​ដោយៈ គង់​ហេង / ត្បូងឃ្មុំ​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ត្បូងឃ្មុំ បានប្រកាស​ជូនដំណឹង ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ និង​ធ្វើដំណើរ ឆ្លងកាត់ កំណាត់​ផ្លូវ​ខេត្ត​លេខ ៣៧២ អា ដោយ​ធ្វើដំណើរ​តាម​វាង ដោយសារ​ការ បាក់​ស្ពានដែក​បេ​ឡេ​តិ៍ ចំណុច​ព្រែក​ក្រាយ ស្ថិតក្នុង​ភូមិ​ដួង ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់​។​

​សេចក្តីប្រកាស​ជូនដំណឹង​នេះ បានធ្វើ​ឡើង តាមរយៈ​លិខិត​មួយច្បាប់ ចុះហត្ថលេខា​ដោយ​លោក គី ដា​ណា​រិ​ទ្ធ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី ១៥ ឧសភា ម្សិលមិញ ដែលមាន​ខ្លឹមសារ​បញ្ជាក់ថាៈ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន អំពី​ការបាក់​ស្ពានដែក​ខាងលើ មន្ទីរ​បាន​ចាត់​បញ្ជូន មន្ត្រី​បច្ចេកទេស ចុះ​សិក្សា​ផ្លូវ​វាង សម្រាប់​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ឆ្លងកាត់ និង​ដឹកទំនិញ​ផ្សេងៗ ទៅកាន់​ច្រកព្រំដែន​ទ្វេភាគី​ទន្លេ​ចាម (​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​) សូម​ធ្វើដំណើរ តាមផ្លូវ​វាង​ទាំងពីរ ដូចខាងក្រោម​៖

១.​ផ្លូវ​វាង​ទី​១ ចាប់ពី​ចំណុច​ផ្លូវ​ចូល​អគ្គិសនី ត្រង់​ភូមិ​ក្រវៀន​ជើង ឃុំ​ជាំ​ក្រវៀន ដល់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន បត់​ស្តាំ បន្ត​ដល់​ច្រកព្រំដែន​ទ្វេភាគី​ទន្លេ​ចាម​។

២.​ផ្លូវ​វាង​ទី​២ ចាប់ពី​ចំណុច​ផ្លូវ​ចូល​អគ្គិសនី ត្រង់​ភូមិ​ក្រវៀន​ជើង ឃុំ​ជាំ​ក្រវៀន ដល់​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ បត់​ឆ្វេង​បន្ត​ដល់​ច្រកព្រំដែន​ទ្វេភាគី ទន្លេ​ចាម​។​

​សូមបញ្ជាក់ថា ពី​វេលា​ម៉ោង ១៦:១៥​នាទី ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ​២០២៣ មាន​ករណី​បាក់​ស្ពានដែក​បេ​ឡេ​ត៍ មួយកន្លែង ប្រវែង ៣០ ម៉ែត្រ និង​ទទឹង ៤ ម៉ែត្រ ត្រង់​គីឡូ​លេខ​១៨+៦៥០ (​ស្ពាន​ព្រែក​ក្រោយ​) នៅលើ​កំណាត់​ផ្លូវ​ខេត្ត​លេខ ៣៧២​អា ស្ថិតនៅ​ក្នុងភូមិ​ដូង ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់​។​

​ករណី​បាក់​ស្ពានដែក ខាងលើ បណ្តាលមកពី រថយន្ត​ដឹកទំនិញ​អេប​បាយ ម៉ាក ហ៊ីយ៉ានដាយ (​វេ​អង​) ប្រភេទ​ក្បាល និង​សឺ​មី​រ៉ឺម៉ក​សណ្តោង ដែល​ក្បាល​រថយន្ត ពាក់​ស្លាក លេខ​ត្បូងឃ្មុំ 3A-3437 និង​សឺ​មី​រ៉ឺម៉ក​សណ្តោង​ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 4A-1476 ៕/V​.mara