ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មេបញ្ជាការកំពូលរបស់រុស្ស៊ីពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យទី១៤ឧសភា ចំពេលមានការប្រយុទ្ធគ្នាដ៏ជូរចត់នៅភាគខាងកើតអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មេបញ្ជាការ វីយ៉ាឆេស្លាវ ម៉ាការ៉ូវ (Vyacheslav Makarov) នៃកងពលតូចកាំភ្លើងធំទី៤ និងមេបញ្ជាការរង យេវជេនី ប្រូវកូ (Yevgeny Brovko) មកពីអង្គភាពដាច់ដោយឡែក ត្រូវបានសម្លាប់ក្នុងពេលព្យាយាមវាយបណ្តេញអ៊ុយក្រែន។
សមរភូមិបាឃ្មុតបានអូសបន្លាយពេលមួយឆ្នាំហើយ ខណៈទាហានអ៊ុយក្រែននិងរុស្ស៊ីថែមទាំងត្រូវប្រយុទ្ធដៃទល់ដៃទៀតផង។
ក្រសួងនិយាយថា លោកម៉ាការ៉ូវបានដឹកនាំកងទ័ពពីសមរភូមិជួរមុខ ខណៈលោកប្រូវកូ “បានស្លាប់ដោយវីរភាព ក្រោយរងអំបែងគ្រាប់សុសសាច់”។
ក្រសួងការពារជាតិរុស្ស៊ីកម្រនឹងប្រកាសអំពីការស្លាប់របស់បញ្ជាការយោធានៅក្នុងព័ត៌មានសង្ខេបប្រចាំថ្ងៃរបស់ខ្លួនណាស់ចាប់តាំងពីមន្ត្រីជាន់ខ្ពស់មួយចំនួនត្រូវបានសម្លាប់នៅដើមខែដំបូងៗនៃជម្លោះ។
រឿងនេះបានកើតឡើង ខណៈដុំភ្លើងដ៏ធំសម្បើមនិងពពកផ្សែងបានផ្ទុះឡើងលើទីក្រុងអ៊ុយក្រែនមួយ បន្ទាប់ពីការវាយប្រហារលើឃ្លាំងគ្រាប់។
រុស្ស៊ីបានបញ្ជូនដ្រូនចំនួន២១គ្រឿង ជាផ្នែកមួយនៃការវាយលុក ហើយខណៈដ្រូន ១៧ គ្រឿងត្រូវបានបាញ់ទម្លាក់ ដ្រូន៤ទៀតអាចបាញ់ត្រូវគោលដៅក្នុងទីក្រុងខ្មេលនីតស្គី (Khmelnytskyi) ភាគខាងលិច។
លោក វ្ល៉ាឌីមៀ ពូទីន ហាក់កំពុងផ្តោតគោលដៅលើឃ្លាំងមីស៊ីលរបស់អ៊ុយក្រែន ខណៈគាត់កំពុងត្រៀមខ្លួនសម្រាប់ការវាយបករបស់រដ្ឋាភិបាលក្រុងគៀវ។
បន្ទាប់ពីការបំផ្ទុះនៅទីក្រុងខ្មេលនីតស្គី ក្រុមមន្ត្រីបាននិយាយថា មនុស្សជិត ៣០ នាក់បានរងរបួស តែជារឿងអព្ភូតហេតុ មានតែ២នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕
លោក វីយ៉ាឆេស្លាវ ម៉ាការ៉ូវ (រូបលើ) និងលោក យេវជេនី ប្រូវកូ ត្រូវបានសម្លាប់ក្នុងសមរភូមិបាឃ្មុត