ដោយៈ ចាន់តូ / ភ្នំពេញៈ ស្រ្តីធ្វើការនៅរោងចក្រម្នាក់ បានស្លាប់ បន្ទាប់ពីជិះម៉ូតូ សុខៗ ត្រូវបានរថយន្តធនុធំ បើកមកបុក ហើយកិន នៅក្រោមរថយន្ត នៅវេលាម៉ោង ៦និង២០នាទី យប់ថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវ វេងស្រេង ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ជនរងគ្រោះ មានឈ្មោះ អ៊ុក ចន្នី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ ធ្វើការនៅរោងចក្រ ផ្នែកដេរ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើត នៅស្រុកគិរីវង្ស ខេត្តតាកែវ ជិះម៉ូតូហុងដា គុបជ្រុង ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ក.7990 កធ1 លេខស៊េរីចាស់។ ចំណែកអ្នកបើករថយន្ត មានឈ្មោះ វ៉ាន់ ជីវន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត មានស្រុកកំណើត នៅភូមិអូរណូល ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បើករថយន្តម៉ាក ហ៊ីយាន់ដាយ (HYUNDAI) ប្រភេទក្បាល សណ្តោង ពណ៌សលាយទឹកក្រូច ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A.3148 ត្រូវបានឃាត់ខ្លួន។
តាមប្រភពអ្នកដែលឃើញហេតុការណ៍ បានឱ្យដឹងថា ដំបូងឡើយ គេបានឃើញ ស្ត្រីរងគ្រោះ ជិះម៉ូតូតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីខាងកើតទៅខាងលិច សុខៗ ស្រាប់តែមាន រថយន្តធុនធំ បើកមកពីក្រោយ ស្របទិសគ្នា បត់ស្តាំមិនប្រយ័ត្ន ក៏បុកម៉ូតូ ហើយកិន បណ្ដាលឲ្យស្ត្រីរងគ្រោះ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
ភ្លាមៗនោះ មានរថយន្តឯកជន មានបំពាក់ស៊ឺរ៉ែន និងមានសរសេរតែពាក្យ « រថយន្តសង្គ្រោះបន្ទាន់ ២៤ ម៉ោង » ពាក់ស្លាកលេខ ព្រៃវែង 2A7774 មកដឹកសព យកទៅបាត់។
កន្លងមក មានរថយន្តមួយ តែងតែចរាចរណ៍តាមដងផ្លូវ ចេញយកជនរងគ្រោះ និងដឹកសាកសព រហូតមានទំនាស់ទាស់ទែងគ្នា «ដណ្ដើមដឹកសព» នៅតាមដងផ្លូវ យ៉ាងអនាធិបតេយ្យបំផុត ។ រថយន្តមួយនេះ ត្រូវបានប្រភពពីសមត្ថកិច្ច ប្រាប់ឱ្យដឹង ថា តែងតែឈប់នៅមុខមន្ទីរសម្រាកព្យាបាល សែនមានជ័យ ទល់មុខព្រលានយន្តហោះ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភព បានបន្តថាៈ តាមភិនភាគរថយន្ត និងអ្នកដែលធ្លាប់ចេញមុខឈ្លោះនោះ គឺមុខដដែលៗ ហើយតែងតែប្រើប្រាស់រថយន្តពេទ្យ ដឹកជនរងគ្រោះ តាមដងផ្លូវ រាប់រយលើក ។ ពេលខ្លះ គេឃើញជាក់ស្ដែង គឺលើកជនរងគ្រោះ ដោយគ្មាន បច្ចេកទេសវិជ្ជាជីវៈពេទ្យ លើកដាក់រថយន្តរបស់ខ្លួន ប្រញាប់ប្រញាល់ ខ្លាចឡានពេទ្យរដ្ឋមកទាន់ ។ ពេលខ្លះទៀត ដឹកទៅដល់ពេទ្យឯកជន ប្រហែល១៥នាទី ក៏ដឹកមក វិញ តែជនរងគ្រោះ បានស្លាប់ហើយ ពោលដឹកសាកសព មកដាក់ចំណុចកើត ហេតុវិញ ។ បន្ទាប់មក ក៏នៅរង់ចាំ សួរក្រុមគ្រួសារជនរងគ្រោះ ដើម្បីដឹកយកសាកសពទៅលំនៅដ្ឋានឬខេត្តនានា ជាមួយសេវាផ្សេងទៀត ។ និយាយរួម សង្គ្រោះ ក៏បាន ដឹកសពក៏បាន ហើយថៅកែគេម្នាក់នោះ ធ្លាប់អះអាងថា មានច្បាប់ត្រឹមត្រូវ ចេញដោយមន្ទីរក្រសួងត្រឹមត្រូវ ទើបគេធ្វើបាន ។
បើតាមពលរដ្ឋ និយាយថា មានឡានពេទ្យមកដណ្ដើមសព ដោយដឹកសព មុនសមត្ថកិច្ចមកដល់ ពេលសមត្ថកិច្ច មកដល់ បានដឹកសពមកវិញ និងបាត់លុយ ក្នុងកាបូបជនរងគ្រោះទៀត ព្រោះពលរដ្ឋថា ពេលយកទៅឃើញលុយពេញកាបូប ពេលមកវិញ លុយសល់តែ ៥.០០០ រៀល គាត់ស្ដាយណាស់ មិនបានថតកាបូប លុយជនរងគ្រោះ ទុកជាភ័ស្តុតាង ហើយម៉្យាង ជឿជាក់លើឡានពេទ្យផង ក៏មិនចាប់អារម្មណ៍ ។
កន្លងមក ករណីបែបនេះ ក្រសួងសុខាភិបាល ធ្លាប់ស្នើអភិបាលរាជធានី ចាត់វិធានការ ចំពោះគ្លីនិកឯកជន ដែលបំពានទាំងនោះ ហើយស្នើដល់ នគរបាល និងអាវុធហត្ថ ចាប់រថយន្តពេទ្យ អត់ច្បាប់ទាំងនោះផងដែរ។ តាមសម្ដីសាច់ញាតិរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានខ្ចីខ្សែក ប្អូនថ្លៃរបស់គាត់ យកទៅពាក់ហើយបានដោះទុក នៅក្នុងកាបូប ពេលបានកាបូប មកដៃវិញ ឃើញតែលុយ ៥ពាន់រៀលតែប៉ុណ្ណោះ បាត់របស់របរ លុយកាក់ និងខ្សែក អស់រលីង ទុក្ខហើយជាន់ទុក្ខទៀត សូម្បីតែលុយដឹកសពចំនួន ៤៥០ ដុល្លារ ពីភ្នំពេញ ទៅស្រុកគិរីវង្ស ខេត្តតាកែវ ក៏គ្មានលុយឱ្យឡានពេទ្យផង ឪពុកគាត់ បានដើរខ្ចីលុយ គេឱ្យឡានដឹកសព ។
ប្រភពដដែល បានបន្តទៀតថា ជនរងគ្រោះ បានជាប់លុយធនាគារ ហើយប្ដីរបស់ គាត់ឈឺទៀត មានកូនចំនួនពីរនាក់ មានតែស្ត្រីរងគ្រោះទេ ដែលធ្វើការរោងចក្រ យកលុយដោះបំណុល តែពេលនេះ គាត់បានបាត់បង់ជីវិតទៅហើយ គួរឱ្យសង្វេគណាស់។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះមកវាស់វែង យកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុក ព្រមទាំងនាំអ្នកបើករថយន្ត ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕/V/R