​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៤​ឧសភា​ថា​រដ្ឋាភិបាល​ក្រុង​គៀវ​និង​អ្នកគាំទ្រ​លោកខាងលិច​របស់ខ្លួន​អាច​ធ្វើឱ្យ​រុស្ស៊ី​​បរាជ័យ​នៅក្នុង​សង្គ្រាម​នៅ​អ៊ុ​យក្រែន “​ងើប​មុខ​លែង​រួច​” នៅ​ឆ្នាំ​នេះ ហើយ​បាន​អរគុណ​អាល្លឺម៉ង់​សម្រាប់​ការគាំទ្រ​ផ្នែក​យោធា​របស់​ខ្លួន​។​

​មេដឹកនាំ​អ៊ុយ​ក្រែន​បាន​ប្រាប់​សន្និសីទសារព័ត៌​មាន​រួមគ្នា​ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោក អូ​ឡា​ហ្វ សូ​ល នៅ​ទីក្រុង​បែរ​ឡាំង​ថា​រដ្ឋាភិបាល​ក្រុង​គៀវ​នឹង​ដឹងគុណ​ជានិច្ច​ចំពោះ​អាល្លឺម៉ង់​សម្រាប់​​ការគាំទ្រ​របស់​ខ្លួន​ក្នុងអំឡុង​ការឈ្លានពាន​ពេញទំហឹង​របស់​រុស្ស៊ី​។​

​លោក​ហ្សេ​លេន​ស្គី​បន្តថា ប្រទេស​របស់​លោក​កំពុង​ត្រៀម​បើក​ការវាយលុក​ដើម្បី​រំដោះ​តំបន់​ដែល​កាន់កាប់​ដោយ​រុស្ស៊ី មិនមែន​ដើម្បី​វាយប្រហារ​លើ​ទឹកដី​រុស្ស៊ី​ទេ​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​អធិការបតី​អាល្លឺម៉ង់​នៅ​ទីក្រុង​បែរ​ឡាំង លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា​គោលដៅ​របស់​អ៊ុយ​ក្រែន​គឺ​រំដោះទឹកដី​នៅក្នុង​ព្រំដែន​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​​របស់ខ្លួន​។​

​មាន​ការរំពឹង​ទុក​ថា អ៊ុយ​ក្រែន​អាច​នឹង​ព្យាយាម​ដណ្តើមយក​តំបន់​នៅក្នុង​ប្រទេស​រុស្ស៊ី​ហើយ​ប្រើប្រាស់​វា​ជា​ការ​តថ្លៃ​ក្នុង​ការចរចា​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​បាន​ចាប់ផ្តើម​ដោយ​រដ្ឋាភិបាល​​ក្រុង​មូ​ស្គូ​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២២៕

​លោក​ហ្សេ​លេន​ស្គី​ថ្លែង​រួមគ្នា​ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោក អូ​ឡា​ហ្វ សូ​ល នៅ​ទីក្រុង​បែរ​ឡាំង​កាលពី​ថ្ងៃអាទិត្យ