ដោយៈ គង់ហេង/ កំពង់ចាម៖ រយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៥ និងថ្ងៃទី ១៦ ឧសភា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បាននាំយកអំណោយដើម្បីចែកជូនក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ដល់លំនៅឋាន និងសួរសុខទុក្ខអ្នករបួសដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
នៅរសៀលថ្ងៃទី ១៥ ឧសភា ម្សិលមិញលោក អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមបានដឹកនាំសហការីចុះដល់លំនៅឋានជនរងគ្រោះជាកម្មករដកដំឡូងនៅភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ដែលបានស្លាប់ចំនួន ប្រាំ នាក់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវកៅស៊ូស្ថិតក្នុងភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ដើម្បីនាំយកអំណោយកាកបាទក្រហមកម្ពុជា និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ នៃសព។
ក្នុងនោះគ្រួសារអ្នកស្លាប់ចំនួន ប្រាំ គ្រួសារ មួយគ្រួសារទទួលបាន៖ អង្ករ ៥០ គីឡូក្រាម,ទឹកសុទ្ធ ពីរ កេស,ទឹកក្រូច ពីរ កេស,ត្រីខ ២០ កំប៉ុង,មី ពីរ កេស និងថវិកា មួយលាន រៀល។ ដោយឡែកអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទឹងត្រង់បានចូលរួមឧបត្ថម្ភ ក្នុងមួយគ្រួសារសពអង្ករ ២៥ គីឡូក្រាម,ទឹកសុទ្ធ,ទឹកត្រី,ទឹកស៊ីអ៊ាវ និងថវិកាមួយចំនួន។
នៅព្រឹកថ្ងៃទី ១៦ ឧសភានេះលោកស្រី ប៉ាង ដានី ជាអនុប្រធានអចិន្រ្តៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក អ៊ុន ចាន់ដា ជាប្រធានបានដឹកនាំសហការី ចុះសួរសុខទុក្ខជនរងគ្រោះដែលរងរបួសធ្ងន់ចំនួន បី នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ជាមួយអ្នកស្លាប់ប្រាំ នាក់ខាងលើ ដែលបាន និងកំពុងសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ នៅលើផ្លូវកៅស៊ូស្ថិតក្នុងភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម នៅពេលប្រជាពលរដ្ឋស៊ីឈ្នួល ប្រាំបី នាក់ ( ប្រុស ម្នាក់) ជិះលើគោយន្ត វិលត្រឡប់មកពីដាំដំឡូង ដល់ពាក់កណ្តាលផ្លូវ ចៃដន្យមានរថយន្ត មួយគ្រឿង បើកច្រាស់ទិស ជែងជាមួយរថយន្តដឹកមាន់ ហើយក៏រេចង្កូតជ្រុលទៅបុកទាំងកម្រោលលើគោយន្តដែលឈប់ស្ងៀម រុញទម្លាក់ប្រឡាយ បណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែង បួននាក់ និងរងរបួស បួន នាក់ ហើយបានស្លាប់ថែម ម្នាក់ទៀត ពេលបញ្ជូនដល់មន្ទីរពេទ្យ៕ P / N