ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ភ្នក់
នាមសព្ទ
គំនរឧសឬសម្រាម ដែលដុតឲ្យឆេះងំរង្គំយូរ ដោយសង្កត់នឹងអង្កាមឬកម្ទេច, ស្មៅ, ចំណាំងជាដើម ដែលស្រស់ ឬដែលលាយដោយដី ដើម្បីឲ្យហុយផ្សែងកម្ចាត់មូសជាដើម
បង្ហុយភ្នក់, ភ្នក់ភ្លើង ឬ ភ្លើងភ្នក់ ។
រស
(រស់)
នាមសព្ទ
( សំ. បា. ) សម្ផស្សប្លែកៗ ដែលប៉ះពាល់ជិវ្ហាបសាទ ដឹងថា ប្រៃ, ជូរ, ចត់, ល្វីង, ផ្អែម ជាដើម
រសប្រៃ, រសជូរ, រសផ្អែម; អាហារមានរសឆ្ងាញ់ ។
បើផ្សំជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. រៈសៈ ឬចួនកាល អ. ថ. រស់ ក៏មានខ្លះ, បើរៀងពីខាងចុង អ. ថ. រស់; សព្ទនេះមានន័យច្រើនយ៉ាងណាស់, ប្រែតាមរូបធាតុ គឺប្រភពដើមថា “វិស័យជាទីត្រេកអររបស់សត្វ” ឬថា “វិស័យដែលសត្វទទួលរ៉ាប់រងដោយការដឹង”, ប្រែតាមដំណើរសេចក្ដី នៅមានច្រើនយ៉ាងទៅទៀត គឺប្រែថា ការដឹងអារម្មណ៍; សម្ផស្សកាម; តម្រេក; វត្ថុរាវ; ទឹកដម; ធាតុទឹកក្នុងរាងកាយ; ទឹកក្នុងសាច់, ក្នុងដើមឬក្នុងផ្លែ; ទឹកបន្សារ; កិច្ច; នាទី, មុខការ; សម្បត្តិ; ព្យាយាម; មារយាទ ។ ល ។ រសកៈ អ្នកចម្អិនអាហារ, អ្នកពិសែស, ចុងភៅ ( បើស្ត្រីជា រសិកា ) ។ រសគន្ធ ( រៈសៈគន់ ឬ រស់-គន់-ធ ) ក្លិនរស ( ពាក្យកាព្យប្រើជា រសគន្ធា ក៏មាន ) ។ រសជាតិ ( រស់-ជាត ) ជាតិរបស់រស ( រសឆ្ងាញ់ពិសា ) ។ រសញ្ញា, រសនា ( រៈស័ញ-ញ៉ា, រៈសៈន៉ា ) អណ្ដាត ។ ( រសនា ប្រែថា “ខ្សែក្រវាត់ស្ត្រី; តម្រេក; សេចក្ដីឆ្ងាញ់ពិសា; សំឡេង” ក៏បាន ) ។ រសញ្ញូ អ្នកប្រាជ្ញខាងអក្សរសាស្ត្រ, ខាងតែងសេចក្ដី, ខាងកាព្យឃ្លោង ។ រសតេជ័ស ឬ — តេជះ ឈាម ។ រសធម៌ ( រស់— ) ដូចគ្នានឹង ធម្មរស : សូវស្លាប់ទៅគាប់ រសធម៌កុំបីបង់ ( សាស្ត្រាច្បាប់រាជនេតិ ) ។ រសធាតុ, រសនាថ, រសរាជ, រសេន្ទ្រ បរទ ។ រសនាយក ព្រះសិវៈ(ព្រះឥសូរ) ។ រសនាលិះ ( <រសនាលិហ៍ ) សុនខ ។ រសផល ផ្លែឈើមានរស; ដើមដូង ។ រសភង្គ ( រៈសៈភ័ង ) ដំណើរខូចរស; ដំណើរទាស់អារម្មណ៍, ទាស់ចិត្ត; សេចក្ដីអផ្សុក ។ រសវតី ( រៈសៈវៈដី ) រោងចម្អិនអាហារ, ផ្ទះបាយ ។ រសវិទ, រសវិទូ, រសាយនវិទ ( រៈសាយ៉ៈន៉ៈវិត ) អ្នកចេះរសវិទ្យា; អ្នកស្លបរទ; ពេទ្យ ។ រសវិជ្ជា, រសវិទ្យា, រសាយនវិទ្យា វិជ្ជាប្រែធាតុឬផ្សំធាតុ គឺចំណេះប្រែឬផ្សំធាតុរ៉ែផ្សេងៗ, ធាតុវិជ្ជា ។ ល ។ ករូណរស ឬ ករុណារស រស (កម្លាំង) នៃសេចក្ដីអាណិត, អាសូរ ។ គន្ធរស រសក្លិន ។ ធម្មរស រសធម៌ ។ មធុររស រសផ្អែម; រសឆ្ងាញ់។ រជតរស ( រៈជៈតៈរស់ ) ទឹកប្រាក់។ វីររស កម្លាំងព្យាយាម, សេចក្ដីក្លៀវក្លា ។ សុគន្ធរស ទឹកក្រអូប, ទឹកអប់ ។ សុវណ្ណរស ទឹកមាស ។ ស្រឹង្គាររស រសសេចក្ដីស្រឡាញ់, កម្លាំងស្នេហា ។ ហាសនរស រសសេចក្ដីរីករាយ, កម្លាំងសេចក្ដីត្រេកត្រអាល ។ ឱជារស ទឹកកម្លាំងកាយ; រសឆ្ងាញ់ពិសា ។ ឱសថរស ឬ ឱសធរស រសឱសថ, ទឹកថ្នាំរម្ងាប់រោគ ។ ល ។
សម្ភារ
(សំ-ភា)
នាមសព្ទ
( សំ. បា. ) ការសន្សំ, ការសាងសន្សំកុសល; ការសាងសន្សំបន្ទុំបារមី ( របស់ពោធិសត្វ ); តេជះ, អំណាច; សេចក្ដីទំនុកបម្រុង; ការស្រោចស្រង់, សេចក្ដីសង្គ្រោះ; ការរួបរួម; របស់ដែលត្រូវរួបរួម, ដែលត្រូវផ្សំជាមួយគ្នា; គ្រឿងផ្សំ; គ្រឿងផ្គុំ; អង្គ; ចំណែក; ពួក; ទ្រព្យ; របស់ដែលត្រូវតែមានខានពុំបាន, គ្រឿងប្រើប្រាស់; . . . ។ គ្រឿងសម្ភារ គ្រឿងផ្សំ; គ្រឿងប្រើប្រាស់ ។ ដោយសារសម្ភារ ដោយសារអំណាចឬសេចក្ដីទំនុកបម្រុង
យើងខ្ញុំបានសេចក្ដីសុខ ដោយសារសម្ភារព្រះតេជព្រះគុណ ។ ម្លប់សម្ភារ ម្លប់តេជះ, ម្លប់បុណ្យ : សូមជ្រកកោនក្រោមម្លប់សម្ភារព្រះបាទម្ចាស់ ។ សម្ភារបារមី បារមីដែលបានសាងសន្សំឬអប់រំទុកមក ។ គុណសម្ភារ តេជះរបស់គុណ ។ ទព្វសម្ភារ គ្រឿងប្រុងមានគ្រឿងផ្ទះជាដើម (ម. ព. នេះផង) ។ ពោធិសម្ភារ ការសាងសន្សំឲ្យបានត្រាស់ជាព្រះពុទ្ធ ។ រាជសម្ភារ តេជះរបស់ព្រះរាជា ។ សីលសម្ភារ អង្គសីល; តេជះសីល ។ ល ។
ឯតទគ្គៈ
(អេ-តៈទ័ក-គៈ)
នាមសព្ទ
( បា. ឯតទគ្គ < ឯត ” នេះ; នុះ ” + ទ –អាគម + អគ្គ ” ខ្ពស់, ខ្ពង់ខ្ពស់, ឧត្តម; លើស “; សំ. ឯតទគ្រ < ឯតត៑ > ឯតទ៑ + អគ្រ ” បុគ្គលនុះលើសគេ ” ) អ្នកដែលគេលើកថាលើសលែងឬប្រសើរជាងគេខាងមុខការឬក៏ចំណេះវិជ្ជាណាមួយ : គ្រូបង្រៀននុះ រាជការលើកជាឯតទគ្គៈខាងវិជ្ជាលេខ ( បើស្ត្រីជា ឯតទគ្គា ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឯតទគ្គ ( អេ-តៈទ័ក-គៈ ), ដូចជា ឯតទគ្គដ្ឋាន ទីជាឯតទគ្គៈ ។ ឯតទគ្គបុគ្គល ឬ –បុរស បុគ្គលឬបុរសជាឯតទគ្គៈ ។ ឯតទគ្គភាព ភាពជាឯតទគ្គៈ ។ល ។ ( ព. កា. ) : ពួកសាស្ត្រាចារ្យ ដែលនៅធ្វើការ ក្នុងវិទ្យាល័យ នុះគេសុទ្ធតែ មានវិទ្យាថ្លៃ ទាន់កាលសម័យ នៃការសិក្សា ។ ខ្លះមានចំណេះ ខ្ពស់ដល់ថ្នាក់ចេះ ឯតទគ្គា គួរបុត្រធីតា កូនចៅរាល់គ្នា ឲ្យមានវិជ្ជា ឯតទគ្គៈ ។
ឱជ
នាមសព្ទ
( សំ. ឱជស៑; បា. ឱជា ) អ្វីៗដែលបង្កើតកម្លាំង, គ្រឿងបង្កើតកម្លាំង, ជំនួយកម្លាំង គឺរសដែលនាំឲ្យមានកម្លាំង, រសឆ្ងាញ់; ជីជាតិ; កម្លាំងកាយ ឬ ទឹកកម្លាំងក្នុងខ្លួន
ឱជដី រសជាតិដី ( សរសេរជា ឱជៈ ក៏បាន ) ។ អែមឱជ ឱជៈផ្អែម ។ ( ព. កា. ) : ចំណីអែមឱជ អ្នកផងបាមោជ្ជ ចាប់ចិត្តរាល់គ្នា ដោយសារអ្នកធ្វើ គេបានសិក្សា រៀនក្នុងសាលា មានគ្រូជំនាញ ។ នារីនានា គួររៀនវិជ្ជា មេផ្ទះកុំគ្រាញ កុំក្រាញខ្ជិលរៀន អៀនប្រៀនទូញទាញ ខ្លៅពេករែងលាញ កេរ្តិ៍ឈ្មោះមេផ្ទះ ។ ទោះបីខ្លួនធំ វ័យពេញក្រមុំ ក៏គួររូតរះ រៀនធ្វើចំណី ឲ្យចេះជ្រៅជ្រះ នឹងមានតេជះ ឲ្យកើតទ្រព្យធន ។ មាន ឱជា ឬមានឱជារស មានរសឆ្ងាញ់ : ម្ហូបមានឱជារស ។ ឱជវ័ន្ដ ( –ជៈវាន់ ) មានឱជា; មានកម្លាំងកាយ ( ឥត្ថី.ឬស្ដ្រីជា ឱជវន្តី ឬ ឱជវតី ) ។ បឋវោជៈ ឬ បឋវោជា ( ប៉ៈឋៈ– ) ឱជៈឬឱជារសដី; ជីជាតិដី ។ល។