ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ បានអំពាវនាវអោយមានបាតុកម្មដើម្បី«សេរីភាព»នៅទូទាំងប្រទេសនៅថ្ងៃអាទិត្យក្រោយលោកត្រូវបានចាប់ឃាត់ខ្លួនមួយរយៈពេលខ្លីកាលពីសប្តាហ៍មុន ដែលបង្កការអំពើហិង្សារវាងអ្នកគាំទ្ររបស់លោកនិងកងកម្លាំងសមត្ថកិច្ច។
អតីតតារាកីឡាគ្រីឃីតរូបនេះ ត្រូវបានដោះលែងអោយនៅក្រៅឃុំកាលពីថ្ងៃសុក្រក្រោយពីតុលាការកំពូលប្រកាសថា ការឃាត់ខ្លួនលោកជាការខុសច្បាប់។ផ្ទុះកំហឹងដោយការចាប់ខ្លួននេះ អ្នកគាំទ្រកាលពីសប្តាហ៍មុនបានដុតអាគាររដ្ឋ បិទផ្លូវនិងវាយបំផ្លាញទ្រព្យសម្បត្តិជារបស់យោធា ដែលពួកគេបន្ទោសថានាំអោយអោយលោកខាន់ធ្លាក់ចេញពីអំណាច។
លោកខាន់និងថ្លែងតាមYouTubeកាលពីយប់ថ្ងៃសៅរ៍ថា « សេរីភាពមិនអាចរកបានមកដោយងាយៗទេ លោកអ្នកត្រូវតែលះបង់ដើម្បីវា»។លោកបានអំពាវនាវអោយអ្នកគាំទ្រធ្វើការតវ៉ាប្រឆាំង«នៅតាមដងវិថីនិងតាមភូមិរបស់អ្នក»នៅទូទាំងប្រទេសនៅថ្ងៃអាទិត្យនេះ និងបានប្រកាសវិលមកធ្វើយុទ្ធនាការនៅថ្ងៃពុធសំរាប់ការបោះឆ្នោតបន្ទាន់។
សូមបញ្ជាក់ថា អស់ពេលរាប់ខែមកហើយមេដឹកនាំគណបក្សPTIរូបនេះបានធ្វើយុទ្ធនាការទាមទារបង្ហាញការផ្គើននឹងយោធា។ការចាប់ខ្លួនកាលពីថ្ងៃអង្គារកើតឡើងតែប៉ុន្មានម៉ោងក្រោយលោករិះគន់ពួកនាយទាហានថាចូលរួមក្នុងផែនការធ្វើឃាតរូបលោកកាលពីឆ្នាំមុន។
ខាន់អំពាវនាវអោយអ្នកគាំទ្រចេញមកតវ៉ាប្រឆាំងនៅទូទាំងប្រទេសនៅថ្ងៃអាទិត្យទី១៤ឧសភា
កាលពីថ្ងៃសៅរ៍នេះដែរ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានបញ្ជាទៅអាជ្ញាធរអោយកំណត់អត្តសញ្ញាណនិងចាប់ខ្លួនជនទាំងឡាយណាដែលបានចូលរួមក្នុងអំហិង្សានៅក្រោយការចាប់ខ្លួនលោក ខាន់ កាលពីសប្តាហ៍មុន។សូមបញ្ជាក់ថា ពួកអ្នកគាំទ្រលោកខាន់បានសំរុកចូលកាន់កាប់និងវាយបំផ្លាញអាគារយោធា ដុតអោយឆេះអាគារផ្សាយសម្លេងរបស់រដ្ឋមួយ វាយបំផ្លាញរថយន្តក្រុង វាយបំផ្លាញផ្ទះមេទ័ពមួយនិងទ្រព្យសម្បត្តិផ្សេងទៀត ។
សមត្ថកិច្ចក៏បានចាប់ខ្លួនមនុស្សជិត២.០០០នាក់ហើយអាជ្ញាធរបានហៅយោធាអោយបញ្ជូនទាហានមកជួយប៉ូលីស។យ៉ាងហោចណាស់មនុស្សប្រាំបីនាក់បានស្លាប់ក្នុងអំពើហិង្សានេះ ដោយវាកាន់តែបង្កអស្ថិរភាពដល់ប្រទេសមួយដែលកំពុងប្រឈមវិបត្តិសេដ្ឋកិច្ចមហាធ្ងន់ធ្ងរស្រាប់៕
ការប៉ះទង្គិចបានផ្ទុះឡើងកាលពីសប្តាហ៍មុនក្រោយអាជ្ញាធរចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់
ខាន់បានចាកចេញពីតុលាការកាលពីយប់ថ្ងៃសុក្រនិងសំដៅទៅទីក្រុងកំណើតឡាហ័រក្រោមការការពារពីសន្តិសុខក្រាស់ក្រែល