ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ លោកជូរីន ឡាក់សាណាវីស៊ីត(Jurin Laksanawisit)បានប្រកាសលាឈប់ពីប្រធានគណបក្សប្រជាធិបតេយ្យកាលពីយប់ថ្ងៃអាទិត្យ ដោយសុខចិត្តទទួលខុសត្រូវចំពោះបរាជ័យរបស់គណបក្សក្នុងការបោះឆ្នោតសកលកាលពីថ្ងៃ១៤ឧសភា។
នៅម៉ោងប្រមាណ១១កន្លះយប់ថ្ងៃ១៤ឧសភា លោកបានសរសេរបង្ហោះចូលក្នុងគ្រុបរបស់គណបក្សថា «ខ្ញុំសូមយកឳកាសនេះអបអរអ្នកដែលជាប់ឆ្នោតនិងសូមផ្តល់ការគាំទ្រខាងសីលធម៌ដល់បេក្ខជនទាំងអស់។ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅ អគ្គលេខាបក្ស អនុប្រធានបក្សលោកអាប់ភិស៊ីត និងលោកបានយ៉ាត ព្រមទាំងសមាជិកក្នុងក្រុមការងារទាំងអស់ សមាជិកគណៈកម្មាធិការនាយកនិងសមាជិកបក្សដែលខិតខំធ្វើការដើម្បីបក្សអស់ពីលទ្ធភាព»។
«ដើម្បីបង្ហាញការទទួលខុសត្រូវចំពោះលទ្ធផលឆ្នោត ខ្ញុំសូមប្រកាសលាឈប់ពីប្រធានគណបក្ស…»។
លទ្ធផលចុងក្រោយនៃការបោះឆ្នោតកាលពីថ្ងៃ១៤ឧសភាបង្ហាញថា គណបក្សប្រជាធិបតេយ្យឈ្នះបានអាសនៈសភាតែ២៥។
សូមបញ្ជាក់ថា កាលពីបោះឆ្នោតឆ្នាំ២០១៩ គណបក្សនេះទទួលបានអាសនៈសភា៥២។ទោះជាគណបក្សនេះប្រឆាំងរដ្ឋប្រហារ តែនៅទីបំផុតបានចូលរួមជាមួយគណបក្សផាឡាងប្រាចរ៉ាតរបស់លោក ប្រាយុទ្ធ ចាន់អូចា និងឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន ដែលសុទ្ធតែជាមេដឹកនាំរដ្ឋប្រហារ៕
លោកជូរីន ឡាក់សាណាវីស៊ីត