ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទៅដល់ទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យទី១៤ឧសភាសម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង បន្ទាប់ពីទទួលយកមេដាយកិត្តិយសសម្រាប់ការប្រយុទ្ធរបស់ប្រទេសគាត់ដើម្បី “ឧត្តមគតិអឺរ៉ុប” ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់។
លោកហ្សេលេនស្គីបានសរសេរថា “ប៉ារីស។ រាល់ទស្សនកិច្ចម្តងៗ សមត្ថភាពការពារនិងការវាយលុករបស់អ៊ុយក្រែនកាន់តែពង្រីក”ខណៈលោកបានមកដល់កាលពីល្ងាចថ្ងៃអាទិត្យនៅឯមូលដ្ឋានទ័ពអាកាសវីលវ៉ាខូបឡេ (Villacoublay) ភាគនិរតីទីក្រុងប៉ារីស។
“ទំនាក់ទំនងជាមួយអឺរ៉ុបកាន់តែរឹងមាំ ហើយសម្ពាធលើរុស្ស៊ីកំពុងកើនឡើង”។
ក្រោយមកលោកម៉ាក្រុងបានស្វាគមន៍លោកហ្សេលេនស្គីមកកាន់វិមានអេលីសេជាលើកទីពីរចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំមុន។
ដោយបង្ហោះវីដេអូនៃពិធីស្វាគមន៍ លោកហ្សេលេនស្គីបានសរសេរនៅលើ Telegram ថា “ជារៀងរាល់ថ្ងៃយើងកាន់តែជិតនាំយកសន្តិភាពសម្រាប់ប្រជាជនអ៊ុយក្រែននិងអឺរ៉ុបទាំងមូល”។
អ្នកនាំពាក្យមេដឹកនាំបារាំងបាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពី “ការគាំទ្រ” របស់បារាំងក្នុងការឆ្លើយតបទៅនឹង “តម្រូវការផ្នែកយោធា និងមនុស្សធម៌ជាបន្ទាន់របស់អ៊ុយក្រែន” ក្នុងអំឡុងអាហារពេលល្ងាចនៅឯវិមានប្រធានាធិបតី។
លោកម៉ាក្រុងនឹង “បញ្ជាក់ឡើងវិញនូវការគាំទ្រឥតងាករេរបស់បារាំងនិងអឺរ៉ុបសម្រាប់ការស្ដារឡើងវិញនូវសិទ្ធិស្របច្បាប់របស់អ៊ុយក្រែន និងការពារផលប្រយោជន៍ជាមូលដ្ឋានរបស់ខ្លួន”។
ការមកដល់របស់លោកហ្សេលេនស្គីនៅទីក្រុងប៉ារីសបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុបនៅប្រទេសអាល្លឺម៉ង់បានប្រគល់មេដាយដល់ប្រជាជនអ៊ុយក្រែនសម្រាប់ការប្រយុទ្ធដើម្បីសេរីភាពនិងតម្លៃនៃប្លុកអឺរ៉ុប៕
លោកហ្សេលេនស្គីមកដល់បារាំងក្រោយទទួលមេដាយកិត្តិយសនៅអាល្លឺម៉ង់