ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែឧសភា បានជូនដំណឹង ស្តីពីការផ្អាកការរធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន លើកំណាត់ ផ្លូវជាតិលេខ៤៥(មហាវិថីរាម) ដោយបិទផ្លូវផ្នែកម្ខាងនៃផ្លូវ (ផ្លូវ Two ways) ដោយផ្នែកម្ខាងទៀត អាចធ្វើចរាចរណ៍បានជាធម្មតា។ ការបិទផ្លូវ រយៈពេលមួយ យប់នេះ ដើម្បីធ្វើការជួសជុលផ្លូវស្រុត នៅមុខច្រកចេញ ចូល អាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ។

លោក បុរី វង្សសានិត្យ ប្រធាមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ថាៈ កំណាត់ផ្លូវជាតិ លេខ៤៥ នៅក្បែរមុខច្រកចេញចូលអាកាសយាដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវបានបិទចរាចរមួយចំហៀង ជាបណ្តោះអាសន្ន រយៈពេលខ្លី នៅយប់នេះ (១៥ឧសភា) ដើម្បីខាងព្រលានយន្តហោះ ធ្វើការជួសជុលផ្លូវនេះសងវិញ បន្ទាប់ពីបានស្រុត ដោយសារការដឹកជញ្ជូនថ្ម ចូលការដ្ឋានសាងសង់ ព្រលានយន្ត ហោះ កន្លងមក ។ ការងារត្រូវធ្វើគ្រាន់តែបកកៅស៊ូស្រទាប់លើចេញ ហើយអ៊ុតកៅស៊ូថ្មី ឱ្យបានស្មើដូច ដើមវិញ ដោយប្រើរយៈពេលតែមួយយប់ទេ។

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែឧសភា បានជូនដំណឹង ស្តីពីការផ្អាកការ ធ្វើចរាចរណ៍ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៤៥ ដោយបិទផ្លូវ ផ្នែក ម្ខាងនៃផ្លូវ (ផ្លូវ Two ways) ដោយផ្នែកម្ខាងទៀត អាចធ្វើចរាចរណ៍បាន ជាធម្មតា។ មូលហេតុ នៃការបិទចរាចរណ៍ ជាបណ្តោះអាសន្ននេះ ដោយសារមាន តំរូវការជួសជុលកំណាត់ផ្លូវជាតិលេខ៤៥ (មហាវិថីរាម) ត្រង់ចំណុចមុខអាកាស យានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលមានការផតស្រុត ទំហំទទឹង ៤ ម៉ែត្រ បណ្តោយ ៣០០ ម៉ែត្រ ដោយធ្វើការកាយបកកៅស៊ូចាស់ AC កម្រាស់ ៧ សង់ទីម៉ែត្រ រួចអ៊ុតកៅស៊ូ AC ថ្មី។

ការបិទចរាចរណ៍កំណាត់ផ្លូវម្ខាងនេះ គឺចាប់អនុវត្តពីម៉ោង ២០និង០០នាទី យប់នេះ រហូតដល់ម៉ោង ០៥និង០០នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕ V / N