ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នារីម្នាក់ ជាបុគ្គលិកធនាគារ ហើយជានិសិត្សឆ្នាំទី២ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រប់ និងសេដ្ឋកិច្ច មកស្នាក់ដើម្បីរៀនចុងសប្តាហ៍ បានជិះម៉ូតូបុករថយន្តដឹកគ្រឿងចក្រពីក្រោយបណ្តាលឱ្យគាបជាប់ហើយបាត់បង់ជីវិតកាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៥ ស្ថិតភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងកាលពីថ្ងៃទី១៣ ខែឧសភាថា: នារីរងគ្រោះ មានឈ្មោះ ស្រស់ តៃវ៉ាន់ អាយុ១៩ ឆ្នាំ ទីលំនៅភូមិថ្មីកណ្តាល ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ក្រោយគ្រោះថ្នាក់នោះ គេឃើញវត្តមានលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យបានចុះសង្គ្រោះ ដោយយករថយន្តពេទ្យដឹកសព ពិនិត្យនិងវាស់វែងធ្វើកំណត់ហេតុផងដែរ។
ប្រភពព័ត៌មាន បានបន្តថា: មុនកើតហេតុ មានរថយន្តធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3A1101 ដឹកគ្រឿងចក្រចូក បានខូចចត លើចិញ្ចើមផ្លូវខាងស្តាំដៃ ទិសដៅពីខាងកើតទៅខាងលិច គ្មានភ្លើងសញ្ញា តែបានដាក់ធុងប្រេងចំនួន ២ធុង ជាសញ្ញាព្រមានដែរ ។
តមក នារីរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា ឌ្រីមពាក់ផ្លាកលេខ បន្ទាយមានជ័យ 1T3185 បើកបរក្នុងទិសដៅស្របទិសគ្នា ពីខាងកើតមកខាងលិច ក្នុងល្បឿនលឿន បានបុកគូថរថយន្តនោះពីក្រោយ បណ្តាលឱ្យគាបជាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ ។
យោងសាច់ញាតិ បានប្រាប់ថាៈ ស្ត្រីរងគ្រោះជាបុគ្គលិកផ្នែកចុះវាល (CO) នៃធនាគារមួយនៅស្រុកក្រឡាញ់ ខេត្តសៀមរាបធ្វើការថ្ងៃច័ន្ទ–សុក្រ ហើយបានត្រឡប់ពីធ្វើការពេលល្ងាច ហើយត្រូវធ្វើដំណើរនៅពេលយប់ ដើម្បីរៀនចុងសប្តាហ៍ ជានិសិត្សឆ្នាំទី២ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្វ (UME) សាខាខេត្តបន្ទាយមានជ័យ នាក្រុងសិរីសោភ័ណ ។
សមត្ថកិច្ច និងសាច់ញាតិ បានទាក់ទង់ទៅឪពុកម្តាយនាង ដែលជាពលករធ្វើការស៊ីឈ្នួល នៅប្រទេសថៃ ហើយបានដឹកសពយកទៅផ្ទះនាងនៅស្រុកកំណើត ។
សូមបញ្ជាក់ថា នារីរងគ្រោះ និងប្អូនស្រីនាងបានរស់នៅជាមួយសាច់ញាតិ។ នាងរងគ្រោះខំធ្វើការរកលុយរៀនខ្លួនឯងផង និងចិញ្ចឹមប្អូនស្រីផង ។ ក្រោយពេលនាងរងគ្រោះ លាគ្មានត្រឡប់ដូច្នេះ ស្ថានភាពជីវភាពរស់នៅរបស់ប្អូនស្រីនាង កាន់តែលំបាក និងសោកសង្រេងថែមទៀត ៕/V-PC