ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក សេរី កុសល តំណាងរាស្ត្រមណ្ឌល បន្ទាយមានជ័យ បានទទួលជួបពិភាក្សាការងារ ជាមួយ លោក កាវ៉ាងុជី ម៉ាសាគិ (KAWAGUCHI Masaki ) ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប។ ជំនួបនោះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅការិយាល័យតំណាងរាស្ត្រមណ្ឌល បន្ទាយមានជ័យ នាសួនមានជ័យ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោក លឹម គឹមហួរ ប្រធានការិយាល័យតំណាងរាស្ត្រមណ្ឌល បន្ទាយមានជ័យ បានឱ្យដឹងថាៈ បំណងនៃជំនួបនោះ រួមមានៈ ទី១-ជួបសម្តែងការគួរសម និងទី២ ពិភាក្សាការងារ ទាក់ទិនសភាពការណ៍ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន និងដោយឡែក ការិយាល័យកុងស៊ុល ប្រចាំខេត្តសៀមរាប, សេដ្ឋកិច្ច សង្គមកិច្ច គណបក្សនយោបាយ លទ្ធិប្រជាធិបតេយ្យ និងបរិយាកាស មុនការបោះឆ្នោតសាកល ខែកក្កដាឆ្នាំ២០២៣ ជាដើម។
លោក កាវ៉ាងុជី ម៉ាសាគិ (KAWAGUCHI Masaki ) បានថ្លែងថាៈ ការិយាល័យកុងស៊ុលប្រចាំនៅខេត្តសៀមរាប មានតំបន់ដែនសមត្ថកិច្ចទទួលបន្ទុក លើខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ។
លោក ម៉ាសាគិ បានបន្តថាៈ លោកបានចូលជួបសម្តែងការគួរសម និងជួបលោក សេរី កុសល តំណាំងរាស្ត្រនេះ ក៏ចង់ពិភាក្សាការងារ ដូចខាងលើ។ ក្នុងនោះ លោកបានរំលឹកខ្លះ លើប្រវត្តិ និងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងជប៉ុន និងកម្ពុជា តាំងពីការចូលរួមស្វែងរកសន្តិភាព ការបង្រួបបង្រាួមជាតិ ការផ្តល់ជំនួយ សម្រាប់ការស្តារ និងការអភិឌ្ឍន៍ប្រទេស និងជីវភាពឡើងវិញ ការជួយលើវិស័យ បោសសម្អាតមីន ការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ការកសាង ជំរុញការលើកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា ជាដើម ។
ឆ្លៀតក្នុងឱកាសនោះ លោក កាវ៉ាងុជី ម៉ាសាគិ ក៏បានឈ្វេងយល់ពីបញ្ហាអ្វីខ្លះ ដែលប្រជាជនកម្ពុជា នៅខេត្តបន្ទាយមានជ័យ ត្រូវការ ហើយតំណាងរាស្ត្រ និងអាជ្ញាធរមានសមត្ថកិច្ច បានដោះស្រាយ ដូចម្តេច រួមទាំងសកម្មភាពគណបក្ស នយោបាយនានា នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឆ្ពោះទៅកាន់ការចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
លោក សេរី កុសល បានមានប្រសាសន៍ថា : បញ្ហាដែលពលរដ្ឋនៅខេត្តបន្ទាយ មានជ័យ កំពុងប្រឈម ហើយចង់បាន មានដូចជា ទី១-ហេដ្ឋារចសម្ព័ន្ធ ដែលរាជរដ្ឋាភិបាល បានដោះស្រាយ និងយកចិត្តទុកដាក់ណាស់ ។ ប៉ុន្តែវានៅតែ ខូចខាត និងខ្វះខាត ដោយសារគ្រោះធម្មជាតិ។ ទី២-ការជំរុញផលិតផល និង ទីផ្សារផលិតផល ពិសេសគឺកសិកម្ម ដែលកម្ពុជាត្រូវការទីផ្សាេសេដ្ឋកិច្ច នៅប្រទេសទាំងអស់ ។ វាមិនដូចបញ្ហានយោបាយទេ ។ ទី៣-ពលករចំណាកស្រុក គឺអាជ្ញាធរមានសមត្ថកិច្ច បានលើកទឹកចិត្តឱ្យខិតខំ រកការងារធ្វើក្នុងស្រុក ។ តែបើធ្វើចំណាកស្រុក សូមទៅតាមរយ:ការបំពេញបែបបទស្របច្បាប់ ។
អំពីសកម្មភាពគណបក្សនយោបាយ និងការរំពឹងលើលទ្ធផលបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ តំណាងរាស្ត្រ លោក សេរី កុសល បាននិយាយថាៈ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយ ពង្រឹងនិតិដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងបានបន្តខិតខំរៀបចំដំណើរការ បោះឆ្នោត ហើយមន្ត្រីគណបក្ស បានចុះនិងធ្វើការជាប់ជាប្រចាំ ជាមួយពលរដ្ឋ ជាម្ចាស់ឆ្នោត ។ ហេតុនេះ ក្នុងផែនការ គណបក្សនេះ ថាប្តេជ្ញាដណ្តើមអាសនៈ តំណាងរាស្ត្រ ឱ្យបាន ៦លើ៦ទៀត នាអាណត្តិខាងមុខនេះ ។
ចុងបញ្ចប់ លោក កាវ៉ាងុជី ម៉ាសាគិ សង្ឃឹមថាៈ កម្ពុជា និងដោយឡែក នៅខេត្ត បន្ទាយមានជ័យ នឹងបង្កលក្ខណៈ បរិយាកាសល្អ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងឆ្លុះបញ្ចាំងពីបំណងប្រាថ្នា និងឆន្ទៈរបស់ប្រជាជនកម្ពុជា ៕ V / N