ស្ថានភាព​ទឹកជំនន់ ធូរស្រាល ខណៈដែល​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ កំពុង​ប្រមូល​របាយការណ៍​

1307
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: ជំនន់​ទឹកភ្លៀង រហូតដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ បាន​ធូរស្រាល​ទៅវិញ នៅ​តាម​​បណ្តា​ខេត្ត​នានា​របស់​ទាំង​ជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​លោក កែវ វី នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

ទ្វារទឹក ចំនួន ៤ នៃទ្វារទឹកសរុបចំនួន ៦ របស់អាងទឹកខ្ពបត្របែក ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបិទទាំងស្រុងវិញហើយ គិតត្រឹមព្រឹកថ្ងៃទី ២១ ខែកក្កដា នេះ បន្ទាប់ពីទឹកក្នុងអាងបានស្រកចុះ ១,១៥ ម (ធៀបកម្ពស់ទឹកកើនឡើងអតិបរមា កាលពីថ្ងៃទី ១៨)រូបធនធានទឹក

លោក កែវ វី បាន​បញ្ជាក់ថា ជារួម ជំនន់​ទឹកភ្លៀង រហូតដល់​ថ្ងៃទី​២១ ខែកក្កដា បាន​ធូរស្រាល​ដោយ​ស្រក​ជា​បណ្តើរៗ ហើយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ កំពុង​ប្រមូល​របាយការណ៍​បូកសរុប​ការប៉ះ​ពាល់ និង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់ ដោយសារ​ទឹកភ្លៀង នៅ ប្រាំពីរ​ខេត្ត បូក​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តតាកែវ ផងដែរ​។​

​ដោយឡែក ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាស​នៅ​ថ្ងៃទី​២១ ខែកក្កដា​ថា ជំនន់​ទឹកភ្លៀង​នៅ​ខេត្តកំពត នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង រួមទាំង​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត បាន​ធូរស្រាល និង​ស្រក​ចុះ​ជា​បណ្តើរៗ​ហើយ​។

​កាលពី​ថ្ងៃទី​២១ ខែកក្កដា ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ស្ថានភាព​ទឹកជំនន់​នៅក្នុង​ខេត្ត​កំពត បាន​ធូរស្រាល​ជា​បណ្តើរៗ​ហើយ ក្នុងនោះ ទឹក​ព្រែក​កំពង់បាយ បាន​បន្ត​ស្រក​ចុះ ០,៣៦ ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ​។ ទឹក​នៅតាម​បណ្តា​ព្រែក ស្ទឹង​ផ្សេងៗ​ទៀត ក៏មាន​ការ​ស្រក​ចុះ​ព្រមៗ​គ្នា​ផងដែរ​។ ឯការ​ធ្លាក់ភ្លៀង ក៏មាន​ការ​ថមថយ​ច្រើន​។
​ជាមួយគ្នា​នោះ ក្រសួង​ធនធានទឹក​ក៏បាន​បន្ថែមថា ទឹកជំនន់​ព្រែក​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង នៅ​ផ្នែក​ខាងលើ ក្នុងភូមិ​បាក់​អង្រុត ឃុំ​ដង​ពែង បាន​បន្ត​ស្រក​ចុះ ០,២០ ម បន្ថែមទៀត បើ​ធៀប​នឹង​កម្ពស់​ទឹក​ម្សិលមិញ​។ ដោយឡែក​នៅ​ផ្នែក​ខាងក្រោម (​ទីប្រជុំជន​ផ្សារ​ក្រោម ឃុំ​ស្រែអំបិល​) ទឹកបាន​ចាប់​ស្រក​ចុះ ០,១០ ម៉ែត្រ វិញ​ហើយ​។​

​ ក្រសួង​ធនធានទឹក ក៏បាន​ប្រកាសថា ទឹកជំនន់ ហូរ​ចេញពី​ខេត្តកំពង់ស្ពឺ តាម​ស្ទឹង​ព្រែក​ត្នោត មកកាន់​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ នៅ​ខណ្ឌដង្កោ និង​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា បាន​ធូរស្រាល ដោយ​ពុំ​បន្ត​លិច​បន្ថែមទៀត ឬ​បង្ក​ការគំរាមកំហែង​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ឡើយ​។​

​កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២០ ខែកក្កដា ឆ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​កម្លាំង​ផ្ទាល់ ចុះ​ទប់ទល់​ជាមួយនឹង​ទឹកជំនន់ នៅតាម​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ការពារ​កុំ​ឱ្យមាន​ការហូរ​ច្រោះ លិច​ចូល​តំបន់​ទំនាប​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​
​លោក​រដ្ឋមន្ត្រី ក៏បាន​រៀបចំ​ឱ្យមាន​ក្រុម​ប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង សម្រាប់​ប្រចាំការ និង​តាមដាន ដើម្បី​ធានា​នូវ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​
​ ​អាជ្ញាធរ​ខណ្ឌដង្កោ បាន​រាយការណ៍​ថា ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត កាលពី​ថ្ងៃទី​២០ ខែកក្កដា បាន​ជន់​លិច​សង្កាត់​ចំនួន​ប្រាំបី រួមមាន​៖ សង្កាត់​សាក់​សំពៅ សង្កាត់​ក្រាំង​ពង្រ សង្កាត់​ប្រទះ​ឡាង សង្កាត់​គង​ន​យ សង្កាត់​ទៀន សង្កាត់​រលួស សង្កាត់​ព្រែកកំពឹស និង​សង្កាត់​ស្ពានថ្ម​។ ចំណែក​ផ្លូវ​ចូល​វត្ត​រតនៈ​តេ​ជៈ ហៅ​វត្ត កំពង់​ក្ដុល ក្នុង​សង្កាត់​សាក់​សំពៅ ត្រូវបាន​ទឹក​ហូរ​កាត់ផ្ដាច់​៕​សរន

ខេត្តកោះកុង
ខេត្តកោះកុង