ដោយៈ សុផានីតា / កោះកុង៖ អភិបាលរងខេត្តកោះកុង បង្ហាញថា គម្រោងសាងសង់ លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ បច្ចុប្បន្នគឺសម្រេចបានជាង ២៥ ភាគរយ បើគិតត្រឹមបំណាច់ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។
រដ្ឋបាលខេត្តកោះកុង ដឹកនាំដោយលោកស្រី មិថុនា ភូថង អភិបាលខេត្ត លោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត និងក្រុមការងារសាងសង់ បានពិនិត្យ និងបង្ហាញពីលទ្ធផល សម្រេចបានពីគម្រោងស្ថាបនាផ្លូវជាតិលេខ៤៨។
លោកស្រី អ៊ី នារីនេត បានឱ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ក្រោយបញ្ចប់ ទស្សនកិច្ច ពិនិត្យស្ថានភាពជាក់ស្តែងទីតាំងសំខាន់ នៃកំណាត់ផ្លូវជាតិលេខ៤៨ ថាៈ ផ្លូវជាតិលេខ៤៨នេះ បានផ្តើមដំណើរសាងសង់តាំងពីខែមករា ឆ្នាំ២០២២ម្ល៉េះ ដូច្នេះចង់ដឹងពីវឌ្ឍនភាពរបស់គម្រោង លោកស្រី មិថុនា ភូថង ក៏ចុះពិនិត្យទីតាំងធំចំនួន ៥កន្លែង ចាប់ពីស្រុកស្រែអំបិល រហូតដល់ចំណុចអូរស្រណោះ ក្រុងខេមរភូមិន្ទ។
លោកស្រី អភិបាលរងខេត្ត បានបន្ថែមទៀតថាៈ គិតត្រឹមខែមេសា កន្លងទៅ ក្រុមការងារស្ថាបនាសម្រេចបាន ២៥,៥៧ ភាគរយហើយ លើការអនុវត្តគម្រោងសាងសង់ផ្លូវជាតិ លេខ៤៨ ក្នុងភូមិសាស្រ្តខេត្តកោះកុង ដោយបច្ចុប្បន្ន កំពុងពន្លឿនការងារបន្ថែមតំបន់ផ្លូវកោង ឬចុះចំណាតខ្លាំង ដែលជាបញ្ហាប្រឈម ដូចជា តំបន់ផ្លូវកោងហួសរង្វង់ មូលព្រឹទ្ធាចារ្យ សាយ ភូថង និងតំបន់ចុះចំណាតតាតៃក្រោម។
រដ្ឋបាលខេត្តកោះកុង ក៏ថ្លែងអំណអរគុណ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមការងារ សាងសង់កំណាត់ផ្លូវជាតិលេខ៤៨ ទោះបីជាអំឡុងពេលនេះ ជារដូវវស្សា បានចូលមក ដល់ក៏ដោយ ក៏អាជ្ញាធរ ជឿជាក់ថា គម្រោងស្ថាបនាផ្លូវដ៏មានសារៈសំខាន់នេះ នឹងអនុវត្តជោគជ័យ ទៅតាមផែនការកំណត់។
កំណាត់ផ្លូវជាតិលេខ៤៨ សព្វថ្ងៃ មានស្ថានភាពបត់បែន និងឡើងចុះចំណាតច្រើន ដោយទីតាំងខ្លះ ត្រូវប្រើពេលវេលា ជីកកាយជ្រលងថ្មធំៗ ទីតាំងខ្លះ តម្រូវឱ្យមានការវាង ចំណាតកោងខ្លាំង និងជាពិសេសរដូវវស្សា ពិបាកសាងសង់ ទើបធ្វើឱ្យដំណើរការ ហាក់យឺតយ៉ាវបន្តិច។
គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ អូរជ្រៅ–ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមជំនួយ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង ចំនួន ៧៨ លានដុល្លារអាម៉េរិក ត្រូវបានចាប់ផ្តើម ដំណើរការកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
ផ្លូវជាតិលេខ៤៨នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ របស់ប៉ូលសេដ្ឋកិច្ចទីពីរ ដែលរួមមាន ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពតនិងខេត្តកោះកុង ដែលជាតំបន់ ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងតំបន់មាត់សមុទ្រ៕/V-PC