ដោយៈភ្នំសន្ទុក/ព្រះវិហារៈ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លោក សេរី បណ្ឌិត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រះវិហារ រួមជាមួយលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះពិនិត្យបរិមាណទឹកតាមអាងទឹកសំខាន់ៗ និងស្ថានភាពទូទៅនៃការបង្កបង្កើនផលស្រូវ ក្នុងខេត្តព្រះវិហារ។
លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារបានអោយរស្មីកម្ពុជាដឹងថា បរិមាណទឹកនៅតាមអាងទឹកសំខាន់ទូទាំងខេត្ត ត្រូវបានរក្សាទុកនិងមានគ្រប់គ្រាន់ដោយ អាងទឹករក្សា ទឹកនៅកម្ពស់ ៤៥,៦៤ម និងមានទឹកបរបូរតាមដងស្ទឹងសែន ដល់ស្ពានតាកឹង ក្នុងស្រុកគូលែន ដែលអាចបម្រើដល់វិស័យផ្សេងៗជុំវិញ និងវិស័យទឹកស្អាតក្នុងក្រុងព្រះវិហារ បានដោយគ្មានការបារម្មណ៍។ បន្ថែមពីនេះក្នុងដើមខែឧសភា ខេត្តព្រះវិហារមានភ្លៀងធ្លាក់រ៉ាយប៉ាយល្អក្នុងកម្រិត ១៤៩,៤មម។
ទោះជាស្ថានភាពអំណោយផលយ៉ាងនេះក្ដី លោក សេរី បណ្ឌិត បានក្រើនរំលឹកបន្ថែមដល់មន្ទីរខេត្ត ៖ បន្តចុះពិនិត្យ និងយកចិត្តទុកដាក់លើការរក្សាទឹកទុក ការចាត់ចែងប្រើប្រាស់ទឹកដែលមាន ឲ្យមានប្រសិទ្ធភាពខ្ពស់។ បន្តក្ដាប់ព័ត៌មានពីមូលដ្ឋានឲ្យបានរហ័ស មានវិធានការ ទាន់ពេលវេលា និងត្រៀមលក្ខណៈចុះជួយអន្តរាគមន៍ដល់ទីតាំងភ្លាមៗ បើសិនអាចមានបញ្ហាប្រឈមណាមួយ ក្នុងកូនរដូវប្រាំង ដែលអាចកើតមានក្នុងពេលខ្លីខាងមុខ៕ P / N