ដោយៈ តារារិទ្ធ / ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតឲ្យកីឡាករ កីឡាការិនីបរទេសទាំង អស់ ដែលមកប្រកួតស៊ីហ្គេម នៅកម្ពុជា អាចចូលទៅទស្សនាប្រាសាទអង្គរវត្ត ដោយមិនបាច់ទិញសំបុត្រនោះទេ

សម្តេចតេជោ បានប្រកាសថាៈ «បើសិនកីឡាករ កីឡាការិនីបរទេស បន្ទាប់ពីការប្រកួត ហើយចង់ទៅមើលអង្គរ គឺរាជរដ្ឋាភិបាលអនុញ្ញាតឲ្យចូលទស្សនា ដោយមិនបាច់សំបុត្រ នោះទេ គឺសម្រាប់កីឡាករ កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ឲ្យចូលមើលអង្គរវត្ត ដោយឥតគិតថ្លៃទៀត»

សម្តេចបានស្នើឲ្យគ្រឹះស្ថានអង្គរ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កុំយកលុយពីកីឡាការ កីឡាការិនីបរទេស ដែលបានមកប្រកួតស៊ីហ្គេម នៅកម្ពុជា ក្នុងការចូល ទស្សនា ប្រាសាទអង្គរវត្តរបស់ខ្មែរ ក៏ប៉ុន្តែសម្រាប់អ្នកមកគាំទ្រកីឡា គឺត្រូវតែលក់ សំបុត្រ

សម្តេចតេជោ ហ៊ុន សែន បានអរគុណជាមួយនឹងប្រទេសនានាទាំងអស់ ដែលបាន បញ្ជូនកីឡាករ កីឡាការិនី និងផ្ដល់ការគាំទ្រមកដល់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះ ជា មួយនេះ សម្តេចតេជោ ក៏បានផ្ញើជូនចំពោះប្រជាជនចិន ជាពិសេសលោកប្រធានាធិបតីចិន ស៊ីជីនពីង នូវការអរគុណដែលឯកឧត្តម ក៏ដូចជាប្រជាជនចិន បានផ្ដល់ជាអំណោយ នូវស្តាតដ៏ស្រស់ស្អាត និងរឹងមាំប្រកបដោយសោភ័ណភាព ដែលជាឱកាសឲ្យកម្ពុជា មានមុខមាត់ ក្នុងការបើកស៊ីហ្គេម ឆ្នាំ២០២៣ ហើយក៏មិនភ្លេចអរព្រះគុណចំពោះ ព្រះករុណា ព្រះបិតា ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុក នូវពហុកីឡដ្ឋានជាតិ អូឡាពិក សម្រាប់ការប្រកួតស៊ីហ្គេម នៅថ្ងៃនេះ  បន្ទាប់ពី ៦៤ ឆ្នាំមុន ដែលព្រះអង្គ បានធ្វើនៅទីនេះ ហើយអរគុណចំពោះព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលបានផ្ញើសារជាសំឡេង មកអរគុណចំពោះរាជរដ្ឋាភិបាល ក្នុងការរៀបចំដ៏ល្អឥតខ្ចោះ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម នៅកម្ពុជា។

សម្តេចតេជោ បានចាត់ទុកថា នេះជារឿងដែលអ្វីៗទាំងអស់ ជារបស់ប្រជារាស្ត្រខ្មែរ តាំងពីព្រះមហាក្សត្រ រហូតដល់ប្រជាជនធម្មតាដែលវាជាមោទនភាព ហើយសង្ឃឹមថា យើងនឹងបញ្ចប់ដោយជោគជ័យ ជាមួយនឹងអ្វីៗគ្រប់យ៉ាង ដោយសុវត្ថិភាព /V-PC