ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យដឹងថាកម្ពុជាអាចជួយដល់ប្រទេសទីម័រឡេស្តតាមពីរបៀបដើម្បីធ្វើឲ្យប្រទេសនេះអាចផ្គត់ផ្គត់ស្បៀងដោយខ្លួនឯងកាត់បន្ថយការនាំចូលពីខាងក្រៅ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៏ឲ្យដឹងថាថ្ងៃមុនសម្តេចជួបនាយករដ្ឋមន្ត្រីទីម័រឡេស្ត សម្តេចបាននិយាយជាមួយនាយករដ្ឋមន្ត្រីទីម័រឡេស្តប៉ុន្តែមិនដឹងថាគាត់ បន្តធ្វើនាយករដ្ឋមន្ត្រីទៀតឬអត់ ?ព្រោះប្រទេសទីម័រឡេស្តនឹងបោះឆ្នោតនៅថ្ងៃទី ១៩ ខែ ឧសភាខាងមុខ។ប៉ុន្តែបើសម្តេចគិតមើលទៅ ទីម័រឡេស្តទោះបីនាយករដ្ឋមន្ត្រី ណាឡើងធ្វើក៏ដោយទំនាក់ទំនងជាមួយកម្ពុជាគឺនៅតែល្អ ព្រោះកម្ពុជាបានប្រឹងប្រែងខ្លាំងណាស់ដើម្បីឲ្យទីម័រឡេស្តក្លាយជាសមាជិកអាស៊ានទី ១១ បើទោះបីពេលនេះជា ប្រទេសសង្កេតការណ៍ក៏ដោយប៉ុន្តែប្រជុំអាស៊ានកន្លងទៅគឺទីម័រឡេស្តបានចូលរួមប្រជុំនៅគ្រប់កិច្ចកំពូលប្រជុំកំពូលរបស់អាស៊ានទាំងអស់។

សម្តេចតេជោ ហ៊ុន សែនថ្លែងថា«ខ្ញុំបានសន្យាជាមួយនឹងអតីតប្រធានាធិបតីនិងជានាយករដ្ឋមន្ត្រីទីម័រឡេស្តដែលមកចូលរួមបើកស៊ីហ្គេមនៅកម្ពុជាហើយនិងបានជួបនាយករដ្ឋមន្ត្រីទីម័រឡេស្តបច្ចុប្បន្ននេះនៅឯកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីថាខ្ញុំចង់បញ្ជូនអ្នកជំនាញការមួយក្រុមទៅ ជួយសិក្សាមើលដីក្នុងប្រទេសទីម័រឡេស្តដោយសារប្រទេសទីម័រឡេស្តមានផ្ទៃដីប្រមាណ ២៧ ភាគរយអាចធ្វើកសិកម្មបាន។ យើងពិនិត្យមើលតើគួរធ្វើអ្វីធ្វើជាស្រូវឬក៏ដាំអំពៅឬក៏ដាំដំណាំអ្វីផ្សេងៗព្រោះអ្វីៗ គាត់នាំចូលពីក្រៅប្រទេសទាំងអស់» ។

សម្តេចបន្តថាយើងអាចជួយទីម័រឡេស្តតាមពីរបៀបរបៀបទីមួយគឺផ្ដល់ឱកាសឲ្យគាត់វិនិយោគមកកាន់ទីនេះដើម្បីធ្វើជាម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុកនិងរៀបចំបណ្ដាញ ប្រមូលទិញស្រូវរួចហើយផ្គត់ផ្គង់អង្ករចូលទៅក្នុងប្រទេសទីម័រឡេស្តប្រកបដោយស្ថេរភាព។ ហើយសម្តេចបានប្រាប់ពួកគាត់ថាអត់មានប្រទេសណាមួយផ្ដល់ឱកាសបែប នេះសម្រាប់ការវិនិយោគ ១០០ ភាគរយនោះទេ ។ហើយរៀបចំជាម៉ាស៊ីនកិនស្រូវ ខ្លាំងស្តុក ប្រមូលទិញ និងនាំទៅទាំងកន្ទក់ ទាំងចុងអង្ករ យកទៅចិញ្ចឹមសត្វនៅទីម័រ ឡេស្ត ។ ទី២.យើងអាចជួយទីម័រឡេស្តទៅលើបញ្ហាបច្ចេកទេសដែលទាក់ទងនឹងវិស័យស្បៀងនិងវិស័យកសិកម្ម ។

សម្តេចតេជោបន្តថាសម្តេចបានប្រាប់ទៅនាយករដ្ឋមន្រ្តីទីម័រឡេស្តថា”គ្មានអ្នកណាស្គាល់អ្នកក្រជាងអ្នកក្រនោះទេ”។ សម្តេចបន្តថា នៅប្រទេសគុយបាយើងក៏អាចនាំ ពូជស្រូវ ៧៨ថ្ងៃទៅជូនទៅដល់ប្រទេសគុយបាបានដើម្បីឲ្យគាត់ប្រើប្រាស់ពូជរយៈពេលខ្លីនេះប្រសិនបើត្រូវហើយគឺគាត់អាចផលិតស្រូវបានច្រើនអាចផ្គត់ផ្គង់ស្បៀងក្នុងប្រទេសបាន។នោះមិនទាន់និយាយដល់ប្រទេស ហ្គីណេ កូណាគ្រី ដែលសម្តេចបានសន្យាចំពោះអ្នកជំនាញការថានឹងជួយវិស័ យកសិកម្ម។ ក៏ប៉ុន្តែដោយសារប្រទេសនេះ ជួបរដ្ឋប្រហារម្ដងហើយម្ដងទៀត។អ្នកសន្យាមុនក៏ចេះតែធ្លាក់ទៅ អញ្ចឹងទេយើងអាចធ្វើបានតែជាមួយនឹង cuba ៕