ដោយៈប.ខុន/ភ្នំពេញៈ កំប្លោកអណ្តែតពេញដងទន្លេសាបក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនិងស្រុកបាធាយខេត្តកំពង់ចាម ជាកំប្លោកហូរចេញពីបណ្តាព្រែកនានា បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើន មិនមែនជាកំប្លោកអណ្តែតចេញពីបឹងទន្លេសាបហើយកំប្លោកនេះវានឹងអណ្តែតចុះមកដល់ទន្លេសាបមុខព្រះបរមរាជវាំងតាមរបបទឹកជោរនាចធ្វើឱ្យរាំងស្ទះដល់ការធ្វើនាវាចរ។
លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣ថា កំប្លោកអណ្តែត ពេញដងទន្លេសាបក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនិងស្រុកបាធាយខេត្តកំពង់ចាម ជាកំប្លោកហូរចេញពីតាមព្រែកបន្ទាប់ពីមានភ្លៀងធ្លាក់បន្តបន្ទាប់ មិនមែនជា កំប្លោកអណ្តែតមកពីបឹងទន្លេសាបនោះទេ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយបានឱ្យដឹងទៀតថា នៅពេលនេះកំប្លោកមួយចំនួនបានអណ្តែតជាដុំមកដល់ឃុំកោះចិនស្រុកពញាឮខេត្តកណ្តាលហើយវានឹង អណ្តែតមកដល់ដងទន្លេសាបមុខព្រះបរមរាជវាំងរួចនឹងហូរត្រឡប់ចូលទៅបឹងទន្លេសាបវិញពេលទឹកទន្លេមេគង្គជន់ឡើងហូរចូលទៅកាន់បឹងទន្លេសាបនៅពេលខាងមុខ ។ នៅពេលនេះទឹកបឹងទន្លេសាបលែងមានលំហូរចេញហើយ។ កំប្លោកអណ្តែតចុះមកម្តងបន្តិចៗតាមរយៈទឹកជោរនាចធ្វើឱ្យរាំងស្ទះដល់ ការធ្វើនារវាចរ ។ ស្ថានភាពទឹកទន្លេមេគង្គនៅភាគខាងលើពេលនេះមានចលនាឡើងចុះតិចតិច។ឯទឹកទន្លេសាបវិញលែងមានលំហូរចុះ តែនៅមានចលនារុញចុះរុញឡើងនៅផ្នែកខាងក្រោម។
ស្ថានភាពទឹកទន្លេនៅតាមជលសាស្ត្រថ្ងៃទី១៥ខែឧសភាទន្លេមេគង្គស្ទឹងត្រែងទឹកមានកម្ពស់២,៧៧ម៉ែត្រ ទាបជាងថ្ងៃទី១៤ខែឧសភា០,០១ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ០,០៨ម៉ែត្រ,ទន្លេមេគង្គក្រចេះទឹកមានកម្ពស៧,៥៦ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៤ខែឧសភា០,១៤ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ០,១២ម៉ែត្រ, ទន្លេមេគង្គកំពងចាមទឹកមានកម្ពស់២,៥៩ម៉ែត្រ ទាបជាងថ្ងៃទី១៤ខែឧសភា០,០៤ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ០,៦៥ម៉ែត្រ, ទន្លេបាសាក់ ចតុមុខទឹកមានកម្ពស់១,៩៦ម៉ែត្រ ទាបជាងថ្ងៃទី១៤ខែឧសភា០,០១ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ០,១២ម៉ែត្រ, ទន្លេមេគង្គអ្នកលឿងទឹកមានកម្ពស់១,៥៥ម៉ែត្រ ទាបជាងថ្ងៃទី១៤ខែឧសភា០,១៦ម៉ែត្រ ខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ០,១៧ម៉ែត្រ, ទន្លេបាសាក់ កោះខែល ទឹកមានកម្ពស១,៨៦ម៉ែត្រ ទាបជាងថ្ងៃទី១៤ខែឧសភា០,១៦ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ០,៣១ម៉ែត្រ, ទន្លេសាបព្រែកក្តាមទឹកមានកម្ពស០,៩៥ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៤ខែឧសភា០,០១ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ០,២៤ម៉ែត្រ, ទឹកបឹងទន្លេសាបនៅកំពង់លួងទឹកមានកម្ពស់០,៧៥ម៉ែត្រ ខ្ពស់ជាងថ្ងៃទី១៤ខែឧសភា០,០១ម៉ែត្រ ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ០,០៨ម៉ែត្រ៕.mara