ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ គណបក្សកាវក្លៃឬ ឈានទៅមុខ(MFP)បានឈ្នះឆ្នោតទទួលបានអាសនៈសភាច្រើនជាងគេក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ហើយក៏បានប្រកាសសម្ពន្ធភាពប្រាំមួយគណបក្សមួយ រួមមានសមាជិកសភាជាប់ឆ្នោតថ្មី៣០៩រូប សំរាប់បង្កើតរដ្ឋាភិបាលបន្ទាប់។
តែការដែលមេដឹកនាំMFP លោកភិតា លីមចារឺនរ៉ាត(Pita Limjaroenrat)ប្រកាសខ្លួនឯងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះបន្ទាប់ មិនជាការងាយស្រួលទេ។ព្រឹទ្ធសភារាជានិយមដែលតែងតាំងដោយយោធាក៏ចូលរួមសំរេចជោគវាសនាបេក្ខជននាយករដ្ឋមន្ត្រីដែរ រួមជាមួយសមាជិកសភាជាន់ទាប។
តោះមកពិនិត្យមើលលទ្ធភាពនិងសេណារីយ៉ូខ្លះក្នុងការតស៊ូអំណាចនៃនយោបាយថៃ
-ភិតា ក្លាយជានាយករដ្ឋមន្ត្រី
យ៉ាងហោចណាស់ក្រុមចំរុះថ្មីនេះត្រូវការសម្លេងឆ្នោត៣៧៦ ពីសភាជាតិថៃ(សភានិងព្រឹទ្ធសភា)ដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីមួយរូប។ក្នុងសេណារីយ៉ូដូច្នេះ គណបក្សកាវក្លៃ ត្រូវទាក់ទាញឬបញ្ចុះបញ្ចូលអោយបានសមាជិកព្រឹទ្ធសភា៦៧រូបសំរាប់គាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន គឺដើម្បីអោយលោកភិតា ក្លាយជានាយករដ្ឋមន្ត្រី។ពេលនោះ ក្រុមចំរុះកាន់អំណាចអាចដឹកនាំរដ្ឋាភិបាលសម្លឹងភាគច្រើនមួយដឹកនាំដោយលោកភិតា។
-ប្រាយុទ្ធ ក្លាយជានាយករដ្ឋមន្ត្រី
MFPបានសន្យាកែប្រែច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រ ដែលតំរូវអោយមានទោសព្រហ្មទណ្ឌចំពោះជនណាដែប្រមាថឬបរិហាកេរ្តិ៍ព្រះមហាក្សត្រ មហាក្សត្រិយានី រាជទាយាទទសមាជិករាជវង្ស ដោយជនល្មើសអាចជាប់គុ១៥ឆ្នាំចំពោះបទល្មើសមួយករណី។ផែនការរបស់គណបក្សកាវក្លៃនេះ មិនជាទីពេញចិត្តក្នុងចំណោមពួកសមាជិកព្រឹទ្ធសភាទេ។
កាលពីថ្ងៃចន្ទ ព្រឹទ្ធសភាថៃពីររូបបានបញ្ជាក់រួចហើយថាពួកគេនឹងមិនបោះឆ្នោយគាំទ្រលោកភិតាទេ គឺពួកគេគាំទ្រតែបេក្ខជនណាដែលគាំទ្ររបបរាជានិយម។
ពួកសមាជិកព្រឹទ្ធសភាអាចបន្តគាំទ្រនាយករដ្ឋមន្ត្រីចាំផ្ទះ ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីបន្ត។អតីតមេទ័ពរូបនេះ ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស ជាតិដៃរួបរួម(UTN)។ក្នុងករណីនេះ វាអាចទៅរួចបើ UTNអាចកៀរគរគណបក្សនានាបង្កើតជាក្រុមចំរុះមួយមានសម្លេងគ្រប់គ្រាន់សំរាប់បង្កើតរដ្ឋាភិបាលសម្លេងភាគតិចមួយក្រោមការគាំទ្រពីព្រឹទ្ធសភា។
យោងតាមលទ្ធផលឆ្នោត UTNឈ្នះបាន៣៦អាសនៈសភា ។ជាមួយនឹងការគាំទ្រពីព្រឹទ្ធសភា UTNអាចលើកបន្តុបលោកប្រាយុទ្ធជានាយករដ្ឋមន្ត្រី បើសិនជាលោកអាចប្រមូលបានគណបក្សមានចិត្តគំនិតដូចគ្នា បានយ៉ាងតិច៩០អាសនៈទៀតនៅក្នុងសភាជាន់ទាប។
បើអាចធ្វើដូច្នេះបាន លោកប្រាយុទ្ធនឹងដឹកនាំរដ្ឋាភិបាលសម្លឹងភាគតិចមួយ តែរដ្ឋាភិបាលដូច្នេះមិនមានស្ថិរភាពនិងវាក៏មិនអាចអនុម័តច្បាប់អ្វីមួយចេញផងដែរ។
ឧត្តមសេនីយ៍ ប្រាវីត វ៉ុងស៊ូវ៉ុន មេដឹកនាំគណបក្សកាន់អំណាច ផាឡាង ប្រាចារ៉ាត និងមេដឹកនាំគណបក្សក្នុងរដ្ឋាភិបាលចំរុះបច្ចុប្បន្នមួយទៀត គឺគណបក្សភូមចៃថៃ(Bhumjaithai)ក៏អាចធ្វើដូចលោកប្រាយុទ្ធ ដោយសារគណបក្សទាំងពីរទទួលបានអាសនៈសភា៤០ និង៧០ រៀងៗខ្លួន។
-ភិតា ត្រូវបដិសេធសមាជិកភាពសភា
អ្នកនយោបាយអភិរក្សមកពីគណបក្សកាន់អំណាច ផាឡាងប្រចារ៉ាត បានចោទប្រកាន់ថា លោកភិតាមានភាគហ៊ុនដោយខុសច្បាប់នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ។ចំណែកលោក ភិតាបានពន្យល់ថាលោកគ្រាន់តែកាន់កាប់ភាគហ៊ុននេះតាមបណ្តាំមរតករបស់សពឪពុកលោកប៉ុណ្ណោះ។
គណៈកម្មាធិការរៀបចំការបោះឆ្នោយនៅមិនទាន់ធ្វើការស៊ើបអង្កេតបណ្តឹងនេះនៅឡើយ ហើយវានឹងត្រូវចំណាយពេលពីរខែទម្រាំធ្វើការស៊ើបអង្កេតចប់។បើការស៊ើបអង្កេតរកឃើញថាលោកភិតាមានកំហុស លោកអាចត្រូវដកសមាជិកភាពសភា តែមិនដឹងថានឹងប៉ះពាល់ដល់គណបក្សដែរឬអត់។
-គណបក្សMFPត្រូវរំលាយ
តាមពិតនយោបាយថៃមានគំរូអំពីការរំលាយចោលគណបក្សដ៏ប្រទូសរ៉ាយ។ គណបក្សរាមច្បងមុនរបស់ភឿថៃ គឺគណបក្សថៃរ៉ាក់ថៃ និងគណបក្សអំណាចប្រជាជន ត្រូវបានតុលាការសំរេចរំលាយចោលដោយសារការឆបោកក្នុងការបោះឆ្នោតបន្ទាប់ពីគណបក្សទាំងពីរដណ្តើមបានជ័យជម្នះក្នុងការបោះឆ្នោត។
គណបក្សមុនរបស់MFP គឺគណបក្សFuture Forward ក៏ត្រូវបានរំលាយនៅឆ្នាំ២០២០ ដោយសារតែឥណទានមួយដែលមេដឹកនាំគណបក្សបានផ្តល់អោយគណបក្ស ដែលត្រូវតុលាការធម្មនុញ្ញគិតថាជាលុយអំណោយខុសច្បាប់។
ទោះជាមិនមានបណ្តឹងជាក់លាក់ណាដែលនាំដល់ការរំលាយគណបក្សMFPក៏ពួកអ្នកសង្កេតការណ៍និយាយថាលទ្ធភាពរំលាយMFPជាអ្វីមួយដែលមិនអាចច្រានចោលបានទេ។ការរំលាយចោលគណបក្សនេះអាចនាំអោយផ្ទុះការតវ៉ាតាមដងផ្លូវស្រដៀងគ្នានឹងព្រឹត្តិការណ៍ឆ្នាំ២០២០ក្រោយគណបក្ស Future Forwardត្រូវបានរំលាយ៕