ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ មនុស្ស​ប្រាំបួន​នាក់ រួម​មាន​លោកសង្ឃ​ប្រាំពីរ​អង្គ​ផង ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​ចំពោះ​ការលួចបន្លំ​ប្រាក់​ប្រមាណ​៣០០​លាន​បាត​(៨,៨៤​លាន​ដុល្លារ​) ជា​លុយ​បច្ច័យ​សំរាប់​វត្ត​មួយ​នៅ​ថៃ​ភាគ​ឦសាន​។​

​តុលាការ​ព្រហ្មទណ្ឌ​ថៃ​ខាង​ករណី​ពុករលួយ​និង​ការប្រព្រឹត្ត​ខុស បាន​និយាយថា អំពើ​របស់​ជន​ទាំងនេះ​បាន​«​បំផ្លាញព្រះពុទ្ធសាសនា​ធ្ងន់ធ្ងរ​»​។​

​ការចាប់ខ្លួន​លើកដំបូង​បាន​កើត​ឡើង​កាលពី​ថ្ងៃ​សុក្រ​មុននៅពេល​ប៉ូលីស​ឃាត់ខ្លួន​លោកសង្ឃ​មួយអង្គ ព្រះនាម ខុម ខុង​កែវ​(Kom Kongkaew) ប្អូនស្រី​របស់ព្រះអង្គនិង​ចៅអធិការ​វត្តផា ថា​ម​ម៉ា​គី​រី​(Wat Pa Thammakhiri)​។​

​ខុម និង​ចៅអធិការ ព្រះនាម វុទ្ធី​ម៉ា ថាវ​ម័រ​(Wutthima Thaomor) ជាប់​សង្ស័យ​ថា​លួច​លុយ​ជាង​១៨០​លាន​បាត របស់​វត្ត​នៅ​ក្នុង​ខេត្ត ណា​ខន រ៉ា​ត​ចា​សី​ម៉ា​។​ប៉ូលីស​បាននិ​យាយ​ថា ខុម​និង​ចៅអធិការ​វត្ត​ខាងលើ​បាន​ដក​លុយ​ពី​គណនី​របស់​វត្ត​និង​ប្រគល់​វា​ទៅ​អោយ​ប្អូនស្រី​របស់​ខុម ដើម្បី​ត​ម្កល់ទុក​ក្នុង​គណនី​ផ្ទាល់​របស់​នាង​។​

​បើ​តាម​ប៉ូលីស ប្រាក់​១៣០​លាន​បាត​ត្រូវបាន​រកឃើញ​ក្នុង​គណនី​របស់​នាង និង​លុយ​៥០​លាន​បាត​ទៀត​ជា​សាច់ប្រាក់​ត្រូវ​បាន​រកឃើញ​នៅក្នុង​ផ្ទះ​របស់​នាង​។​ចៅអធិការ​វត្ត​និង​ខុម​ក៏បាន​ណែនាំ​អោយ​លោកសង្ឃ​ប្រើ​លុយ​ដែល​លួច​ចេញពី​មូលនិធិ​វត្ត​ខ្លះទៅ​ទិញ​គ្រឿងអលង្ការ​។​ក្រោយ​ការចាប់ខ្លួន​ខុម អតីត​សង្ឃ​រូបនេះ​បាន​ប្រាប់​ប៉ូលីស​ថា មនុស្ស​ប្រាំមួយ​នាក់​ទៀត​បាន​លាក់​ទុក​វត្ថុ​មាន​តំលៃ​ទាំងនេះ​។​

​ការ​ឆ្មក់​ចូល​ឆែកឆេរ​វត្ត​កាលពី​ថ្ងៃ​អង្គារ បាន​រកឃើញ​ទ្រព្យសម្បត្តិ​មាន​តំលៃ​ជាង​១០០​លាន​បាត រួម​មាន​សាច់ប្រាក់​និង​គ្រឿងអលង្ការ ដែល​ខ្លះ​កប់​ក្រោម​ដី ឬ​នៅក្នុង​លី​អូ​របស់​លោក​សង្ឃ​។​ក្នុងអំឡុងពេល​ចុះ​ឆែកឆេរ លោកសង្ឃ​ប្រាំ​អង្គ​និង​អ្នកបើក​រថយន្ត​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​។​

​បើ​តាម​សារព័ត៌មាន​ថៃ លោកសង្ឃ​ព្រះនាម​ខុម​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​ដោយសារ​តែ​សង្ឃដីកា​ស្រទន់​និង​ស្ទីល​ទេសនា​របស់​ព្រះអង្គ ដែល​បាន​ទាក់ទាញ​ពុទ្ធបរិស័ទ​ជាច្រើន​។​វត្ត​នេះ​បាន​ទាក់ទាញ​ពួក​អ្នក​មាន ដោយ​រថយន្ត​ប្រណិតៗ​ត្រូវ​គេ​ឃើញ​មក​កាន់​វត្ត​នេះ​ជាប្រចាំ​៕

​ការ​ឆ្មក់​ឆែកឆេរ​ដោយ​ប៉ូលីស​បាន​រក​ឃើញ​លុយ​និង​គ្រឿងអលង្ការ​ជាច្រើន​កាលពី​ថ្ងៃ​អង្គារ​