ដោយ៖ ដេប៉ូ / ភ្នំពេញ៖ សាធារណរដ្ឋឆែក បានបង្ហាញជំហរថា នឹងពង្រីកកិច្ច សហប្រតិបត្តិការ បន្ថែមទៀត ជាមួយកម្ពុជា លើការកសាងធនធានមនុស្ស ឲ្យកាន់តែមានសមត្ថភាពខ្ពស់ និងមានជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារ នៅកម្ពុជា។

ការបង្ហាញជំហរនៃសាធារណរដ្ឋឆែកនេះ ធ្វើឡើងក្នុងពេលជួបពិភាក្សាការងារ រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Petr Gandalovic ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការ ផ្នែកអភិវឌ្ឍ និងជំនួយមនុស្សធម៌ តំណាងក្រសួងការបរទេស នៃសាធារណរដ្ឋឆែក និង លោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការងារ។

ក្នុងជំនួបពិភាក្សាការងារនេះដែរ បានផ្តោតសំខាន់លើលទ្ធផល នៃកិច្ចសហ ប្រតិបត្តិការ រយៈពេល ៥ ឆ្នាំកន្លងមក (២០១៨-២០២៣) និងកំណត់ទិសដៅ អាទិភាព សម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់ ដោយចាប់ផ្ដើមពីឆ្នាំ២០២៤ ជាពិសេស ការបន្ដគាំទ្រលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិ ការ ៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានកិច្ចសហប្រតិបត្តិការ ជាមួយ អង្គការភីន ឬ PIN (People In Need) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញ នៃប្រទេសឆែក ដែលអនុវត្តលើគម្រោងជំនួយមនុស្សធម៌ គម្រោងអភិវឌ្ឍន៍រយៈពេលវែង កម្មវិធីអប់រំ និងបានចូលមកកម្ពុជា ពីឆ្នាំ២០០៨។

លោក បានលើកឡើង ដោយបញ្ជាក់បន្ថែមថាៈ ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ន មានការអភិវឌ្ឍរីកចម្រើនលឿន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ ទៅលើការបណ្តុះបណ្ដាលជំនាញសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារ នាពេលអនាគត។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោ បាយអភិវឌ្ឍជំនាញ ដល់យុវជនគ្រួសារក្រីក្រ ប្រមាណ ១,៥ លាននាក់ (ស្មើនឹង ១៥ ភាគរយ នៃកម្លាំងពលកម្មសរុប)តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល ពិសេស ដែលកម្មវិធីនេះ គឺជាចំណុចអាទិភាពខ្ពស់មួយ ដែលក្រសួងការងារ កំពុងផ្តោតសំខាន់។

ក្នុងពិធីនេះដែរ លោក Petr Gandalovic បានថ្លែងថាៈ កន្លងមក សាធារណរដ្ឋឆែក តែងតែបានផ្តល់ការគាំទ្រ ទៅលើការអភិវឌ្ឍ វិស័យបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដើម្បីឱ្យ កិច្ចសហប្រតិបត្តិការ កាន់តែមានប្រសិទ្ធភាពទៀតនោះ ភាគីទាំងពីរ គួរពិភាក្សា ទៅលើការរៀបចំកម្មវិធីសិក្សារបស់ TVET ផងដែរ ពិសេសទៅលើមុខវិជ្ជាជំនាញ ដែលនឹងមានសក្តានុពល ទៅថ្ងៃអនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារ ដូចជា ផ្នែកការកែច្នៃផលិតផលកសិកម្ម ជាដើម។

លោក Petr Gandalovic បានបន្តថាៈ ការកែច្នៃម្ហូបអាហារនេះ គឺជាផ្នែក មួយដែលសាធារណរដ្ឋឆែក មានបទពិសោធន៍ ជាយូរណាស់មកហើយ លើសពីនេះ ឆែកក៏មានប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការអភិវឌ្ឍឈានមុខគេមួយ ហើយនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជានេះ សាធារណរដ្ឋឆែក អាចផ្តល់អាហារូបករណ៍ ដល់សិស្សានុសិស្ស កម្ពុជា ទៅធ្វើទស្សនកិច្ចសិក្សានៅឆែក ក៏ដូចជាការផ្តល់ការបណ្តុះបណ្តាល ដល់គ្រូបង្រៀនផងដែរ។

លោករដ្ឋមន្ត្រី បានឯកភាពទៅលើ ការលើកឡើងរបស់លោក Petr Gandalovic ហើយបានលើកឡើងថាៈ​ កម្ពុជាក៏បានរៀបចំផែនទីបង្ហាញផ្លូវ អភិវឌ្ឍជំនាញ ដល់ឆ្នាំ២០៣៥ ដើម្បីកំណត់គោលដៅជំនាញសំខាន់ៗ ដែលត្រូវអភិវឌ្ឍផងដែរ។

ចំពោះការដាក់ឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាល ផ្នែកកែច្នៃផលិតផលកសិកម្ម លោក រដ្ឋមន្ត្រីក៏បានស្វាគមន៍ផងដែរ ដោយកម្មវិធីនេះ​ នឹងបន្តគាំទ្រទៅលើ គោលនយោបាយកសិកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើន ដូចជា គោលនយោបាយនាំចេញអង្ករ ដែលបានដាក់គោលដៅនាំចេញ ១លានតោន គោលនយោបាយកែច្នៃ និងនាំចេញដំឡូងមី និងគោលនយោបាយកែច្នៃគ្រាប់ ស្វាយចន្ទី ដែលសព្វថ្ងៃនេះ កម្ពុជា គឺជាអ្នកនាំចេញគ្រាប់ស្វាយចន្ទី ធំជាងគេ ផងដែរ។

គួរបញ្ជាក់ថា ភាគីទាំងពីរ បានសម្ដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ កន្លងមក ហើយបានប្តេជ្ញា ក្នុងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ទៅលើ ការកសាងធនធានមនុស្ស ឲ្យកាន់តែមានសមត្ថភាពខ្ពស់ មានជំនាញវិជ្ជាជីវ: ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទនៃការរីកចម្រើន សេដ្ឋកិច្ច និងបច្ចេកវិទ្យា៕ V / N