជាបន្តបន្ទាប់បានក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធធំជាងគេសំរាប់អ៊ុយក្រែន នៅមុខមហាអំណាចអឺរុបដទៃទៀត ដូចជាបារាំង។
អាល្លឺម៉ង់កាលពីថ្ងៃសៅរ៍ បានប្រកាសផ្តល់ជំនួយយោធា២,៧ពាន់លានអឺរ៉ូ(៣ពាន់លានដុល្លារ)ដល់អ៊ុយក្រែន ដែលជាជំនួយមួយកញ្ចប់ធំបំផុតរបស់ខ្លួនចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន និងបានសន្យាគាំទ្ររដ្ឋាភិបាលទីក្រុងគៀវបន្ថែមដរាបណាប្រទេសនេះនៅត្រូវការ។
ប្រទេសនេះក៏ទទួលយកជនភៀសខ្លួនអ៊ុយក្រែនប្រមាណ១លាននាក់។
លោកហ្សេឡេនស្គី នឹងទំនងជាចង់ដឹងដោយផ្ទាល់ពីអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល ថាតើលោកមើលឃើញការបញ្ចប់សង្គ្រាមនេះដោយរបៀបណា នេះបើតាមលោក គ្រីស្ទៀន ម៉ូអេលលីង(Christian Moelling) នាយករងនៃក្រុមប្រឹក្សាកិច្ចការបរទេសអាល្លឺម៉ង់។លោកថា «តើអាល្លឺម៉ង់ចង់អោយអ៊ុយក្រែនឈ្នះសង្គ្រាមឬ វាល្មមបញ្ចប់សង្គ្រាមណឹង?វាសំខាន់ដែលលោកហ្សេឡេនស្គីឮសម្តីពីអធិការបតីរូបនេះដោយផ្ទាល់»។
លោកម៉ូអេលលីង បានបន្ថែមថា អ៊ុយក្រែនក៏ចង់ដឹងអំពីការគាំទ្រហិរញ្ញវត្ថុមកពីសម្ពន្ធមិត្ត នៅពេលខ្លួនប្រឈមការបាត់បង់អាយុជីវិតមនុស្សច្រើននៅក្នុងស្រុក។«អ៊ុយក្រែនត្រូវការជំនួយហិរញ្ញវត្ថុដើម្បីសងបំណុលរបស់ខ្លួន ហើយអាល្លឺម៉ង់ដើរតួធំក្នុងរឿងនេះ…»៕
ជំនួយយោធាមួយកញ្ចប់ធំថ្មី រួមមាន រថក្រោះLeopard 1 A5 ចំនួន៣០គ្រឿង រថពាសដែកMarderចំនួន២០គ្រឿង រថយន្តយោធាជាង១០០គ្រឿង កាំភ្លើងធំ១៨ដើម ដ្រូនស៊ើបការណ៍២០០គ្រឿង ប្រព័ន្ធប្រឆាំងយន្តហោះIRIS-T SLMចំនួនបួនឈុត និងគ្រឿងបរិក្ខារយោធាដទៃទៀត