​ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ថាៈ ការអភិវឌ្ឍ​រីកចំរើន​របស់​រាជធានី​ភ្នំពេញ គឺ​មិនអាច​ផ្តាច់​បាន​ពី ការចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ ពី​ប្រទេស​បារាំង​បានឡើយ ដោយ​តាមរយៈ​សមាគម អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) បារាំង​បាន​ជួយ​រាជធានី ភ្នំពេញ ជាច្រើន​។​

​ការលើកឡើង​បែបនេះ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ ឡើង នា​ព្រឹក​ថ្ងៃទី​១៦ ឧសភា ក្នុងជំនួប​ពិភាក្សា​ការងារ និង​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ដៃគូ​សហការ ស្តីពី​ការិយាល័យ​ប្រចាំ​តំបន់ នៃ​បណ្តាញ ទីក្រុង​អាស៊ី អាគ្នេយ៍ មាន​មូលដ្ឋាន នៅ​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​ពិធី​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ដៃគូ​សហការ ស្តីពី​គម្រោង​ត្រៀម​បង្ការ សម្រាប់​ស្ថានភាព​បន្ទាន់ ក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី​២ (EMR2) ជាមួយ លោកស្រី អា​រី​យ៉ាណា អាដេ​ហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និង​ជា​លេខាធិការ​រង​អចិន្ត្រៃយ៍ ទទួលបន្ទុក កម្មវិធី​សហប្រតិបត្តិការ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ ការអភិវឌ្ឍ​រីកចំរើន​របស់ រាជធានី​ភ្នំពេញ គឺ​មិនអាច​ផ្តាច់​បាន​ពី​ការចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ពី​ប្រទេស​បារាំង តាមរយៈ​សមាគម​អន្តរជាតិ​អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង (AIMF) បានឡើយ ដោយ​បារាំង​បាន​ជួយ​រាជធានី​ភ្នំពេញ​ជាច្រើន​។ រាជធានី​ភ្នំពេញ នឹងសិក្សា​ស្វែងយល់ បទពិសោធន៍ ពី​ទីប​ណ្តា​ទីក្រុង​ផ្សេងទៀត លើ​ពិភពលោក ដើម្បី​យកមក​អភិវឌ្ឍន៍ រាជធានី​ភ្នំពេញ អោយ​កាន់តែ​រីកចំរើន​បន្ថែមទៀត​។​

​លោកស្រី អា​រី​យ៉ាណា អាដេ​ហ្ស៊ី បានលើកឡើង​ថាៈ រាជធានី​ភ្នំពេញ បាន​សហការ ជាមួយ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) យ៉ាង សំបូរបែប​។ នៅ​រយៈពេល ២​ខែ​ទៀត​ទេ យើង​នឹង​បើកសម្ពោធ ស្ថានីយ​ប្រព្រឹត្ត​កម្ម សំណល់​ភក់​បង្គន់​ទី​១ នៅ​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំង នៅក្នុង​សង្កាត់​ភ្លើង​ឆេះ រទេះ ខណ្ឌ​កំពូល រាជធានី​ភ្នំពេញ ។ គម្រោង​នេះ ជា​គម្រោង​ធំ មិន​ធ្លាប់មាន​ពីមុន ហើយក៏​មិន​ចេះតែ​ធ្វើបាន​នោះដែរ តែ​សម្រាប់​រាជធានី​ភ្នំពេញ យើង​បាន​បង្កើត អោយមាន​គម្រោង​នេះហើយ​។​

​គួរ​បញ្ជាក់ថា​៖ ទស្សនកិច្ច​ការងារ​រ​បស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់ ភាសា​បារាំង (AIMF) មាន​គោលបំណង​២ គឺ ទី​១.​សម្ពោធ​សមិទ្ធផល​នៃ​គម្រោង នានា ដែល​សម្រេចបាន ក្រោម​កិច្ចសហប្រតិបត្តិការ រវាង​រាជធានី​ភ្នំពេញ និង សមាគម​អន្តរជាតិ​ក្រុង​ប្រើ​ភាសា​បារាំង ដែល​រួមមាន​៖ -​ស្ថានីយ​ប្រព្រឹត្ត​កម្ម​សំណល់ ភក់​បង្គន់​ទី​១ នៅ​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំង នៅក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំពូល រាជធានី​ភ្នំពេញ​។ -​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ នៃ​គម្រោង​ដែលជា ហិរញ្ញប្បទាន​រួម រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ សមាគម AIMF រដ្ឋបាល រដ្ឋធានី​ប៉ារីស និង​សហភាព​អឺរ៉ុប ដែលមាន​ទីតាំង​នៅតាម​ប្រឡាយ​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ២. រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​បណ្តាញ​ទីក្រុង​ប្រើប្រាស់​ភាសា បារាំង នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ទីស្នាក់ការ​នៅ សាលា​រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ទៀតថា​៖ ចាប់ពី​ដើមឆ្នាំ​២០២០​មក គម្រោង​ក្រោម​កិច្ចសហប្រតិបត្តិការ រវាង​រាជធានី​ភ្នំពេញ និង​សមាគម AIMF កំពុង​អនុវត្ត គឺ​សមាគម​អន្តរជាតិ​អភិបាល ក្រុង​ប្រើប្រាស់ ភាសា បារាំង (AIMF) បានរៀបចំ​ឱ្យមាន​ការិយាល័យ​ប្រចាំ​តំបន់ អាស៊ីអាគ្នេយ៍​របស់ខ្លួន ដែលមាន​ទីតាំងនៅ​អគារ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ក្នុងការ​តាក់តែង ឯកសារ​ផែនទី​បង្ហាញផ្លូវ យុទ្ធសាស្ត្រ ស្តីពី​ទីក្រុង​ឆ្លាត និង​មាន​ចីរភាព​របស់​រាជធានី​ភ្នំពេញ ឆ្នាំ​២០២២-២០៣៥​។ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់ ភាសា​បារាំង (AIMF) បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ស្ដីពី​ជំនួយ​ហិរញ្ញវត្ថុ និង ជំនួយ​បច្ចេកទេស ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ១៤៣.៥០០,០០ អឺរ៉ូ ក្នុង​គោល បំណង​ចូលរួម​លើកកម្ពស់​សមត្ថភាព អនុវត្ត​ការងារ​មួយចំនួន ដូចជា​ការរៀបចំ​លំហ សាធារណៈ​ក្នុង​ទីក្រុង​, ការកែលម្អ​អនាម័យ និង​ការគ្រប់គ្រង​កែច្នៃ​សំណល់​ភក់​បង្គន់ ការគ្រប់គ្រង​ហានិភ័យ និង​ការត្រៀមខ្លួន ទល់នឹង​គ្រោះទឹកជំនន់​៕/V​.mara