ដោយៈមុនីរ័ត្ន/ភ្នំពេញ៖នៅល្ងាចថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៣នេះបណ្តុំអង្គការសមាគមសង្គមស៊ីវិលនិង គណបក្សយុវជនកម្ពុជា ព្រមទាំងសង្គមស៊ីវិលនានានិងគណបក្សស្របច្បាប់ជាបន្តបន្ទាប់បានគាំទ្រលើសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក្នុងការ បដិសេធទាំងស្រុងចំពោះការចុះបញ្ជីឈរ​ឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដោយមូលហេតុ ការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀនមិន​បំពេញ​គ្រប់​លក្ខខណ្ឌនៃច្បាប់បោះឆ្នោត។

ញត្តិគាំទ្រនិងសេចក្តីប្រកាសបានបញ្ជាក់ថា សេចក្តីសម្រេចរបស់ គ.ជ.ប បានរៀបរាប់ថា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គ.ជ.បបានទទួលពាក្យ​សុំចុះបញ្ជីគណបក្សនយោបាយសរុបចំនួន២០។ យោងតាមច្បាប់ គ.ជ.ប មានពេល៧ថ្ងៃ ដើម្បីពិនិត្យឯកសារ​ចំនួន១០មុខ ស្រប​តាមមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយគ្រប់គណបក្សនយោបាយមានពេល៥ថ្ងៃ ដើម្បីបំពេញឯកសារ​ដែលខ្វះ និងកែតម្រូវបន្ទាប់ពីទទួលបានការស្នើសុំរបស់ គ.ជ.ប។

ជាមួយគ្នានេះ  ក្នុងនាមបណ្ដុំអង្គការសង្គមស៊ីវិលនិងគណបក្សយុវជនកម្ពុជាបានអំពាវនាវដល់គណបក្សប្រឆាំង ពិសេសគណបក្ស​ភ្លើងទៀន សូមចូលគោរពនីតិវិធីច្បាប់ជាតិ កុំបង្កហេតុនានាដែលមិនបានហុចផលជូនសង្គមជាតិ៕សរន